ក្រសួង​សុខាភិបាល​​៖លុបបំបាត់​ឱសថ​ក្លែងក្លាយ​ ចៀសផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​​

16-07-2019 10:12 am 131

​លោក​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល  ម៉ម ប៊ុនហេង នៅក្នុង​កិច្ចប្រជុំ​នៅ​ទីស្ដីការ​ក្រសួងសុខាភិបាល នា​រសៀល​ថ្ងៃទី​១៥ ខែកក្កដា បាន​ផ្ដោត​ទៅ​ចំណុច​ជាច្រើន ដែលជា​បញ្ហា និង​សំណើរ​ដំណោះស្រាយ ពី​ការ​អនុវត្ដ​បែបបទ សុំ​ការនាំចេញ​ឱសថ ការសុំ​ផ្សាយពាណិជ្ជកម្ម និង​សិក្ខាសាលា ស្ដីពី ផលិតផល​ឱសថ អាជ្ញា​បណ្ណ​នាំចូល អាត្រា​ពន្ធ​នាំចូល ពី​វត្ថុធាតុដើម​និង​វត្ថុ​ធាតុ​ផ្សេងៗ​ក្នុង​ការផលិត​ឱសថ​សេវា​សុខាភិបាល ការចុះ​បញ្ជិការ​ឱសថ​ធនធាន​មនុស្ស​ផ្នែក​សុខាភិបាល ការវិនិយោគ​លើ​វិស័យ​សុខាភិបាល មន្ទីរពេទ្យ​សហគ្រាស​ផលិត​ឱសថ ។​

ជា​លទ្ធផល​កិច្ចប្រជុំ​នេះ ទទួលបាន​ភាពល្អប្រសើ​រ ដោយមាន​ការយល់​គ្នា ចំពោះ​យន្ដការ​នៃ​ការ​អនុវត្ដ​ន៍​ក៏​បានសម្រេច​ទៅតាម​ក្របខណ្ឌ​ច្បាប់ ឬ​បទដ្ឋាន​គតិ​យុ​ត្ដិ ដែលជា​ធរមាន ហើយ​ក្រសួង​ក៏បាន​ជំរុញ​ឱ្យ​វិស័យ​ឯកជន ខិតខំ​ចូលរួមចំណែក​ក្នុងការ​អនុវត្ដ​ន៍​ច្បាប់​ឱ្យបាន ជាពិសេស​វិស័យ​ឯកជន កុំ​ទាមទារ​អ្វីដែល​ខុសពី​ក្របខណ្ឌ​ច្បាប់​។ ដោយ​ការធ្វើ​អ្វីមួយ ត្រូវ​នាំគ្នា​គោរព និង​អនុវត្ដ​ច្បាប់ ជាជាង​លើក​បញ្ហា​ដែល​ផ្ទុយ​នឹង​ច្បាប់​។​
​នៅក្នុង​កិច្ចប្រជុំ​នេះដែរ លោក​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏​បានលើកឡើង​ពី​ការចុះ​បញ្ជិកា​រលើ​ឱសថ តាម​ប្រព័ន្ធ​អន​ឡាញ ពី QR កូត នៅលើ​ផលិតផល​ឱសថ ដើម្បី​ងាយស្រួល​ក្នុងការ​ពិនិត្យមើល​ថា​វា​ជា​ផលិតផល​ពិត ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការកាត់បន្ថយ​ចរាច​រណ៍ ឱសថ​អន់​គុណភាព ឬ​ឱសថ​ក្លែងក្លាយ ជាពិសេស​គឺ​ធានាបាន​នូវ​ផលិតផល​ពិត ជូន​ដល់​ពលរដ្ឋ​ប្រើប្រាស់​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ដល់​បណ្ដា​ក្រុមហ៊ុន​ទាំងអស់ ដែលជា​ធុរកិច្ច​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ហើយ ត្រូវ​ចូលរួមចំណែក​វែកមុខ​រក​ជនខិលខូច ដែល​ទៅ​ផលិត​ឱសថ​ក្លែងបន្លំ និង​ចម្លង​ដាក់ឈ្មោះ​ក្រុមហ៊ុន​ដូចគ្នា ឬ​ក្លែងក្លាយ ដើម្បី​ផ្ដល់​ជា​ផលប្រយោជន៍​សម្រាប់​ប្រជាជន​យើង ឱ្យ​ចៀស​ផុតពី​គ្រោះថ្នាក់​ដល់​ជីវិត ដោយសារ​ឱសថ និង​លុបបំបាត់ ទប់ស្កាត់​នូវ​ការ​ចរាចរណ៍ នូវ​ផលិតផល​ក្លែងក្លាយ និង​អន់​គុណភាព​៕


ព័ត៌មានផ្សេងទៀត