លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​ប្រកាស​បិទ​បញ្ចប់​របប​ដឹកនាំ​ដោយ​យោធា​

16-07-2019 10:01 am 685

​នៅ​ថ្ងៃ​ចន្ទ​ទី​១៥​ខែកក្កដា​ឆ្នាំ​២០១៩ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ បានប្រកាស​បិទ​បញ្ចប់ ការដឹកនាំ​ដោយ​របប​យោធា ដែល​បាន​គ្រប់គ្រង​ប្រទេស តាំងពី​រដ្ឋប្រហារ​ខែឧសភា​ឆ្នាំ​២១០៤​។ ចាប់ពី​ពាក់កណ្តាល​ខែកក្កដា​ឆ្នាំ​២០១៩​តទៅ ប្រទេស​ថៃ​ត្រូវ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល តាមបែប​លទ្ធិប្រជាធិបតេយ្យ​វិញ​។ លោក​បាន​ថ្លែង​បញ្ជាក់​តាម​កញ្ចក់​ទូរទស្សន៍​ថា « ឥឡូវនេះ ប្រទេស​ថៃ គឺជា​ប្រទេស​ប្រជាធិបតេយ្យ​យ៉ាង​ពេញលេញ ដែលមាន​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។ 

​លោក​បញ្ជាក់ទៀតថា រាល់​បញ្ហា​ទាំងអស់​នឹង​ត្រូវបាន​ដោះស្រាយ​ជាធម្មតា ដោយ​ផ្អែកលើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដោយ​គ្មាន​ការប្រើប្រាស់​អំណាច​ពិសេស​។ អំណាច​ពិសេស​នេះ លោក​ប្រា​យុទ្ធ​ចង់​សំដៅ​ដល់​អំណាច ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាលយោធា​។ នៅក្នុង​ឱកាស​នោះ លោក​ប្រា​យុទ្ធ​ក៏​បានបង្ហាញ​អំពី​សមិទ្ធផល ដែល​ទទួលបាន​ពី​ការដឹកនាំ​ដោយ​របប​យោធា ក្នុង​រយៈពេល​៥​ឆ្នាំកន្លងមក​ផងដែរ​។ លោក​ថា « ការគ្រប់គ្រង​យោធា បាន​នាំមក​នូវ​ភាពជោគជ័យ នៅក្នុង​វិស័យ​ជាច្រើន រួមមាន​ការដោះស្រាយ​បញ្ហា​នេសាទ​ខុសច្បាប់ ការជួញដូរ​មនុស្ស ការសង្គ្រោះ​ក្មេងប្រុស ១២ នាក់​និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ ជាប់​នៅក្នុង​រូងភ្នំ​កាលពី​ឆ្នាំមុន​។​»

​កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៩ លោក​ប្រា​យុទ្ធ បានប្រកាស​ពី​ការបញ្ចប់​ជា​ផ្លូវការ នូវ​របប​យោធា​ម្តង​ដែរ​។ ប៉ុន្ដែ​ទោះបីជា​របប​យោធា​ត្រូវ​បានបញ្ចប់ រដ្ឋាភិបាល​ថ្មី​នឹង​នូវតែ​ផ្ដល់​សិទ្ធិអំណាច​ដល់​កងទ័ព​និង​ប៉ូលិស តាម​ស្វែងរក ចាប់ខ្លួន​និង​ឃុំខ្លួន​មនុស្ស​ក្នុង​រយៈពេល​៧​ថ្ងៃ ចំពោះ​បទល្មើស​ដែល​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ​។ ដូច្នេះ​មានន័យថា យោធា​នៅតែមាន​សិទ្ធិ​ឃុំខ្លួន​មនុស្ស​ក្នុងករណី​ដែល​ចាំបាច់ ដែល​ករណីនេះ​មានមតិ​លើកឡើងថា​អាចជា​ក្ដី​ព្រួយបារម្ភ​ដដែល​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៤​ខែ​មីនាឆ្នាំ​២០១៩​នេះ គណបក្ស​របស់លោក​ប្រា​យុទ្ធ​ទទួលបាន​សំឡេង​នៅ​រដ្ឋសភា​មិន​គ្រប់គ្រាន់​ទេ ដូច្នេះ​គណបក្ស​លោក​មិនអាច​បង្កើត​រដ្ឋាភិបាល​បានឡើយ ទាមទារ​ឲ្យ​ចង​សម្ព័ន្ធ​ជាមួយ​គណបក្ស​ដទៃ​។ ជា​លទ្ធផល​មាន​គណបក្សនយោបាយ​ចំនួន​១៩​គាំទ្រ​លោក​ប្រា​យុទ្ធ ហើយក៏​បង្កើតបាន​រដ្ឋាភិបាលចម្រុះ​មួយ​សម្រាប់​ដឹកនាំ​ប្រទេស​៕

ព័ត៌មានផ្សេងទៀត