កម្ពុជា​-​ថៃ ​បង្កើត​មណ្ឌល​​សំចត​ សម្រាប់​ជនរងគ្រោះ​​ដោយ​អំពើ​ជួញដូរ​ នៅ​ប៉ោយប៉ែត​​

16-07-2019 3:02 pm 142
  ស្តាប់
រូបភាពពីFN
ស្តាប់ជាសំឡេង

​ជា​ការអបអរ​ខួប​គំរប់​ខួប​៧០​ឆ្នាំ នៃ​សម្ព័ន្ធភាព​កម្ពុជា​-​ថៃ ភាគី​ទាំងពីរ បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ក្នុង​ការកសាង​មជ្ឈមណ្ឌល​សំចត សម្រាប់​ជនរងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស នៅ​ក្រុង​ប៉ោយប៉ែត ដែល​អាច​នឹង​ដំណើរការ​នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ​។ នេះ បើតាម​ការបញ្ជាក់ ពី​លោក​ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នី​សម្បទា​។ ឯ​ភាគី​ថៃ ដឹកនាំ​ដោយ លោក​ភិ​ឈិត ប៊ុន​ស៊ុទ អគ្គ​រាជទូត និង​ជា​ប្រធាន​បេសកកម្ម​នៃ​ប្រទេស​ថៃ​។​

​ការសម្រេច​កសាង​មជ្ឈមណ្ឌល​សំចត សម្រាប់​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស នៅ​ក្រុង​ប៉ោយប៉ែត ត្រូវបាន​ភាគី​ទាំងពីរ​អះអាងថា គឺ​បានបង្ហាញ​ពី​ចំណុច​ចាប់ផ្តើម​ជា​វិជ្ជមាន របស់​កម្ពុជា​-​ថៃ លើ​ការពង្រឹង និង​គ្រប់គ្រង​ករណី នៃ​ការធ្វើ​មាតុភូមិនិវត្តន៍ និង សមាហរណកម្ម​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស (SOP) នៅក្នុង​ប្រទេស​ថៃ ដែល​កម្ពុជា និង​ថៃ​បាន​ចុះហត្ថលេខា​រួមគ្នា កាលពី​ថ្ងៃទី​២២ មេសា ឆ្នាំ​២០១៩ កន្លងមក​។​

​កាលនោះ គឺ​រដ្ឋ​ភាគី​ទាំង​២ ត្រូវ​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ពេញលេញ ដើម្បី​ធានា​នូវ​ការធ្វើ​មាតុភូមិនិវត្តន៍ និង​សមាហរណកម្ម ជា​ប្រព័ន្ធ​ប្រកបទៅដោយ​សុវត្ថិភាព និង​និរន្តរភាព ក្រោម​វិសាលភាព នៃ​កិច្ចសហប្រតិបត្តិការ រួមមាន ទី​១ ការផ្លាស់ប្តូរ​ព័ត៌មាន​ពី​ជនរងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស ក្នុង​គោលបំណង​ធ្វើ​មាតុភូមិនិវត្តន៍ និង​សមាហរណកម្ម​។ ទី​២ ការសម្របសម្រួល​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍ និង​សមាហរណកម្ម​។ ទី​៣ ការសម្របសម្រួល​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​ដល់​ជនរងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស​ និងទី​៤ ការតាមដាន​ត្រួតពិនិត្យ និង​ការប៉ាន់ប្រមាណ​លទ្ធផល នៃ​ការធ្វើ​មាតុភូមិនិវត្តន៍ និង​សមាហរណកម្ម​។

​បើតាម​ការបញ្ជាក់​ជំហរ ក្រោយ​មាន​ការចុះហត្ថលេខា​រួមគ្នា ភាគី​កម្ពុជា​-​ថៃ បានបង្ហាញ​ជំហរ​សហការគ្នា​អនុវត្ត លើ​កិច្ចព្រមព្រៀង​លុបបំបាត់ និង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស ឲ្យនៅ​មាន​តិចតួច​បំផុត ហើយ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស នឹង​ត្រូវបាន​លើកតម្កើង និង​ឲ្យមាន​សមភាព កុំឲ្យ​មានភាព​រើសអើង ហើយក៏​ដើម្បី​ជួយ​ឲ្យ​ជីវិត​របស់​ជនរងគ្រោះ មាន​ភាពល្អប្រសើរ​ជាង​មុន​៕

ព័ត៌មានផ្សេងទៀត