ក្រសួង​សុខាភិបាល ឲ្យ​ពលរដ្ឋ​មាន​រោគសញ្ញា​ជំងឺគ្រុនឈាម ត្រូវ​ឆាប់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​

17-07-2019 4:54 pm 209
  ស្តាប់
ស្តាប់ជាសំឡេង

​ស្រប​ពេល​ជំងឺគ្រុនឈាម​ផ្ទុះ​ឡើង​ខ្លាំង នៅ​ប្រទេស​កម្ពុជា​នោះ លោក លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ នឹង​ជំងឺឆ្លង  អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​រោគសញ្ញា​ជំងឺគ្រុនឈាម ត្រូវ​ឆាប់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឲ្យបាន​ទាន់​ពេលវេលា​។​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល រូបនេះ​បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​វិធានការណ៍​បង្ការ​និង ការពារ​ការកើត​ជំងឺគ្រុនឈាម​នា​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​។​

​លោក លី សូ​វ៉ាន់ បន្ថែមទៀតថា បច្ចុប្បន្ន​នេះ​ជា​រដូវ​កាល​គ្រុនឈាម ប្រសិនបើ​សង្ស័យថា​ខ្លួន​មាន​ជំងឺគ្រុនឈាម គួរតែ​ទៅ ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​មិនគួរណា​ផ្សំ​ថ្នាំ​ប្រើ​ដោយ​ខ្លួនឯង​នោះទេ ហើយ​បើ​មាន​គ្រុនក្តៅ​ចាប់ពី​៣៨​អង្សា​សេក​ន្លះ ឡើង​ទៅ​គួរ​ទៅ​មន្ទី​ពេទ្យ​ជាបន្ទាន់​។​

​សំឡេង​លោក លី សូ​វ៉ាន់ 

ជាមួយគ្នា​នេះ​ផង​ដែរ លោក លាង រិទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺគ្រុនឈាម​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជម្ងឺគ្រុនចាញ់ នៃ​ក្រសួង​សុខាភិបាល ក៏​បាន​បង្ហាញ​ពី​រោគ​សញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​គ្រុនឈាម​ដូចជា អាការ​ក្តៅខ្លួន​ខ្លាំង ចាប់ពី​៣៨​កន្លះ​អង្សា​សេ​ឡើងទៅ សន្លឹម​ឬ​ឡេះ​ឡះ អស់កម្លាំង​ឈឺ​ចុកចាប់​សាច់ដុំ និង​សន្លាក់​ដៃជើង ឈឺ​នៅក្នុង​ពោះ ស្បែក​ត្រជាក់​ស្អិត ហើយ​ជា​ធម្មតា​រោគសញ្ញា​ទាំងនោះ​មាន​រយៈពេល​២- ៧​ថ្ងៃ​បន្ទាប់​ពី​ដំណាក់កាល​សំងំ​នៃ​មេរោគ​៤-១០​ថ្ងៃ​ក្រោយ​ពី​ការ​ខាំ​នៃ​សត្វ​មូស​ដែល​មាន​ផ្ទុក​មេរោគ​ជំងឺគ្រុនឈាម​។​

​កាលពីដើមឆ្នាំ​២០១៩ ក្រសួង​សុខាភិបាល ក៏​បាន​ត្រៀម​រួចជាស្រេច នូវ​ថ្នាំ​អា​បេត ថ្នាំ​បាញ់​មូស សឺ​រ៉ូម សម្រាប់​ព្យាបាល​ចំនួន និង​បាន​ចែកចាយ​រួចជាស្រេច ទៅដល់​មន្ដ្រី​ក្រុមការងារ​នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ដ ។​ទោះជា​យ៉ាង​ក្ដី ដើម្បី​ចូលរួម​លុប​បាត់​នូវ​ជម្រក​មូស​ខ្លាំ ត្រូវ​ថែរក្សា​នូវ​អនាម័យ​ជាប់​ជានិច្ច គ្មាន​ក ន្លែ​ងដក់​ទឹកជា​ជម្រក​មូ​ស​ខ្លា នោះ​នឹង​គ្មាន​មូស​ខ្លា​ញី​ចម្លង​ជំងឺគ្រុនឈាម នោះទេ​។

​​គួរបញ្ជាក់​ថា គិត​ត្រឹម​ពី​ខែ​មករា ដល់​សប្ដាហ៍​ទី​២​ខែកក្កដា ឆ្នាំ​២០១៩​នេះ​អ្នក​កើត​ជំងឺគ្រុនឈាម មាន​រហូត​ដល់ ទៅ ២១,១៣០​នាក់ ស្លាប់​២៥​នាក់ ក្នុងនោះ​ខេត្ដ​ចំនួន​៩​កំពុង​ប្រឈម និង​១៦​ខេត្ដ​ទៀត​មាន ការថយចុះ​។ ខេត្ដ​ដែល​កំពុង​ប្រឈម ឡើង​ចុះ​នៃ​ជំងឺ​គ្រុនឈាម​នេះ រួមមាន​៖ ខេត្ដ​ព្រៃវែង សៀមរាប ព្រះវិហារ កំពង់ស្ពឺ កណ្ដាល កែប កំពត មណ្ឌលគិរី និង​ក្រចេះ​៕

ព័ត៌មានផ្សេងទៀត