ចិន​នឹង​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក ដែល​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​

16-07-2019 12:20 pm 710

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Geng Shuang​បាន​ថ្លែងថា រដ្ឋាភិបាល​ចិន​និង​ក្រុមហ៊ុន​ចិន នឹងមិន​បន្ត​ការសហការ ឬ​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​អាមេរិក ដែល​លក់​អាវុធ​ឲ្យ​តៃ​វ៉ាន់ឡើយ​។ លោក Geng Shuang មិន​បង្ហាញ​ព័ត៌មាន​លម្អិត ពាក់ព័ន្ធ​នឹង​ការ​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ទាំង​នោះទេ​។ យ៉ាងណាក៏ដោយ កាលពី​ថ្ងៃអាទិត្យ​មន្ត្រី​ចិន​បានកំណត់​អត្តសញ្ញាណ​ក្រុមហ៊ុន​អាមេរិក ដែល​ត្រូវ​រង​ទណ្ឌកម្ម​ចំនួន​ពីរ​ក្រុមហ៊ុន​។ នៅក្នុង​នោះ​រួមមាន ក្រុមហ៊ុន​Honeywell International Inc (HON.N) ដែលជា​អ្នកបង្កើត​ម៉ាស៊ីន​រថក្រោះ​ប្រភេទ​Abrams និង​ក្រុមហ៊ុន​ផលិត​យន្ដហោះ​ឯកជន ឈ្មោះ Gulfstream Aerospace ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន General Dynamics​។ ជាទូទៅ ចិន​មាន​ទំនាក់ទំនង​ដ៏​សំខាន់ ជាមួយ​ក្រុមហ៊ុន​ទាំងពីរ​នេះ គឺ Honeywell និង​Gulfstream​។​

​ជា​ការឆ្លើយតប ក្រុមហ៊ុន​Honeywell បាន​អះអាងថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​កិច្ចព្រមព្រៀង​ទាំងនេះ​ទេ ហើយក៏​មិនមាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​តៃវ៉ាន់​ដែរ​។ កិច្ចព្រមព្រៀង​អាវុធ​នេះ ធ្វើឡើង​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​។ ក្រុមហ៊ុន​Honeywell គ្រាន់តែ​ជា​អ្នកផ្គត់ផ្គង់​សមាសភាគ​មួយចំនួន ហើយ​មិនមែនជា​អ្នក​សម្រេចចិត្តថា តើ​ផលិតផល​ណា​ត្រូវ​លក់​ទៅឲ្យ​នរណា​ដើម្បី​ប្រើប្រាស់​ទេ​។ ដូច្នេះ ក្រុមហ៊ុន Honeywell មើលមិនឃើញ​ពី​ហេតុផល​សមស្រប​ណាមួយ ដែល Honeywell នឹងត្រូវ​ទទួល​ការដាក់ទណ្ឌកម្ម ដោយ​រដ្ឋាភិបាល​ចិន​នោះឡើយ​។ ចំណែក​ក្រុមហ៊ុន​ផ្សេងទៀត បាន​បដិសេធ​មិន​អត្ថាធិប្បាយ​។ 

​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ប្រទេស​ចិន​បាន​និយាយថា ខ្លួន​នឹង​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​អាមេរិក​ដែល​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​។ កន្លងមក​ចិន​ក៏​ធ្លាប់​ប្រកាស​បែប​នេះដែរ ប៉ុន្តែ​មិន​ច្បាស់​ទេ​ថា តើ​ការដាក់ទណ្ឌកម្ម ត្រូវបាន​អនុវត្ត​ឬក៏​អត់​។​

​ការប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក ធ្វើឡើង​ក្រោយ​ក្រសួងការបរទេស​អាមេរិក បានអនុម័ត​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់ កាលពី​សប្តាហ៍​មុន​។ សព្វាវុធ​ទាំងនោះ​មានដូចជា រថក្រោះ​ប្រភេទ Abrams​ចំនួន​១០៨​គ្រឿង និង​កាំភ្លើង​ធំ​បាញ់​មី​ស៊ី​ល​ចំនួន​២៥០​គ្រឿង ព្រមទាំង​បរិក្ខារ​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត​។ កិច្ចព្រមព្រៀង​ទិញ​-​លក់​ចុងក្រោយ​នេះ មាន​ទំហំ​ទឹកប្រាក់​ចំនួន ២,២ ពាន់​លាន​ដុល្លារ​។ អាមេរិក​យល់ព្រម​លក់​សព្វាវុធ​តាម​សំណើ​តៃវ៉ាន់ ដើម្បី​បម្រើឲ្យ​វិស័យ​ការពារជាតិ ប៉ុន្តែ​ចិន​ចាត់ទុក​ទង្វើ​របស់​អាមេរិក រំលោភ​លើ​ច្បាប់​អន្តរជាតិ និង​ធ្វើឲ្យប៉ះពាល់​ដល់​អធិបតេយ្យភាព​និង​សន្តិសុខ​ជាតិ​របស់​ចិន​៕

ព័ត៌មានផ្សេងទៀត