លោក​ឌុយ​ទែ​តេពិចារណា​ផ្តាច់ទំនាក់ទំន​ង​ការទូត​ជាមួយ​អ៊ី​ស្លង់​

16-07-2019 2:31 pm 173

​ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ កំពុង​ពិចារណា​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត ជាមួយ​ប្រទេស​អ៊ី​ស្លង់ បន្ទាប់ពី​ប្រទេស​ជាង​២០ កាលពី​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៩ បានចេញ​សេចក្តីអំពាវនាវ​មួយ ឲ្យ​អង្គការសហប្រជាជាតិ បើក​ការស៊ើបអង្កេត លើ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ហ្វីលីពីន ដែល​ដឹកនាំ​ដោយ​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​។ ប្រទេស​អ៊ី​ស្លង់​ជា​អ្នក​បញ្ជូន​ពង្រាង​សេចក្ដីសម្រេច​មួយ​នោះ ដែល​គាំទ្រ​ភាគច្រើន​ពី​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​។ នៅក្នុង​សេចក្ដី​ពង្រាង​នោះ ជំរុញ​ឲ្យ​រដ្ឋាភិបាលលោក​ឌុយ​ទែ​តេ រារាំង​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ស្នើឲ្យ​ដោះស្រាយ​ជាបន្ទាន់​។​

​លោក​ឌុយ​ទែ​តេបាន​ហៅ អ៊ី​ស្លង់​ដែលជា​ប្រទេស មាន​ផែន​ទឹកកក​ច្រើន​គ្រប់​ដណ្តប់​នៅ​ផ្ទៃ​ប្រទេស​ទាំងមូល ថា​គ្រាន់តែ​ជា​ដុំ​ទឹកកក គឺជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​ទឹកកក​ច្រើន មិន​យល់​អំពី​បញ្ហា​សង្គម សេដ្ឋកិច្ច​និង​នយោ​បាយ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ទេ​។​

​គួរ​ជម្រាបជូន​ថា ប្រទេស​ហ្វីលីពីន​និង​ប្រទេស​អ៊ី​ស្លង់ ដ្បិតថា​មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ក៏ពិតមែន ប៉ុន្តែ​ប្រទេស​ទាំងពីរ ពុំមាន​ស្ថានទូត​ប្រចាំ​នៅ​ប្រទេស​ទាំងសងខាង​ឡើយ​៕

ព័ត៌មានផ្សេងទៀត