យុទ្ធសាស្ដ្រ​​ខ្លួន​មួយ​​ចង់​ជិះទូក​ពីរ​​របស់​តួ​ក​គី​​ទំនង​​មិន​អាច​ទៅរួច​ឡើយ​

16-07-2019 2:20 pm 714
ពីឆ្វេង ប្រព័ន្ធការពារមិស៊ីល​S-400 ប្រធានាធិបតីតួកគី យន្ដហោះចម្បាំងF35​

​ក្នុងពេល​ថ្មីៗ​នេះ តួ​ក​គី​ហាក់​មានរឿង​រកាំរកូស​ច្រើន​ជាមួយ​សហរដ្ឋអាមេរិក ក្នុងនោះ​ក៏មាន​ផែនការ​ទិញ​សព្វាវុធ​ពី​ប្រទេស​រុស្ស៊ី​ដែរ​។ តាមពិត​អាមេរិក​មិនឲ្យ​តួក​គី​ទិញ​អាវុធ​ពី​រុស្ស៊ី​ទេ ដោយ​លើក​ហេតុផល​ថា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​នោះ មិន​ចំណេញ​ដល់​ការការពារ​អង្គការ​ណា​តូ​ឡើយ ហើយ​អាច​នឹង​ប៉ះពាល់​ដល់​គម្រោង​យន្ដហោះ​ចម្បាំង​បំបាំងកាយ​របស់​អាមេរិក​ជាមួយ​តួ​ក​គី​។ ប៉ុន្ដែ​សម្រាប់​តួ​ក​គី​មិនបាន​ស្ដាប់​ការទទូច​ពី​អាមេរិក​ទេ ផ្ទុយទៅវិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​បាន​ដឹក​ទៅដល់​តួ​ក​គី​ជា​លើកដំបូង​ហើយ ដែល​ទង្វើ​នេះ​ហាក់​ផ្គើន​កាន់តែខ្លាំង​នឹង​អាមេរិក​។ គោលបំណង​តួ​ក​គី​គឺ​ចង់បាន​ទាំង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​រុស្ស៊ី ចង់​បន្ដ​ទាំង​កម្មវិធី​អភិវឌ្ឍ​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ជាមួយ​អាមេរិក​ វាប្រៀប​ដូចជា​​ខ្លួនមួយ​​​ចង់ជិះ​​ទូកពីរ​​ដូច្នេះដែរ។ តើ​យុទ្ធសាស្ដ្រ​ខ្លួន​មួយ​ចង់​ជិះទូក​ពីរ​របស់​តួ​ក​គី​អាចទៅរួច​ឬទេ​?

​សំឡេង​៖

​មិនមែនជា​រឿង​ខុស​ទេ​ករណី​ដែល​តួ​ក​គី​ចង់បាន​សុខ​សុវត្ថិភាព ចង់​ពង្រឹង​ការការពារ​ដែន​អធិបតេយ្យ ហើយ​ទៅ​ទិញ​សព្វាវុធ​ទំនើបៗ​ដើម្បី​ទុក​ប្រើប្រាស់​នោះ​។ វា​ជា​ការជ្រើសរើស​របស់​តួ​ក​គី ថា​គួ​រទិញ​អាវុធ​របស់​នរណា​។ ប៉ុន្ដែ​សម្រាប់​អាមេរិក​ហាក់​ហួងហែង​តួ​ក​គី​បន្ដិច ព្រោះ​មិន​ចង់ឲ្យ​តួក​គី​ទិញ​អាវុធ​ពី​រុស្ស៊ី​ឡើយ​។ និយាយឲ្យចំ​ទៅបើ​តួក​គី​ទិញ​សព្វាវុធ​ពី​ប្រទេស​សម្ព័ន្ធមិត្ដ​អាមេរិក ប្រហែលជា​គ្មាន​បញ្ហា​អ្វី​ទេ ប៉ុន្ដែ​ដូច​ដឹង​ហើយ​ថា​រុស្ស៊ី​ជា​សត្រូវ​អាមេរិក អ៊ីចឹង​ចង់​ឬ​មិន​ចង់​អាមេរិក​ហាម​មិនឲ្យ​តួក​គី​ទិញ​សព្វាវុធ​រុស្ស៊ី​ក៏​មិនមែនជា​រឿង​ចម្លែក​ដែរ​។ 

​សូម​រម្លឹក​បន្ដិច​ពី​ទំនាក់ទំនង​រវាង​តួ​ក​គី​ជាមួយ​រុស្ស៊ី និង​ទំនាក់ទំនង​តួ​ក​គី​ជាមួយ​អាមេរិក​។ ចំណងមិត្ដភា​ព​រវាងតួក​គី​-​រុស្ស៊ី​ជា​ទំនាក់ទំនង​វិលជុំ ចាប់ផ្ដើម​តាំងពី​ចុង​សតវត្ស​១៦​ដល់​ដើម​សតវត្ស​ទី​២០ ប៉ុន្ដែ​ជាទូទៅ​មិនមែន​ទំនាក់ទំនង​វិជ្ជមាន​ទេ ហើយក៏​មិនមែនជា​មិត្ដ​ល្អនឹង​គ្នា​ដែរ​។ រហូតដល់​សហភាពសូវៀត​ត្រូវបាន​ដួលរលំ​ក្នុង​ឆ្នាំ​១៩៩១ ទើប​តួ​ក​គី​និង​រុស្ស៊ី​ចាប់ផ្ដើម​រឹតចំណង​មិត្ដភា​ព​គួរឲ្យកត់សម្គាល់ ដោយ​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ជាមួយគ្នា​។ ដ្បិតថា​មាន​ការទាស់ទែង​គ្នា​លើ​គោលនយោបាយ​ការបរទេស​តិចតួច ប៉ុន្ដែ​ភាគី​ទាំងពីរ​នៅតែ​មិនអាច​ខ្វះ​គ្នា​បាន រហូត​មាន​កិច្ចព្រមព្រៀង​ទិញ​លក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400 ជា​អាវុធ​ទំនើប​បំផុត​របស់​រុស្ស៊ី​។​

​ចាប់អារម្មណ៍​ពី​ទំនាក់ទំនង​រវាង​តួ​ក​គី​ជាមួយ​អាមេរិក ក៏​ស្អិតល្មួត​មិន​ចាញ់​រុស្ស៊ី​ប៉ុន្មាន​ដែរ ដោយ​ចាប់ផ្ដើម​ទាក់ទង​គ្នា​ក្នុងអំឡុង​ក្រោយ​សង្គ្រាមលោកលើកទីពីរ ក្រោយ​តួ​ក​គី​ចូលរួម​ក្នុង​សង្គ្រាម​ក្នុងនាម​ជា​សម្ព័ន្ធមិត្ដ​នៅ​ខែកុម្ភៈ​ឆ្នាំ​១៩៤៥​។ បន្ទាប់ពី​សង្គ្រាម ព្រោះតែ​ជួប​បញ្ហា​ប្រឈម​ជា​មួយក្រិក ក្នុង​ការលុបបំបាត់​ការបះបោរ​របស់​ក្រុម​ក​ម្មុយ​នី​ស្ដ​មួយក្រុម រួមជាមួយ​ការទាមទារ​របស់​សហ​ភាព​សូ​វៀត​សម្រាប់​ការដាក់​មូលដ្ឋាន​យោធា​ផង​នោះ តួ​ក​គី​បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​ប្រកាស​ពី​លទ្ធិ​ទ្រូ​ម៉ាន់​នៅ​ឆ្នាំ​១៩៤៧​។ លទ្ធិ​នេះ​បានបញ្ជាក់​ពី​ចេតនា​របស់​អាមេរិក​ក្នុង​ការធានា​នូវ​សន្ដិសុខ​រវាង​តួ​ក​គី​ជា​មួយក្រិក​។ ជា​លទ្ធផល​ក៏បានផ្ដល់​នូវ​ការគាំទ្រ​យ៉ាងខ្លាំង ទាំង​ផ្នែក​យោធា​និង​សេដ្ឋកិច្ច​ពី​អាមេរិក​។​

​យ៉ាងណាក៏ដោយ​ពិតជា​គួរឲ្យ​ស្ដាយដែល​ចំណងមិត្ដភា​ព​មិនអាច​ស្ថិតស្ថេរ​រឹងមាំ​យូរអង្វែង គឺ​ប្រែជា​ល្អក់កករ​ក្នុង​ឆ្នាំ​២០០៣ នៅពេល​តួ​ក​គី​បដិសេធ​មិនឲ្យ​អាមេរិ​កដាក់​មូលដ្ឋាន​ទ័ពអាកា​ស​ដើម្បី​ធ្វើសង្គ្រាម​នៅ​អ៊ីរ៉ាក់​។ ក្រោយពី​នោះ​ក៏​ផ្ទុះ​ភាព​តានតឹង​ខ្លាំង​មួយទៀត ជុំវិញ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​តួ​ក​គី​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៦ ដែល​តួ​ក​គី​ចោទថា​មេដឹកនាំ​សាសនា​ប្រឆាំង​រដ្ឋាភិបាល​តួ​ក​គី លោក​ហ្វេ​ទូ​ឡាស ហ្គូ​លេន​(Fethullah Gülen)​ជា​អ្នកបញ្ជា​។ លោក​ហ្គូ​លេន​កំពុង​ភៀសខ្លួន​និង​ស្នាក់នៅ​អាមេរិក តួ​ក​គី​បាន​សុំ​ធ្វើ​បត្យាប័ន​ឲ្យ​អាមេរិក​បញ្ជូន​លោក​មក​តួ​ក​គី​វិញ​ដើម្បី​កាត់ទោស​តែ​អាមេរិក​មិន​ព្រម ទើប​ធ្វើឲ្យ​តួក​គី​ខឹង​អាមេរិ​កកាន់តែខ្លាំង រួច​ក៏​បែរ​ទៅ​រឹតចំណង​មិត្ដ​ភាពជា​មួយ​មហាអំណាច​ដទៃទៀ​ត ជាក់ស្ដែង​មាន​រុស្ស៊ី​ជាអាទិ​។​

​ស្និទ្ធស្នាល​នឹង​គ្នា​កាន់តែខ្លាំង តួ​ក​គី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400 ជា​អាវុធ​ទំនើប​បំផុត​របស់​រុស្ស៊ី ស្របពេល​កំពុង​អនុវត្ដ​គម្រោង​អភិវឌ្ឍ​យន្ដហោះ​ចម្បាំង​បំបាំង​កាយ​F35​ជាមួយ​អាមេរិក​។ ក្រោយ​ទទួលបាន​ព័ត៌មាន​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​លពី​រុស្ស៊ី អាមេរិក​ក៏​ចេញ​ការព្រមាន​តួ​ក​គី​ភ្លាមៗ ដោយ​ប្រកាស​ផ្អាក​រាល់​កម្មវិធី​ទាំងអស់​ទាក់ទង​នឹង​ការទិញ​យន្ដហោះ​ចម្បាំង​F35 ដែល​ក្នុងនោះ​មាន​គម្រោង​អភិវឌ្ឍ​យន្ដហោះ​ចម្បាំង​នេះ​ជាមួយគ្នា​ផងដែរ​។ តួ​ក​គី​គ្រោង​ទិញ​យន្ដហោះ​ចម្បាំង​F35​ពីរ​អាមេរិក​រហូតដល់​១០០​គ្រឿង ហើយ​ក៏មាន​កិច្ចសហការ​ផលិត​គ្រឿងបន្លាស់​ជាមួយគ្នា​ទៀត មានតម្លៃ​រហូតដល់​១២​ពាន់​លាន​ដុល្លារ​អាមេរិក​។ 

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​បាន​បញ្ជាក់ថា លុះត្រាតែ​តួ​ក​គី​បោះបង់ចោល​ផែនកា​រទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​លពី​រុស្ស៊ី មិន​អ៊ីចឹង​ទេ​អាមេរិក​នឹង​ផ្អាក​រាល់​ផែនការ​ពាក់ព័ន្ធ​កម្មវិធី​ប្រតិ​បត្ដិការយ​ន្ដ​ហោះ​ចម្បាំង​F35​។ មន្ដ្រី​អាមេរិក​ព្រួយបារម្ភ​ថា​ប្រព័ន្ធ​ការពារ​មី​ស៊ី​លអាច​តាមដាន​ពី​ទិន្នន័យ​យន្ដហោះ​ចម្បាំង​F35 ដើម្បី​យកទៅ​កែលម្អ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ ប្រឆាំង​យន្ដហោះ​ចម្បាំង​លោកខាងលិច​។ អាមេរិក​បានដាក់​ឱសានវាទ​ចុងក្រោយ​ដល់​ចុងខែ​កក្កដា​ឆ្នាំ​២០១៩ ឲ្យ​តួ​កគីជ្រើសរើស​យក​មួយ​រវាង​យន្ដហោះ​ចម្បាំង​F35​និង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​។ បើ​តួ​ក​គី​រក្សា​ជំហរ​ជ្រើសរើស​យក​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​រុស្ស៊ី នោះ​តួ​ក​គី​នឹង​បាត់បង់​ឱកាស​ទទួលយក​យន្ដហោះ​ចម្បាំង​អាមេរិក​។ 

​តួ​ក​គី​ក្រៅតែពី​អន់ចិត្ដ​ជាមួយ​អាមេរិក ក៏​និយាយ​ថាបើ​អាមេរិក​មិន​ព្រម​ប្រគល់​យន្ដហោះ​ឲ្យ ដូចជា​ប្លន់​យក​យន្ដហោះ​ទាំងនោះ​អ៊ីចឹង​ដែរ ដោយសារតែ​បាន​ចុះ​កិច្ចព្រមព្រៀង​រួចទៅហើយ​។ ជុំវិញ​ការដាក់កំហិត​ឲ្យ​ជ្រើសរើស​តួ​ក​គី​ថា ខ្លួន​នឹង​ជ្រើស​យក​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​រុស្ស៊ី ប៉ុន្ដែ​តួ​ក​គី​នៅតែ​មិន​ដាច់​អាល័យ​ពី​យន្ដហោះ​ចម្បាំង​F35 ព្រោះ​គិតថា​ចង់បាន​ទាំងពីរ​តែម្ដង​។ 

​ទីបំផុត​ផែនកា​រទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​លពី​រុស្ស៊ី​ជោគជ័យ​បន្ដិច​ម្ដងៗ ដោយបាន​ដឹក​មកដល់​ប្រទេស​តួ​ក​គី​ជា​លើកដំបូង​កាលពី​សប្ដាហ៍​មុន​។ សម្ភារ​ផ្សេងទៀត​នឹង​ដឹកជញ្ជូន​មកជា​បន្ដបន្ទាប់​។ ប្រធានាធិបតី​តួ​ក​គី​លោក​ថា​យ​យី​ព អេដូ​ហ្គែ​ន បានប្រកាស​កាលពីដើម​សប្ដាហ៍​នេះដែ​រថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​ទើប​ទទួលបាន​ពី​រុស្ស៊ី នឹង​ដំឡើង​ពេញលក្ខណៈ​ទាំងស្រុង​នៅ​ខែមេសា​ឆ្នាំ​២០២០ ដែល​បច្ចុប្បន្ន​ការដំឡើងកំពុងដំណើរកា​រ​ជា​បណ្ដើរៗ​។ នេះហើយ​ជា​ទង្វើ​ដែល​អាមេរិក​ចាត់ទុកថា តួ​ក​គី​ពិតជា​ចង់​បោះបង់ចោល​កម្មវិធី​យន្ដហោះ​ចម្បាំង​F35​ប្រាកដ​មែន បង្ក​ការឈឺចាប់​កាន់តែខ្លាំង​ដល់​ទំនាក់ទំនង​អាមេរិក​-​តួ​ក​គី​។ មិន​ថា​មេដឹកនាំ​យោធា​អាមេរិក មិន​ថា​មេដឹកនាំ​យោធា​ប្រទេស​សមាជិក​ណា​តូ រួមជាមួយ​អ្នកនយោបាយ​របស់​អាមេរិក សុទ្ធតែ​ចាត់ទុក​ករណីនេះ​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​បំផុត​។ ទណ្ឌកម្ម​នឹង​បន្ដ​ធ្លាក់​លើ​តួ​ក​គី​បើ​តួ​ក​គី​រឹងទទឹង​ដូច​សព្វថ្ងៃ​។​

​សរុបមក​យុទ្ធសាស្ដ្រ​ខ្លួន​មួយ​ចង់​ជិះទូក​ពីរ​របស់​តួ​ក​គី គឺចង់បាន​ទាំងប្រព័ន្ធ​ការពារ​មីស៊ីល​​និងយន្ដហោះ​ចម្បាំង​ ​នឹងមិន​អាចទៅរួច​ឡើយ​។ ដូច​បាន​រៀបរាប់​ហើយ​ថា អាមេរិក​មិន​ព្រមឲ្យ​តួ​កគីទទួលបាន​ទាំង​យន្ដហោះច​ម្បាំង​របស់ខ្លួ​ន ហើយ​អាច​ទទួលបាន​ទាំង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​រុស្ស៊ី​ទេ ព្រោះ​សព្វាវុធ​ទាំងពីរ​នេះ​សុទ្ធតែជា​អាវុធ​ទំនើប​បំផុត​រៀងៗ​ខ្លួន​។ បើ​តួ​ក​គី​សម្រេច​ជ្រើស​យក​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ដាច់ខាត​ត្រូវតែ​អត់​យន្ដហោះ​ចម្បាំង​៕

ព័ត៌មានផ្សេងទៀត