មេដឹកនាំ​ហុងកុង​ថ្កោលទោស​អំពើហិង្សា​ប្រឆាំង​ប៉ូលិស​

15-07-2019 4:33 pm 458
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុមបាតុករ​ខ្ទង់ពាន់​នាក់ បាន​ប្រមូល​ផ្តុំគ្នា​ដើរ​ដង្ហែ​ក្បួន កាលពី​រសៀល​ថ្ងៃអាទិត្យ ប៉ុន្តែ​ការតវ៉ា​បានបញ្ចប់​ដោយ​ភាពច្របូកច្របល់ ក្នុង​បរិវេណ​ផ្សារ​ទំនើប​មួយកន្លែង​។ ក្រុមអ្នកតវ៉ា​ជាច្រើន បានគប់​ដប​ទឹក​សុទ្ធ​និង​ឆត្រ​ដាក់​ប៉ូលិស ហើយ​ប៉ូលិស​បាន​តបត​វិញ ដោយ​ការប្រើ​ដំបងឆក់​វាយ​ទៅលើ​ក្រុមបាតុករ​។ ការប្រឈមមុខ​ដាក់គ្នា​ដោយ​ហិង្សា​នេះ បាន​បណ្តា​លឲ្យមនុស្ស​២៨​នាក់​រងរបួស នៅក្នុង​នោះ​មាន​ប៉ូលិស​ជាង​១០​នាក់​។ ប៉ូលិស​ទាំងនោះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន​៦​ដាច់ដោយឡែក​ពីគ្នា​។​

​អ្នកស្រី Carrie Lam  មេដឹកនាំ​ហុងកុង មិនបាន​ការពារ​ក្រុមបាតុករ​ទេ ប៉ុន្តែ​អ្នកស្រី​គាំទ្រ​ខាង​ប៉ូលិស​។ ថ្លែង​ចេញពី​មន្ទីរពេទ្យ នៅពេល​ទៅ​មើល​ប៉ូលិស​៣​នាក់ កំពុង​សម្រាក​ព្យាបាល​មុខរបួស អ្នកស្រី Carrie Lam  បាន​ថ្កោលទោស​អំពើហិង្សា​ប្រឆាំង​ប៉ូលិស​។ បន្ថែម​លើ​នេះ អ្នកស្រី​បាន​គាំទ្រ​ដល់​នគរបាល នៅក្នុង​ការវែកមុខ​អ្នកប្រព្រឹត្ត ឲ្យមក​ទទួលខុសត្រូវ​តាមផ្លូ​វ​ច្បាប់​ផងដែរ​។ អ្នកស្រី​បាន​ថ្លែងថា « ខ្ញុំ​សូម​អរគុណ​ដល់​មន្ត្រីនគរបាល ក្នុង​ការថែរក្សា​សណ្ដាប់ធ្នាប់​សង្គម ប្រកបដោយ​ភាពស្មោះត្រង់​និង​វិជ្ជាជីវៈ ប៉ុន្តែ​ពួកគេ​បាន​ទទួលរង​នូវ​ការវាយប្រហារ ពី​ក្រុម​កុបករ​ទាំងនោះ​។ »

​មេ​ប៉ូលិស​លោក Stephen Lo បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថា មនុស្ស​ជាង​៤០​នាក់​ត្រូវបាន​ចាប់ខ្លួន សម្រាប់​ការចោទប្រកាន់ រួមមាន​ទាំង​ការចោទប្រកាន់ថា បាន​រំលោភបំពាន​លើ​ប៉ូលីស​និង​ការជួបជុំ​ដោយ​ខុសច្បាប់​។​

​គួរ​ជម្រាបជូន​ថា អ្នកប្រជាធិបតេយ្យ​ហុងកុង បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​តាំងពីដើម​ខែមិថុនា​មក​ម្ល៉េះ ដំបូង​ផ្តើមចេញពី​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ជាមួយ​ចិន​។ បន្ទាប់ពី​ការតវ៉ា​បានអូសបន្លាយ​អស់​ពេល​១​ខែ មេដឹកនាំ​ហុងកុង​ក៏​បានប្រកាស បញ្ឈប់​ការធ្វើ​វិសោធនកម្ម សេចក្តីព្រាងច្បាប់​នេះ​ទាំងស្រុង​នៅ​ថ្ងៃទី​៩​កក្កដា​។ ប៉ុន្តែ​ប្រជាជន​ហុងកុង​មួយចំនួន នៅតែមាន​មន្ទិលសង្ស័យ​ថា ច្បាប់​នោះ​មិនទាន់​ស្លាប់​នៅឡើយ​ទេ ហេតុដូចនេះ​ពួកគេ​បន្ត​កៀងគរ​គ្នា​តវ៉ា​ទៀត​៕

 ពាក្យគន្លឹះ  ហុងកុងតវ៉ា

ព័ត៌មានផ្សេងទៀត