រដ្ឋបាលខេត្តមណ្ឌលគិរី បានបដិសេធចំពោះការចុះផ្សាយចោទប្រកាន់អភិបាលខេត្តមណ្ឌលគិរីថា ពុករលួយ ក្បត់ជាតិ ដោយបានលួចលក់ភ្នំដោះក្រមុំ លក់សួនឧទ្យានឱ្យលោក ទ្រី ភាព លក់សមុទ្រឈើ និង ចំការស្រល់ជាព្រះរាជទ្រព្យព្រះមហាក្សត្រ។ រដ្ឋបាលខេត្តមណ្ឌលគិរី បានហៅការចុះផ្សាយនេះ ជាការវាយប្រហារ បំភ្លៃការពិត និង ស្នើធ្វើការកែតម្រូវផ្សាយឡើងវិញ។
ប្រតិកម្មចំពោះការចុះផ្សាយថា អភិបាលខេត្តមណ្ឌលគិរី ពុករលួយ លួចលក់ភ្នំដោះក្រមុំ និង លក់សួនឧទ្យានឱ្យលោក ទ្រី ភាពនោះ នៅថ្ងៃទី ១៥ កក្កដា រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញមុខបដិសេធចំពោះការចុះផ្សាយ និងចាត់ទុកថា ជាការចុះផ្សាយបែបវាយប្រហារ មួលបង្កាច់ បំភ្លឺស ខុសពីការពិតធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ និង ជាការញុះញង់ លាបពណ៍ បង្កឱ្យមានការរើសអើងជាសាធារណៈ។
បើតាមសេចក្តីបំភ្លឺ អភិបាលខេត្តមណ្ឌលគិរី បានពន្យល់ថា ភ្នំដោះក្រមុំ អាជ្ញាធរខេត្ត ខិតខំ ថែរក្សា ការពារ ទប់ស្កាត់រាល់ការរំលោភបំពានពីសំណាក់បុគ្គល ហើយបច្ចុប្បន្នភ្នំនេះឋិតនៅក្រោមការថែរក្សាដោយគណៈកម្មាការជនជាតិដើមភាគតិច ដោយគ្មានការលក់ដូរអ្វីឡើយ។
ចំពោះករណីដីសួនច្បារសែនមនោរម្យ រដ្ឋបាលខេត្ត កំពុងរៀបចំគម្រោងអភិវឌ្ឍ ដើម្បីសោភ័ណ្ឌភាពក្រុង ដោយគម្រោងនេះមានការសិក្សាដោយមន្ត្រីជំនាញ ហើយក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ក៏បានសុំសេចក្ដីសម្រេចពីប្រមុខរដ្ឋាភិបាលកម្ពុជាផងដែរ។ដោយឡែកសមុទ្រឈើ ជាទីតាំងមានព្រៃឈើលាតសន្ធឹងលើផ្ទៃដីជាច្រើនរយពាន់ហិកតាជាកម្មសិទ្ធិរបស់រដ្ឋ ប្រជាជនទូទៅចូលទស្សនាគ្រប់ទិសទី។
រីឯចំការស្រល់ នៅក្រុងសែនមនោរម្យ និង ស្រុកអូររាំងវិញ អាជ្ញាធរខេត្ត អះអាងថា ជាចំការរបស់រដ្ឋបាលព្រៃឈើ និង ចំការស្រល់ដែលដាំក្នុងទិវារុក្ខទិវាប្រមាណ២០ ហិកតា រួមទាំងចំការស្រល់ដែលដាំក្នុងឆ្នាំ ១៩៦០ ដែលចំការស្រល់ទាំងនេះ ឋិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋបាលព្រៃ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៩ គណនីហ្វេសប៊ុកមួយឈ្មោះ ស្អែកស្លាប់ ស្អែកស្លាប់ អ្នកប្រយុទ្ធ បានផ្សព្វផ្សាយថា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រព្រឹត្តអំពើពុករលួយ និង ក្បត់ជាតិ ដោយបានលួចលក់ភ្នំដោះក្រមុំ លក់សួនឧទ្យានឱ្យលោក ទ្រី ភាព លក់សមុទ្រឈើ និង ចំការស្រល់ជាព្រះរាជទ្រព្យព្រះមហាក្សត្រ។តែការចុះផ្សាយនេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានហៅការចុះផ្សាយនេះ ជាការវាយប្រហារ និង ស្នើឱ្យធ្វើការកែតម្រូវផ្សាយឡើងវិញ។បើមិនដូចនេះរដ្ឋបាលខេត្តនឹងចាត់វិធានការណ៍តាមច្បាប់ជាធរមាន៕