លោក​រ៉ូ​ហានី​៖​អ៊ីរ៉ង់​នឹង​ចរចា​បើ​អាមេរិក​ដក​ទណ្ឌកម្ម​ចេញ​

15-07-2019 3:07 pm 261

«​យើង​ជឿជាក់​នៅក្នុង​ការចរចា ប្រសិនបើ​ពួកគេ​ដក​ទណ្ឌកម្ម​ចេញ បញ្ចប់​ការដាក់​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច ហើយ​វិល​មករក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ គឺ​យើង​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ចាប់ផ្តើម​ការចរចា​ជាមួយ​អាមេរិក​នៅពេលនេះ​។​» នេះ​ជាការ​ថ្លែង​របស់លោក​ហាសាន រ៉ូ​ហានី​ប្រធានាធិបតី​អ៊ីរ៉ង់​នៅ​ថ្ងៃអាទិត្យ​ទី​១៤​កក្កដា​ឆ្នាំ​២០១៩​។ ថ្លែង​នៅក្នុងពេល​ផ្តល់​កិច្ចសម្ភាសន៍​ដល់​កាសែត Washington Post ប្រមុខ​ការទូត​អាមេរិក​លោក Pompeo បាន​ច្រានចោល​គំនិត​របស់លោក​រ៉ូ​ហានី​។ យ៉ាងណាក៏ដោយ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​នឹងធ្វើ​ការសម្រេចចិត្ត​ចុងក្រោយ លើ​បញ្ហា​នេះ​នៅ​ពេលវេលា​ណាមួយ​។​

​ភាព​តានតឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់ បានចាប់ផ្តើម​កើនឡើង​តាំងពី​លោក​ត្រាំ ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ឆ្នាំ​២០១៨​មកម្ល៉េះ​។ ដើរ​ចេញពី​កិច្ចព្រមព្រៀង ក្រោម​មូលហេតុ​ថា​អ៊ីរ៉ង់​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ហើយ​នោះ លោក​ត្រាំ​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ធ្វើឲ្យ​អ៊ីរ៉ង់​ខឹងសម្បារ​យ៉ាងខ្លាំង​។ ថ្មីៗ​នេះ អាមេរិក​និង​អ៊ីរ៉ង់​ទើបបាន​ផ្ទុះ​ជម្លោះ​ជាមួយគ្នា​មួយ​ប្រាវ​ទៀត នៅពេល​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក ហើយ​អាមេរិក​បាន​សងសឹក​វិញ ដោយ​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ លើ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​។​

​ប្រេង​ក៏​នាំចេញ​លែង​បាន​ដូច​មុន ហើយ​បន្ត​រង​នូវ​ទណ្ឌកម្ម​ឥត​ល្ហែ​ពី​អាមេរិក​, រង់ចាំ​ដំណោះស្រាយ​ពី​ប្រទេស​ម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ក៏​មិនទាន់មាន អ៊ីរ៉ង់​មិន​អាចធ្វើ​អ្វី​បាន​ក្រៅពី​ប្រកាស​បន្ត ដក​នូវ​ការប្តេជ្ញាចិត្ត​មួយចំនួន ចេញពី​កិច្ចព្រមព្រៀង ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​ទាំងអស់នោះ​វិញ​។ អ៊ីរ៉ង់​បង្កើន​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​លើស​ចំនួន ដែល​បានកំណត់​នៅក្នុង​កិច្ចព្រមព្រៀង ដែល​បង្កឲ្យមាន​ការព្រួយបារម្ភ ថា​អ៊ីរ៉ង់​នឹង​បន្ត​រំលោភ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ លើ​ខ្លឹមសារ​ដែល​បានចែង​នៅក្នុង​កិច្ចព្រមព្រៀង​។ 

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​អាមេរិកនិង​អ៊ីរ៉ង់ ជួបចរចា​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​។ ទន្ទឹមនឹងនោះ ប្រទេស​ដែលជា​ម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​នៅ​ឆ្នាំ​២០១៥ រួម​មានបារាំង អាល្លឺម៉ង់ អង់គ្លេស ចិន​និង​រុស្ស៊ី បាន​ប្រមែប្រមូល​គ្នា ដើម្បី​ចាប់ផ្តើម​ការពិភាក្សា​ឡើងវិញ ក្នុង​បំណង​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ ចំណែកឯ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អឺរ៉ុប​អះអាងថា នឹង​បញ្ចុះបញ្ចូល​អាមេរិក​និង​អ៊ីរ៉ង់ ធ្វើយ៉ាងណា​ឲ្យ​ភាគី​ទាំង​ពីរបាន​ជួប​និយាយ​គ្នា នៅពេលដែល​ពួកគេ​ចូលរួម​កិច្ចប្រជុំ​នៅក្នុង​ទីក្រុង Brussels នា​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​៕ 

ព័ត៌មានផ្សេងទៀត