សភា​​ជាន់​ទាប​​អាមេរិក​​អនុម័ត​​ច្បាប់​​H.R.526​​ដើម្បី​ដាក់​ទណ្ឌកម្ម​​មន្ត្រី​កម្ពុជា​​

16-07-2019 12:32 pm 1983
សភាជាន់ទាបអាមេរិក។រូបភាពចាស់

​សភាតំណាងរាស្ត្រ​របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១៥ កក្កដា បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​នូវ​សេចក្តីស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ឬ H.R. 526 ដើម្បី​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា និង ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។​ការអនុម័ត​នេះ រដ្ឋាភិបាល​កម្ពុជា សម្តែង​ការសោកស្តាយ និង​ចាត់ទុក​ច្បាប់​នេះ មាន​ចរិត​នយោបាយ និង គោលបំណង​ប្រឆាំង​ទៅនឹង​សុច្ឆន្ទៈ​នយោបាយ​របស់​ប្រជាជន​កម្ពុជា​។​

​នៅ​ទីបំផុត​ទៅ​ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ឬ H.R. 526 ស្នើឡើង​ដោយ​លោក ថេត យូ​ហូ អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សាធារណរដ្ឋ ត្រូវ​សភា​ជាន់​ទាប​របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១៥  កក្កដា បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​។​ជា​ច្បាប់​ដែលមាន​គោលដៅ “​ជំរុញឱ្យមាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ លើកស្ទួយ​សិទ្ធិសេរីភាព​ផ្នែក​នយោបាយ និង ស្ដារ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​»​។​

​ច្បាប់​នេះ នឹង​បើកផ្លូវ​ឱ្យ​អាមេរិក​អាចដាក់​ទណ្ឌកម្មសេដ្ឋកិច្ច និង ទិដ្ឋាការ​លើ​មន្ត្រី​យោធា និង ស៊ីវិល​របស់​កម្ពុជា​ណា​ដែល​អាមេរិក​គិតថា បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង រំលោភ​សិទ្ធិមនុស្ស​។ ទណ្ឌកម្ម​ទាំងនោះ​រួមមាន​ពីរ​ធំៗ គឺ​ទីមួយ បិទ​ទិដ្ឋាការ ដោយ​មិនឱ្យ​មន្ត្រី និង​អ្នកពាក់ព័ន្ធ​ទាំងនោះ ចូល​ទឹកដី​អាមេរិក និង​ទី​ពីរ គឺ​បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​មន្ត្រី និង អ្នកពាក់ព័ន្ធ​។​

​ការអនុម័ត​របស់​សភា​ជាន់ទាប​អាមេរិកនេះ គឺជា​ជំ​ហ៊ាន​ដំបូង ហើយ​បន្ទាប់មក​ច្បាប់ HR 526 នឹងត្រូវ​បញ្ជូនទៅ​សភាជន​ខ្ពស់ (​ព្រិទ្ធសភា​) ដើម្បី​ពិនិត្យ និង អនុម័ត មុននឹង​បញ្ជូនទៅ​ប្រធាធិបតី​ចុះហត្ថលេខា ប្រកាស់​សុពលភាព​ដាក់ឱ្យ​ប្រើប្រាស់​។​

លោក ផៃ ស៊ី​ផាន ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជាបាន​សម្តែង​ការសោកស្តាយ ចំពោះ​ការ​អនុ​មត្តច្បាប់ ស្តីពី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​នេះ​ឡើង​។​លោក​ថា ច្បាប់​នេះ​ធ្វើឡើង​ផ្អែកទៅលើ​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ បង្ហាញ​តែ​មហិច្ឆិតា​នយោបាយ​ជា​ប្រវត្តិ​ប្រឆាំ​ង​នឹង​រដ្ឋាភិបាល​កម្ពុជា តែបុ​ណ្ណោះ​។​សេចក្តីស្នើច្បាប់​នេះ ជា​ទង្វើ​ប្រឆាំង​សន្តិភាព ស្ថិរភាព និង វិបុលភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ទាំង​នីតិបញ្ញត្តិ និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ឱ្យធ្វើ​ការពិចារណា​ឡើង​វិញ នូវ​ជំហរ​របស់ខ្លួន​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ជា​ផលប្រយោជន៍​នៃ​ការថែរក្សា​ទំនាក់ទំនង​ល្អ និង គ្នា ក៏ដូចជា​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ប្រជាជន និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ពេលនេះ មាន​សេចក្តីស្នើច្បាប់​ចំនួន​បួន​ហើយ ដែល​ស្នើឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា និង អ្នកតំណាងរាស្ត្រ​សហរដ្ឋអាមេរិក ដើម្បី​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា​។ សេចក្តីស្នើច្បាប់​ទាំងនោះ​រួមមាន សេចក្តីស្នើច្បាប់​ស្តីពី លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ឬ​ច្បាប់ H.R. 526,​សេចក្តីស្នើច្បាប់​ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា​ដែល​ស្នើឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​និង​អ្នកតំណាងរាស្ត្រ និង សេចក្តីស្នើច្បាប់​ស្តីពី​ការធ្វើឱ្យ​វិលត្រឡប់​វិញ​នៃ​ការវិនិយោគ​នៅ​កម្ពុជា​ហៅថា CARI Act ឬ​សេចក្តីស្នើច្បាប់​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា យល់ថា សេចក្តីស្នើច្បាប់​ទាំងនេះ នឹង​មិនអាច​ចេញ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​បានទេ ព្រោះ​ត្រូវ​ឆ្លង​សភា​ជាន់ខ្ពស់ និង ត្រូវ​ការចុះ​ហត្ថ​ខា​ពី​ប្រធានាធិបតី​។ ម្យ៉ាងវិញទៀត គោលនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក គឺ​ដោយ​ដូណាល់ ត្រាំ (Donald trump) មាន​គោលនយោបាយ​មួយ មិន​លូកដៃ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដ៏​ទៃ​៕

 ពាក្យគន្លឹះ  H.R. 526

ព័ត៌មានផ្សេងទៀត