រដ្ឋាភិបាល​ ខកចិត្ត​​នឹង​សភា​អាមេរិក ​ដែល​បានអនុម័ត​ច្បាប់​​ដាក់ទណ្ឌកម្ម​​មន្ត្រី​កម្ពុជា​​

17-07-2019 11:37 am 797
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ សម្តែង​ការសោកស្តាយ​ជា​ពន់ពេក ក្រោយ​សភាតំណាងរាស្ត្រ​អាមេរិក បានអនុម័ត​ច្បាប់​«​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០១៩ » និង​បដិសេធ​ដាច់អហង្ការ នូវ​ការចោទប្រកាន់​ទាំងឡាយ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​។​

​រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​សេចក្តីព្រាងច្បាប់ ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​គេ​សន្មត់​ថា មាន​ការជាប់​ពាក់ព័ន្ធ​ទៅនឹង​ការធ្លាក់ចុះ ឬ​ដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ គឺ​កាន់តែ​បង្ក​ការរំខាន​ថ្មី​បន្ថែមទៀត នៅពេល​បុគ្គល​សាធារណៈ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការដាក់ទណ្ឌកម្ម ពី​សំណាក់​រដ្ឋ​មួយ​ផ្សេងទៀត ដោយ​ផ្អែកលើ​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន ដែល​នេះ​គឺជា​ការរំលោភ​យ៉ាង​ជាក់​ស្តែក​លើ​គោលការណ៍​អន្តរជាតិ ស្តីពី​អធិបតេយ្យភាព សមភាព មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង ដូច​មានចែង​ក្នុង​មាត្រា​២​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​

​បន្ថែម​ពីលើ​នេះ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស ចាត់ទុក​ការអនុម័ត​សេចក្តីព្រាងច្បាប់​នេះ គឺ​ផ្ទុយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​នៃ​ប្រទេស​ទាំងពីរ ដែល​កំពុងប្រកាន់យ​កការ​លើកកម្ពស់​ភាពជា​ដៃគូ​គ្រប់​វិស័យ ដោយ​ផ្អែកលើ​ផលប្រយោជន៍​រួម និង​ការគោរព​គ្នា​ទៅវិញទៅមក​។​ប៉ុន្តែ បើទោះជា​មាន​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី ​ពី​អាមេរិក​យ៉ាងនេះក្តី ក៏​រដ្ឋាភិបាល​កម្ពុជា នៅតែ​គោរព​អភិក្រម​វិជ្ជមាន ប្រកបដោយ​ភាពស្មោះត្រង់ ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិកា​រជាមួយ​អាមេរិក លើ​វិស័យ​ជាច្រើន​ទៀត​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ទទូច​ជាថ្មី​ដល់​អង្គនីតិប្បញ្ញត្តិ​បរទេស​ទាំងអស់ ត្រូវ​រក្សា​ឲ្យបាន​នូវ​ភាព​ឥត​លម្អៀង​របស់ខ្លួន ចៀសវាង​នូវ​សកម្មភាព​មិនចាំបាច់​នានា ដែល​មិន​គោរព​ដល់​អធិបតេយ្យភាព និង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។​

​ជា​ការកត់សម្គាល់ ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តីស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ដែលមាន​ឈ្មោះថា (Cambodia Democracy Act) ឬ H.R. 526 ដើម្បី​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា និង ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។​

​ច្បាប់​នេះ នឹង​បើកផ្លូវ​ឱ្យ​អាមេរិក​អាចដាក់​ទណ្ឌកម្មសេដ្ឋកិច្ច និង ទិដ្ឋាការ​លើ​មន្ត្រី​យោធា និង ស៊ីវិល​របស់​កម្ពុជា​ណា​ ដែល​អាមេរិក​គិតថា មាន​ការជាប់​ពាក់ព័ន្ធ​ទៅនឹង​ការធ្លាក់ចុះ ឬ​ដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ។ ទណ្ឌកម្ម​ទាំងនោះ ​រួមមាន​ពីរ​ធំៗ គឺ​ទីមួយ បិទ​ទិដ្ឋាការ ដោយ​មិនឱ្យ​មន្ត្រី និង​អ្នកពាក់ព័ន្ធ​ទាំងនោះ ចូល​ទឹកដី​អាមេរិក និង​ទី​ពីរ គឺ​បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​មន្ត្រី និង អ្នកពាក់ព័ន្ធ​។​ការអនុម័ត​នេះ គ្រាន់តែ ជា​ជំ​ហ៊ាន​ដំបូង ឯ​ជំហាន​បន្ទាប់ គឺ​នឹងត្រូវ​បញ្ជូនទៅ​សភា​ជាន់ខ្ពស់ (​ព្រឹទ្ធសភា​) ដើម្បី​ពិនិត្យ និង អនុម័ត មុននឹង​បញ្ជូនទៅ​ប្រធាធិបតី​ចុះហត្ថលេខា ប្រកាសសុពលភាព​ដាក់ឱ្យ​ប្រើប្រាស់​៕

ព័ត៌មានផ្សេងទៀត