រដ្ឋសភា​អាមេរិក​​បោះឆ្នោត​​គាំទ្រ​​ការ​ថ្កោលទោស​​សម្ដី​​មិន​សមរម្យ​​របស់លោក​ត្រាំ​

17-07-2019 3:16 pm 371

​សមាជិក​រដ្ឋសភា​អាមេរិក​កាលពី​ថ្ងៃ​អង្គារ បាន​បោះឆ្នោត​លើ​សេចក្ដីសម្រេច​មួយ​ថ្កោ​ទោស​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បន្ទាប់ពី​លោក​បាន​បង្ហោះ​សារ​រិះគន់​សមាជិក​រដ្ឋសភា​អាមេរិក​ជា​ស្ដ្រី​។ នៅក្នុង​សេចក្ដីសម្រេច​បានចាត់ទុក​ការលើកឡើង​របស់លោក​ត្រាំ ជា​ការរើសអើង​ពូជសាសន៍​បង្កឲ្យមាន​ការភ័យខ្លា​ច ការ​ស្អប់ខ្ពើម​ដល់​ប្រជាជន​អាមេរិក​ថ្មី និង​ពាក់ព័ន្ធ​ពណ៌​សម្បុរ​ប្រជាជន​អាមេរិក​។ លោក​ត្រាំ​រង​ការចោទប្រកាន់ថា ស្អប់ខ្ពើម​សមាជិកសភា​ជា​ស្ដ្រី​បួនរូប​របស់​គណបក្ស​ប្រជាធិបតេយ្យ ដែល​មិនមែន​ដើមកំណើត​អាមេរិក​និង​មិនមែន​ជនជាតិ​ស្បែក​ស តាមរយៈ​ការនិយាយ​ក្នុងន័យ​ឌឺដង​ឲ្យ​ចាកចេញ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​

​ការបោះឆ្នោត​ក្នុង​រដ្ឋសភា​កាលពី​ថ្ងៃ​អង្គារ សេចក្ដីសម្រេច​នេះ​ទទួលបាន​សំឡេងគាំទ្រ​២៤០​សំឡេង និង​សំឡេង​ប្រឆាំង​១៨៧​សំឡេង​។ ចំណែក​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​សាធារណរដ្ឋ​បួនរូប និង​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ឯករាជ្យ​មួយរូប ក៏​ចូលរួម​ជាមួយ​សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​២៣៥​រូប គាំទ្រ​លើ​សេចក្ដីសម្រេច​ថ្កោលទោស​លោក​ត្រាំ​ដែរ​។​

​នៅក្នុង​សារ​បង្ហោះ​លើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​កាលពី​ថ្ងៃអាទិត្យ លោក​ដូណាល់ ត្រាំ​បាន​និយាយថា សមាជិក​រដ្ឋសភា​អ្នកស្រី​Alexandria Ocasio-Cortez អ្នកស្រី​Ilhan Omar អ្នកស្រី​Ayanna Pressley និង​អ្នកស្រី​Rashida Tlaib ដែលមាន​ដើមកំណើត​មកពី​ប្រទេស​រដ្ឋាភិបាល​ជួប​គ្រោះមហន្ដរាយ គួរតែ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ទៅ​។ លោក​ត្រាំ​បន្ថែមថា “​ប្រទេស​របស់​យើង​ជា​ប្រទេស​សេរី ជា​ប្រទេស​ដ៏​ជោគជ័យ និង​ស្រស់ស្អាត​។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​សប្បាយចិត្ដ​នឹង​រស់នៅ​ទី​នេះទេ អ្នក​អាច​ចាកចេញ​បាន​។​” ប៉ុន្ដែ​លោក​ត្រាំ​បាន​បកស្រាយ​ដែរថា សារ​នៅលើ​ធ្វី​ត​ទ័​រ​មិនមែនជា​ការរើសអើង​ទេ ព្រោះ​លោក​គ្មាន​ការរើសអើង​នៅក្នុង​ឆ្អឹង​និង​ក្នុង​ខ្លួន​របស់លោក​ឡើយ​។ 

​ទោះបីជា​យ៉ាងនេះ​ក៏ដោយ មជ្ឈដ្ឋាន​នយោបាយ​អាមេរិក​ភាគច្រើន សុទ្ធតែ​ថ្កោលទោស​សម្ដី​របស់លោក ចាត់ទុកជា​ការប្រមាថ​ដល់​ស្ដ្រីភេទ​និង​មានបំណង​រើស​អើ​ស​ជាតិ​សាសន៍​។ សមាជិក​រដ្ឋសភា​មួយរូប​ក្នុងចំណោម​បួនរូប បាន​ឆ្លើយតប​ទៅ​សារ​របស់លោក​ត្រាំ​ថា “​អ្នកឯង​ត្រឹមត្រូវ​ហើយ​លោក​ប្រធានាធិបតី​។ អ្នក​គ្មាន​ការរើសអើង​នៅក្នុង​ឆ្អឹង​និង​ក្នុង​ខ្លួន​របស់​អ្នក​ទេ តែ​អ្នកមាន​ការរើសអើង​នៅ​ក្នុងចិត្ដ នៅក្នុង​ក្បាល នៅក្នុង​បេះដូង និង​នៅក្នុង​ទ្រូង​របស់​អ្នក​។​” 

​ភ្លាមៗ​បន្ទាប់ពី​ការបោះឆ្នោត​នៅក្នុង​រដ្ឋសភា សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ម្នាក់ បាន​ដាក់ពាក្យ​ប្ដឹង​ប្រឆាំង​លោក​ដូណាល់ ត្រាំ​។ ចំណែក​សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើនរូប​ទៀត ត្រូវបាន​គេ​រាយការណ៍​ថា​បាន​អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត ជុំវិញ​ការចោទប្រកាន់​លើ​លោក​ត្រាំ ប៉ុន្ដែ​លោកស្រី​ប្រធានរដ្ឋសភា​មិន​ពេញចិត្ដ​នឹង​ការទាមទារ​នៅពេលនេះ​ទេ ទោះបីជា​លោកស្រី​ក៏​មិន​សប្បាយចិត្ដ​នឹង​សម្ដី​របស់​លោកត្រាំ​ក៏ដោ​យ​៕

ព័ត៌មានផ្សេងទៀត