លោក​ហេង សំរិន​ សរសើរ​រដ្ឋាភិបាល​​ដែល​រក្សាបាន​​កំណើនសេដ្ឋកិច្ច​ខ្ពស់​​

15-07-2019 3:19 pm 172
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រធានរដ្ឋសភាជាតិ លោក​ហេង សំរិន បាន​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បន្ត​កិច្ចខិតខំ​ពន្លឿន​ការអនុវត្ត​កម្មវិធី និង​អាទិភាព​គោលនយោបាយ សំខាន់ៗ ដូចជា បន្ត​អភិវឌ្ឍន៍​ធនធានមនុស្ស លើកកម្ពស់​វិស័យ​កសិកម្ម ឧស្សាហកម្ម ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បីឲ្យ​កម្ពុជា​មាន ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ កាន់តែ​ស្អាតស្អំ ឆ្លាត​វៃ និង​មាន​សមត្ថភាព អាច​ដោះស្រាយ​បញ្ហា​សង្គម និង​សេដ្ឋកិច្ច ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ដែល​អាចឲ្យ​កម្ពុជា​សម្រេចបាន​នូវ​វឌ្ឍនភាព និង​វិបុលភាព តាម​ការរំពឹងទុក សំដៅ​ធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ប្រក្រតីភាព​នៃ​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ ប្រកបដោយ​សមធម៌ និង​និរន្តរភាព​។​

​លោក​ថ្លែង​ដូច្នេះ ធ្វើឡើង​ក្នុងឱកាស​បើក​សិក្ខាសាលា ស្វែងយល់​ពី​ការកសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​រៀបចំ​សេចក្តីព្រាង​ច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ថ្ងៃទី​១៥ កក្កដា នេះ​។ 

​លោក​ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហរិញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា បានលើកឡើង ដោយយោង​លើ​របាយការណ៍​ធនាគារ​ពិភពលោក ក៏ដូចជា ក្រសួង​សេដ្ឋកិច្ច និង​ហិញ្ញ​វត្ថុ ថា នៅក្នុង​ឆ្នាំ​២០២០ កំណើន​សេដ្ឋកិច្ចពិភពលោក​នឹងមាន​កំណើន​ទាប ក្នុង​រង្វង់​៣,៦% ដោយសារ​ភាពមិនច្បាស់លាស់​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម ជា​សកល និង​ការបន្ត​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន ដែល​បង្ក​ជា​ហានិភ័យ​កាន់តែ​ខ្ពស់ជាង​មុន​មកលើ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​តំបន់ និង​សកលលោក​។ លោក​ថា ការបន្ត​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ​របស់​ប្រទេស​អភិវឌ្ឍ​ន៏​មួយចំនួន និង​ការថយចុះ​ជាង ការរំពឹងទុក​នូវ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន ក៏​អាច​នឹង​ធ្វើឲ្យ​កំណើនសេដ្ឋកិច្ច​ពិភពលោ​ក​កាន់តែ​ទាប​ផងដែរ​។​

​ដោយឡែក លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាងថា កម្ពុជា​បន្ត​រក្សាបាន​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រឹងមាំ ដែល​ទាំងអស់នេះ គឺជា​មូលដ្ឋាន​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​។​

​បើតាម​លោក​អូន ព័ន្ធមុនីរ័ត្ន គឺ​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ អត្រា​កំណើនសេដ្ឋកិច្ចរ​បស់​កម្ពុជា សម្រេចបាន​៧,៥% ដែលជា​កំណើន​មួយ​ខ្ពស់បំផុត នៅក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​។ ឯ អត្រា​អតិផរណា​មធ្យម​ប្រចាំឆ្នាំ ត្រូវបាន​គ្រប់គ្រង​ឲ្យ​ស្ថិតនៅក្នុង​កម្រិត​ទាប ប្រមាណ​២,៥%​។ ក្នុង​ឆ្នាំ​២០១៨ ដដែល ចំណូល​ចរន្ត​ថវិកាជាតិ​មាន​ការកើនឡើង​ល្អប្រសើរ ក្នុង​អត្រា​ប្រមាណ​២០,៤% ដែល​ធ្វើឲ្យ​ចំណូលចរន្ត​នៃ​ថវិកាជាតិ មាន​ទំហំ​ស្មើនឹង​ប្រមាណ​២១,៩៦%​នៃ​ផសស​។​

​លោក​អូន ព័ន្ធមុនីរ័ត្ន បាន​គូសបញ្ជាក់ថា សម្រាប់​ឆ្នាំ​២០១៩​នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​រំពឹងទុក​ថា នឹងមាន​ក្នុង​រង្វង់ ៧,១%​។ ក្នុងនោះ រដ្ឋាភិបាល​បាន​ដាក់ចេញ និង​ជំរុញ​អនុវត្ត​វិធានការ​មុត​ស្រួច​ជា​កញ្ចប់ សំដៅ​ពន្លឿន​ការកែទម្រង់​ជាច្រើន ដូចជា​ការបញ្ចុះ​ថ្លៃ​អគ្គិសនី ការលើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការកាត់បន្ថយ​ចំណាយក្រៅ​ផ្លូវការ និង​ផ្លូវការ​ក្នុង​ការធ្វើ​ធុរកិច្ច​ជាដើម ក្នុង​គោលដៅ​លើកកម្ពស់​បរិយាកាស អំណោយផល​ដល់​ការធ្វើ​ធុរកិច្ច ដើម្បី​បង្កើន​ទំនុកចិត្ត និង​ទាក់ទាញ​វិនិយោគិន ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បីឲ្យ​កម្ពុជា​សម្រេចបា​ន​នូវ​ឋានៈ​ជា ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​លោក​ហេង សំរិន ប្រធានរដ្ឋសភា បាន​ថ្លែង​កោតសរសើរ​រដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​នូវ គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ ឆ្នាំ​២០១៨ ប្រកបដោយ​ភាពត្រឹមត្រូវ និង​សមស្រប ធានាបាន​នូវ​ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និង​កំណើន​ប្រកបដោយ​ចីរភាព និង​បរិយា​ប័ន្ន និង​បាន​ជំរុញ​ដល់​ការវិនិយោគ​ទាំង​ក្នុងស្រុក និង​វិនិយោគ​ផ្ទាល់​ពី​បរទេស ហើយ​បានធ្វើ ឲ្យ​កំណើនសេដ្ឋកិច្ច សម្រេចបាន​លើសពី​ការរំពឹងទុក​រហូតដល់​៧,៥%​។​

​ក្នុងនាម​ស្ថាប័ន​នីតិប្បញ្ញត្តិ លោក​ហេង សំរិន ក៏​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​ក្នុង​ការបន្ត និង​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង បន្ថែមទៀត ដើម្បី​រក្សា និង​ធានា​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ រឹងមាំ និង​មាន​និរន្តរភាព និង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ លោក​ឲ្យ​បន្ត​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ដោយ​ផ្តោតលើ​ការបង្កើន​ផលិតភាព ពិពិធ​កម្ម ការកែច្នៃ​កសិផល និង​ពាណិជ្ជ រូបនីយកម្ម​៕

ព័ត៌មានផ្សេងទៀត