​ផ្លូវជាតិ​មួយចំនួន​​នឹង​បង្កប់​កាមេរ៉ា​​ដើម្បី​ចាប់​ផាកពិន័យ​​អ្នកបើកបរ​ល្មើស​ល្បឿន​​

17-07-2019 10:24 am 232
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​ឱ្យដឹងថា នៅតាម​ដងផ្លូវ​មួយចំនួន​ក្រសួង​នឹង​បំពាក់​កាមេរ៉ា ដើម្បី​ចាប់​ផាកពិន័យ​អ្នកបើកបរ​លើស​ល្បឿន​កំណត់ ហើយ​ក្រដាស​ផាកពិន័យ​នឹង​បញ្ជូនទៅ​ដល់ផ្ទះ​អ្នកបើកបរ​លើស​ល្បឿន​កំណត់​តែម្ដង​……………

​សំឡេង​៖

​ការបញ្ជាក់​យ៉ាង​ដូច្នេះ​របស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ ធ្វើឡើង​ក្រោយ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការបង្កើន​សុវត្ថិភាព​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់​ក្នុងប្រទេស​កម្ពុជា រវាង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជាមួយ​ក្រុមហ៊ុន​មី​ឆែ​លីន រ៉ូ និង​ក្រុមហ៊ុន​វើល​ប្រ៊ី​ជ ត្រេ​ឌី​ង ក្នុង​រយៈពេល​២​ឆ្នាំ​។ លោក ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​មាននៅ​កម្ពុជា​នា​ពេលបច្ចុប្បន្ន ភាគច្រើន​បាន​បង្កឡើង​ដោយ​ការបើកបរ​ហួស​ល្បឿន​កំណត់​, បើកបរ​មិន​ប្រុងប្រយ័ត្ន​, ប្រើប្រាស់​គ្រឿង​ស្រវឹង​, វ៉ា​ជែង​ដោយ​មិនបាន​ប្រុងប្រយ័ត្ន ហើយ​រថយន្ត​ខ្លះទៀត មិនបាន​យកទៅ​ធ្វើ​ការត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ ដោយ​ពេលខ្លះ​សំបក​កង់​សឹក ធ្វើឱ្យ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ជាដើម​។ 

​លោក ស៊ុន ចាន់ថុល ក៏​បានឱ្យដឹង​ផងដែរ​ថា ផ្លូវ​ដែល​ទើប​សាងសង់​ថ្មី និង​កំពុង​សាងសង់ ដើម្បី​ឱ្យមាន​គុណភាព ក្រសួង​សាធារណការ បាន​ស្នើសុំ​ឱ្យមាន​អ្នកបច្ចេកទេស​មកពី​ប្រទេស​ចិន ជួយ​ពិនិត្យមើល​។ ក្រុម​ជំនាញការ​របស់​ចិន បាន​ពិនិត្យ​ផ្លូវ​រួចរាល់​ហើយ ហើយ​បាន​រកឃើញថា មាន​ផ្លូវ​ខ្លះ​ល្អ និង​ផ្លូវ​ខ្លះ​មិនទាន់​ល្អ​។ សម្រាប់​ផ្លូវ​ដែល​រកឃើញថា មិនទាន់​ល្អ​ក្រសួង នឹង​ធ្វើឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ដាក់​ស្លាក​សញ្ញា​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​។ ម្យ៉ាងវិញទៀត​លោក ក៏បាន​បង្ហើប​ឱ្យដឹងថា ក្រសួង​សាធារណការ បានធ្វើការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ដើម្បី​សុំ​ជំនួយ​យកមក​គូស​គំនូស​ផ្លូវ នៅតាម​ដងផ្លូវ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​បើតាម​លោក ស៊ុន ចាន់ថុល ផ្លូវ​សំខាន់ៗ​ដែល​បង្កប់​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ចាប់​ផាក​ន័យ​អ្នកបើកបរ​ល្មើស​ល្បឿន​កំណត់​នោះ​រួមមាន ផ្លូវជាតិ​លេខ​៣ ផ្លូវ​៤១ ផ្លូវ​៣១ ផ្លូវ​៣៣ និង​ផ្លូវ​ផ្សេងៗ​ទៀត​៕

ព័ត៌មានផ្សេងទៀត