គយ​ខេត្ត​ព្រះសីហនុ​បង្ក្រាប​កុងតឺន័រ​៨៣​ទូរ​ផ្ទុក​កាកសំណល់​សំរាម​ពី​បរទេស​

16-07-2019 6:57 pm 1351

​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​រសៀល​ថ្ងៃទី​១៦ កក្កដា បាន​បង្ក្រាប​កុងទឺន័រ​ចំនួន​៨៣​ទូ​រ រកឃើញ​មាន​ផ្ទុក​កាកសំណល់​សំរាម​ជា​ផ្លា​ស្ទិក នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ។ យ៉ាងណា​ក៏​ដោយ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​កម្ពុជា​ថ្លែងថា កម្លាំង​ជំនាញ​នឹង​ធ្វើ​ការស៊ើបអង្កេត​ស៊ីជម្រៅ ដើម្បី​ស្វែងរក​ប្រភព​និង​ឫសគល់​នៃ​ការនាំ​ចូល​សំរាម​មក​កម្ពុជា...

​កម្លាំង​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​រសៀល​ថ្ងៃ​ទី​១៦ កក្កដា បាន​បើក​ប្រតិបត្តិការ​បង្ក្រាប ដោយ​រក​ឃើញ​កុងទឺន័រ​ចំនួន​៨៣​ទូ​រ មាន​ផ្ទុក​កាកសំណល់​សំរាម​ប្លា​ស្ទិក ដែល​គេ​បោះចោល លួច​នាំ​ចូល​មក​ពី​បរទេស ។​

​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​កម្ពុជា ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ដដែល​ថា ក្រោយ​បង្ក្រាប ក្រសួង​បរិស្ថាន និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ បានសម្រេច​គាស់​កុងទឺន័រ​ទាំងអស់នោះ ដើម្បី​ពិនិត្យ​ជាក់ស្តែង​នៅ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ ។​

​លោក នេត្រ ភ​ក្ត្រា បញ្ជាក់ថា សមត្ថកិច្ច​នឹង​កំណត់​រក​ប្រភព​នៃ​ទំនិញ​ហាមឃាត់​ដែល​ត្រូវបាន​រកឃើញ​ទាំងនេះ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រភពដើម​វិញ និង​ផាកពិន័យ​ទៅ​លើ​ក្រុមហ៊ុន​ដែល​នាំ​ចូល​មក​នោះ​តាម​ច្បាប់​ជា​ធរមាន ។ ក្រសួង​បរិស្ថាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ នឹង​ធ្វើ​ការស៊ើបអង្កេត​ស៊ីជម្រៅ​បន្ថែមទៀត ដើម្បី​ស្វែងរក​ប្រភព និង​ឫសគល់​ដែលនាំឱ្យ​មាន​ការ​នាំចូល​សំណល់​សំរាម​នេះ​មក​កម្ពុជា ។​

​លោក​បន្តថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យមាន​ជា​ដាច់ខាត​ចំពោះ​ការនាំ​ចូល​សំណល់​ប្លា​ស្ទិក​មក​កែច្នៃ​នៅ​កម្ពុជា ។ កម្ពុជា​មិនមែន​ជា​ធុងសំរាម​សម្រាប់​ការ​បោះចោល​បច្ចេកវិទ្យា​ហួស​សម័យ​ទេ ហើយ​រដ្ឋាភិបាល​ជំទាស់​ជានិច្ច នឹង​ការ​នាំចូល​សំណល់​ប្លា​ស្ទិក និង​ប្រេងម៉ាស៊ីន​មក​កែច្នៃ​នៅ​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត