កម្លាំង​នគរបាល​​រាជធានី​ភ្នំពេញ​​ចាប់ផ្តើមអនុវត្តផែនការ​កាត់សក់​ខ្លី​

16-07-2019 11:27 am 228

​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា​នេះ បាន​ចាប់ផ្តើម​អនុវត្ត​ផែនការ​កាត់សក់​ខ្លី ចំពោះ​កងកម្លាំង​នគរបាល​ចរាចរណ៍ និង​កម្លាំង​នគរបាល​ទេសចរណ៍​ណា ដែល​ទុក​សក់វែង ផ្ទុយ​ពី​ផែនការ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​។​

​លោក​ស ថេត កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា បាន​ណែនាំ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ដែល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវតែ​កាត់សក់​ឲ្យ​ខ្លី ដើម្បី​ស្របតាម​ផែនការ​របស់ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​

​តាមរយៈ​ទំព័រ Facebook លោក ស ថេត បាន​អះអាង​ថា តាម​ផែន​ការណ៍​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ លោក នេ​ត សាវឿន បាន​ណែនាំ​ឲ្យកម្លាំង​នគរបា​ល​ទាំងអស់ ត្រូវ​កាត់សក់​ខ្លី ដូច្នេះ​កម្លាំង​នគរបាល​ចរាចរណ៍ និង​កម្លាំង​នគរបាល​ទេសចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​អនុវត្តន៍​មុនគេ​»​។​

​ស្នងការ​នគរបាល​ក្រុងភ្នំពេញ​រូបនេះ បាន​ណែនាំ​ឲ្យ​កងកម្លាំង​នគរបាល​ទាំងអស់ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​មក​គោរព​ទង់ជាតិ ឲ្យបាន​ទៀងទាត់​រាល់ថ្ងៃ ពិសេស​ត្រូវ​ស្លៀកពាក់​ឲ្យបាន​ត្រឹមត្រូវ តាម​ឯកសណ្ឋាន​របស់​នគរ​បាល​។ ជាមួយគ្នានេះ លោក​ស ថេត ក៏​បាន​ណែនាំ​ដល់ កងកម្លាំង​នគរបាល​អន្តរាគមន៍ ត្រូវតែ​នាំគ្នា​ហាត់ប្រាណ​ជាប្រចាំ​នៅ​ពេល​ល្ងាច ដើម្បី​សុខភាព​ផង និង​ឲ្យ​រាងកាយ​មាំមួន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត