មេធាវី​លោក​ស ខេង ចូល​បំភ្លឺ​នៅ​តុលាការ ក្នុងនាម​ដើមបណ្តឹង លើ​លោក​សម រង្ស៊ី

17-07-2019 9:45 am 513
  ស្តាប់
ស្តាប់ជាសំឡេង

​មេធាវី​របស់លោក​ស ខេង ចំនួន​៣​រូប មាន​លោក​ហាក់ សៀក​លី​, លោក​ចៅ ប៊ុន​ហួន និង​លោក​ពេជ្រ សូរិយា បាន​ចូល​បំភ្លឺ​ជូន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ កក្កដា នេះ ក្នុងនាម​ដើមបណ្តឹង​លើ​ដំណើរការ​ប្តឹង​លោក​សម រង្ស៉ី ពីបទ​ញុះញង់​។​

​កាលពី​ថ្ងៃទី​០២ កក្កដា ឆ្នាំ​២០១៩ កន្លងទៅ ក្រុម​មេធាវី​លោក​ស ខេង បានដាក់​ពាក្យបណ្តឹង​មួយ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​លោក​សម រង្ស៉ី ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​

​បណ្តឹង​នេះ ធ្វើឡើង បន្ទាប់ពី​លោក​សម រង្ស៊ី សរសេរ​លើ​ហ្វេ​សប៊ុក​របស់លោក​កន្លងមក​ថា លោក​ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ មាន​គម្រោង​សងសឹក​ឲ្យ​ឪពុក គឺ​លោក ហុក ឡុង​ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ដែល​លោក​សម រង្ស៊ី​អះអាងថា ជា​ករណី​ឃាតកម្ម​ដាក់​គ្រាប់បែក​បំផ្ទុះ​ក្នុង​ឧទ្ធម្ភាគចក្រ កាលពី​ឆ្នាំ​២០០៨ ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ហ៊ុន សែន​។ លោក​សម រង្ស៊ី និយាយថា លោក​ឌី វិជ្ជា ដែលជា​កូនប្រុស​របស់ លោក​ហុក ឡង់ឌី កំពុង​រៀបចំ​ផែនការ​សងសឹក ដោយមាន​ការគាំទ្រ​ពី​លោក​ស ខេង​។ លោក​សម រង្ស៊ី​ថា លោក​ស ខេង បាន​គាំទ្រ​គម្រោង​របស់លោក​ឌី វិជ្ជា ហើយ​ថា​លោក​ហ៊ុន សែន បានដឹង​ផែនការ​នេះ និង​កំពុង​រៀបចំ​ផែនការ​ដក​លោក​ស ខេង ចេញពី​តំណែង​។​

​ក្នុង​បណ្តឹង លោក​ស ខេង បានទាមទារ​ឱ្យ​តុលាការ ចាត់ការ​លោក​សម រង្ស៉ី ទៅតាម​ផ្លូវច្បាប់​ឱ្យបាន​ធ្ងន់ធ្ងរ​បំផុត និង​បាន​ទារ​សំណង​ជំងឺ​ចិត្ត​១​លាន​ដុល្លារ ពី​លោក​សម រង្ស៊ី​។​

​យ៉ាងណា​លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផង កាលពី​ថ្ងៃទី​០៨ កក្កដា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់ថា ការដាក់​ពាក្យ​ប្តឹង លោក​សម រង្ស៉ី ទៅ​តុលាការ​នេះ គឺជា​បណ្តឹង​លើកដំបូង​ក្នុង​ជីវិត​របស់លោក ហើយ​បណ្តឹង​នេះ ក៏​ជាការ​ដាស់តឿន​ស្មារតី​ដល់​អ្នកនយោបាយ​មួយចំនួន ឲ្យ​ប្រកាន់ខ្ជាប់​នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និង​គុណធម៌​ក្នុង​វិជ្ជាជីវៈ ចៀសវាង​ការ​ប្រឌិត​ព័ត៌មាន ដើម្បី​ញុះញង់​បំផុសបំផុល ក្នុង​ចេតនា​ទុច្ចរិត​មួលបង្កាច់ និង​បំបែកបំបាក់ ដើម្បី​បំពេញ​គោលបំណង និង​មហិច្ឆិតា​អគតិ​របស់ខ្លួន និង​ក្រុម​ខ្លួន​៕
 

 ពាក្យគន្លឹះ  លោកសខេងលោកសមរង្ស៊ី

ព័ត៌មានផ្សេងទៀត