ក្រសួង​រ៉ែ​ប្រមូល​ចំណូល​វិស័យ​រ៉ែ​ថាមពល និង​ប្រេងកាត​ជាង​១១​លាន​ដុល្លារ​

16-07-2019 4:02 pm 214

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​អនុវត្ត​ការងារ​ឆមាស​ទី​១ តម្រង់​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៩ នា​ថ្ងៃ​ទី​១៦ ខែកក្កដា​នេះ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់​ថា គិត​ត្រឹម​ដំណាច់​ខែ​ឧសភា ឆ្នាំ​២០១៩ ប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ ថាមពល និង​ប្រេងកាត បាន​ចំនួន ៤៥.៥៣​ពាន់​លាន​រៀល ឬ​ជាង​១១​លាន​ដុល្លារ​អាមេរិក ស្នើ​នឹង​៥៥.១៦% នៃ​ច្បាប់​ហិរញ្ញវត្ថុ​។​

​លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​ជំរុញ​ឱ្យ​ក្រសួង​រៀបចំ​បាន​នូវ​សមត្ថភាព​ជាតិ​មួយ សម្រាប់​ការគ្រប់គ្រង និង​ការបង្កើត​បន្ថែម នូវ​ខឿន​ឧស្សាហកម្ម​និស្សា​រណកម្ម ដែល​នឹង​ចូលរួម​ចំណែក​កាន់តែ​សំខាន់​ថែម​ទៀត នៅក្នុង​ការអភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​សង្គម របស់​កម្ពុជា​នា​ឆ្នាំ​២០១៩ ដែល​ជា​ឆ្នាំ​នៃ​ការបង្កើន​ផល​នេះ និង​ឆ្ពោះទៅ​បណ្តា​ឆ្នាំ​ខាងមុខ ដែល​ក្រសួង​រ៉ែ និង​ថាមពល បាន​កំណត់ថា​ជា «​អាណត្តិ​នៃ​ការប្រមូល​ផល​»​។​

​សូមបញ្ជាក់​ថា រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៦-១៧ ខែកក្កដា​នេះ ក្រសួង​រ៉ែ និង​ថាមពល បាន​និង​កំពុង​បើក​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការអនុវត្ត​ការងារ​ឆមាស​ទី​១ តម្រង់​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៩ កម្មវិធី​ការងារ​ឆ្នាំ​២០២០ និង​ប្រកាស​តែងតាំង​សម្រួល​ភារកិច្ច ជូន​មន្ត្រីរាជការ​ក្រសួង​រ៉ែ និង​ថាមពល នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​ក្នុង​សម័យ​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​នេះ ក្រសួង​រ៉ែ និង​ថាមពល នឹង​ពិនិត្យ​ឡើងវិញ​អំពី​សកម្មភាព និង​សមិទ្ធផល​ការងារ ដែល​សម្រេច​បាន​វឌ្ឍន​ភាព នៃ​ការអភិវឌ្ឍ​វិស័យ​រ៉ែ និង​ថាមពល រួម​ទាំង​ប្រេងកាត និង​អគ្គិសនី ព្រម​ទាំង​ការ​ប្រឈម​នានា ក្នុង​រយៈកាល​មួយ​ឆ្នាំ​មាន​កន្លងមក ដើម្បី​តម្រង់​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៩ និង​កំណត់​កម្មវិធី​ការងារ​សម្រាប់​ឆ្នាំ​២០២០ ផងដែរ​៕

ព័ត៌មានផ្សេងទៀត