អាមេរិក​​ដាក់ទណ្ឌកម្ម​​ប្រមុខ​យោធា​​មី​យ៉ាន់​ម៉ា​ករណីស​ម្លាប់​​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​

17-07-2019 11:17 am 205

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​១៦​កក្កដា​បានប្រកាស​ដាក់ទណ្ឌកម្ម លើ​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​លោក​Min Aung Hlaing និង​មន្ដ្រី​យោធា​ជាន់ខ្ពស់​មួយចំនួនទៀត ជុំវិញ​ការសម្លាប់​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​ហាម​មិនឲ្យ​មន្ដ្រី​ទាំងនោះ​ចូលជាន់​ទឹកដី​អាមេរិក​ឡើយ​។ រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​Mike Pompeo បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា អាមេរិក​នៅតែ​ព្រួយបារម្ភ​ជាខ្លាំង​ដោយហេតុថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​មិនបាន​ចាត់វិធានការ​ទទួលខុសត្រូវ​លើ​ការរំលោភបំពាន​សិទ្ធិមនុស្ស​ឡើយ​។ មិន​ត្រឹម​មិន​ចាត់វិធានការ​ទប់ស្កាត់ ថែមទាំង​មាន​របាយការណ៍​បង្ហាញ​ថា​យោធា​មី​យ៉ាន់​ម៉ា នៅ​បន្ដសកម្មភាព​រំលោភបំពាន​សិទ្ធិមនុស្ស​ទូទាំងប្រទេស​ដដែល​។​

​លោក​Pompeo​បញ្ជាក់​បន្ថែមថា បទបញ្ជា​ចេញ​ដោយ​ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា​លោក​Min Aung Hlaing ឲ្យ​ដោះលែង​ទាហាន​រង​ការចោទប្រកាន់​ពីបទ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ ពេល​ពួកគេ​ធ្វើ​យុទ្ធនាការ​បោសសម្អាត​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ក្នុង​ឆ្នាំ​២០១៧ ជា​ឧទាហរណ៍​ជាក់ស្ដែង​មួយ​បង្ហាញ​ពី​កង្វះ​ការទទួលខុសត្រូវ​ផ្នែក​យោធា​។ លោក​រដ្ឋមន្ដ្រី​សង្កត់ធ្ងន់ថា ទាហាន​ប្រព្រឹត្ដ​អំពើ​ឃោ​ឃៅ​ទាំងនោះ​ជាប់ពន្ធនាគារ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ខណៈ​អ្នកកាសែត​ដែល​គ្រាន់​ប្រកាសប្រាប់​ពិភពលោក​ពី​ការសម្លាប់​នេះ បែរជា​ត្រូវ​ជាប់ពន្ធនាគារ​រហូត​ដល់​ជាង​មួយឆ្នាំ​។ អំពើ​សម្លាប់​យ៉ាង​រង្គាល​នៅ​ក្នុងភូមិ​Inn Din ត្រូវបាន​លាតត្រដាង​ដោយ​អ្នកកាសែត​Reuters​ពីររូប ហើយ​អ្នកកាសែត​ទាំង​ពីររូប​ត្រូវ​ជាប់ពន្ធនាគារ​ជាង​១៦​ខែ ពីបទ​ផ្សព្វផ្សាយ​អាថ៌កំបាំង​រដ្ឋ ទើប​លើកលែងទោស​កាលពី​ថ្ងៃទី​០៦​ឧសភា​។​

​ការប្រកាស​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក ធ្វើឡើង​ក្នុង​ថ្ងៃ​ដំបូង​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​អន្ដរជាតិ​មួយ ស្ដីពី​សេរីភាព​សាសនា​រៀបចំឡើង​ដោយ​លោក​Pompeo នៅ​ក្រសួងការបរទេស​អាមេរិក​។ ក្នុងនោះ​មាន​តំណាង​របស់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ចូលរួម​ផងដែរ​។​

​សូម​រម្លឹកថា យុទ្ធនាការ​បង្ក្រាប​របស់​យោធា​ក្នុង​ឆ្នាំ​២០១៧ បណ្ដាលឲ្យ​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជម្លៀស​ខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែសជាង​៧៣​ម៉ឺន​នាក់​។ ក្រុម​ស៊ើបអង្កេត​អង្គការសហប្រជាជាតិ​បាន​និយាយថា ប្រតិ​បត្ដិកា​ររបស់​យោធា​រួមបញ្ចូល​ការសម្លា​ប់​មនុស្ស ចាប់រំលោភ ការដុត​បំផ្លាញ​ផ្ទះសម្បែង ដែល​ត្រូវបាន​ចាត់ទុកជា​ចេតនា​ប្រល័យពូជសាសន៍​។ ក្រុម​ស៊ើបអង្កេត​បន្ដថា ក្នុង​ខែ​នេះ​កងកម្លាំង​សន្ដិសុខ​មី​យ៉ាន់​ម៉ា​និង​ក្រុម​ឧទ្ទាម បានធ្វើ​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​ប្រឆាំង​ជន​ស៊ីវិល ដែល​អាចជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ថ្មី​មួយទៀត​៕

ព័ត៌មានផ្សេងទៀត