រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនចំនួន២ កាលពីរសៀលថ្ងៃទី១៦ កក្កដា ។ តាមរយៈអនុស្សរណៈនេះ លោក ស៊ុន ចាន់ថុល រំពឹងថា នឹងអាចជួយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានជោគជ័យខ្ពស់...
ក្រសួងសាធារណការនិងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៦ កក្កដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយក្រុមហ៊ុនមីឆែលីន និងក្រុមហ៊ុនវើលដ៍ប្រ៊ីដ ត្រេឌីង ស្តីពីការបង្កើនសុវត្ថិភាពចរាចរណ៍នៅលើផ្លូវថ្នល់ ក្នុងប្រទេសកម្ពុជា ។
អនុស្សរណៈនេះ ធ្វើឡើងដើម្បីបង្កើតកិច្ចសហការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ក្រោមគម្រោង សុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ក្រុមហ៊ុន Michelin ។
គម្រោងនេះ មានរយៈពេល២ឆ្នាំ ដោយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រោមការគាំទ្រហិរញ្ញវត្ថុ ចំណេះធ្វើ និងជំនាញបច្ចេកទេសពីក្រុមហ៊ុន Michelin ROH សម្របសម្រួលគម្រោង និងផ្តល់វិភាគទានហិរញ្ញវត្ថុដោយក្រុមហ៊ុន WorldBridge ។
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ៦នាក់ក្នុងមួយថ្ងៃ និងបានបំផ្លាញទ្រព្យសម្បត្តិជាង៤០០លានដុល្លារក្នុងមួយឆ្នាំ ។
តាមរយៈគម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ក្រុមហ៊ុន Michelin លោករដ្ឋមន្ត្រីបានសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះ នឹងអាចជួយជំរុញឱ្យយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិកម្ពុជាអាចទទួលបានជោគជ័យខ្ពស់ ៕