នៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩នេះ ប៉ាគីស្ថានបានជូនដំណឹង អំពី ការបើកដំណើរការផ្លូវអាកាស ស្ថិតនៅប៉ែកខាងកើតប្រទេស អូសបន្លាយតាមបណ្តោយព្រំដែនឥណ្ឌានិងប៉ាគីស្ថាន ឡើងវិញ ក្រោយផ្អាកអស់រយៈពេលជិត៥ខែ។ នៅក្នុងនោះ គេនឹងអនុញ្ញាតឲ្យជើងហោះហើរស៊ីវិលទាំងអស់ អាចធ្វើចរាចរណ៍បានជាធម្មតា។ ប៉ាគីស្ថានបានបិទ មិនឲ្យធ្វើចរាចរណ៍ផ្លូវអាកាសបណ្តោះអាសន្ន កាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៩ នៅពេលផ្ទុះជម្លោះជាមួយប្រទេសឥណ្ឌា នៅតំបន់ព្រំដែនប៉ាគីស្ថាន-ឥណ្ឌា។
ឥណ្ឌាបានបើកការវាយប្រហារក្នុងដែនដីប៉ាគីស្ថាន ដោយផ្តោតលើគោលដៅក្រុមសកម្មប្រយុទ្ធ ដើម្បីសងសឹក ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត នៅតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌា បានផ្តាច់ជីវិតទាហានឥណ្ឌាជាង៤០នាក់។ ឥណ្ឌាចោទប៉ាគីស្ថានថា បានផ្តល់ជម្រកឲ្យក្រុមសកម្មប្រយុទ្ធស្នាក់នៅ ហើយក្រុមសកម្មប្រយុទ្ធនេះ តែងតែលួចឆ្លងព្រំដែន មកវាយប្រហារលើឥណ្ឌាជារឿយៗ។ ឥណ្ឌានិងប៉ាគីស្ថានមិនសូវត្រូវរ៉ូវគ្នាទេ គឺងាយនឹងផ្ទុះជម្លោះជាមួយគ្នាណាស់ ដោយសារតែប្រទេសទាំងពីរនេះ ធ្លាប់មានប្រវត្តឈ្លោះគ្នារឿងដែនដីនៅតំបន់កាស្មៀយ៉ាងជូរចត់។ កាស្មៀត្រូវបានពុះចែកជាពីរ ម្ខាងឥណ្ឌាគ្រប់គ្រងនិងម្ខាងទៀតប៉ាគីស្ថានគ្រប់គ្រង ចាប់តាំងពីបញ្ចប់ការគ្រប់គ្រង ដោយអាណានិគមអង់គ្លេសនៅឆ្នាំ ១៩៤៧។ ប៉ុន្តែភាគីទាំងពីរ នៅតែបន្តចោទប្រកាន់ ថាបានឈ្លានពានលើទឹកដីគ្នាទៅវិញទៅមក៕