អាជ្ញាធរ​ទុកពេល​១​ខែ​ឲ្យ​ពលរដ្ឋ​ចូលរួម​សហការ​ដើម្បី​បញ្ចប់​ការវាស់វែង​ដី​ក្នុង​ផ្ទៃ​បឹង​ជើងឯក​

15-07-2019 2:30 pm 483

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​បញ្ជាក់​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ទុក​រយៈពេល​៣០​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៥ ខែកក្កដា ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៩ ឲ្យ​ម្ចាស់​ក្បាលដី​ពាក់ព័ន្ធ​មួយចំនួន​ដែល​នៅក្នុង​ផ្ទៃ​បឹង​ជើងឯក ក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ  ដែល​មិន​ទាន់​ចូលរួម ត្រូវ​ចូលរួម​សហការ​ទាំងអស់​គ្នា ដើម្បី​បញ្ចប់​ការចុះវាស់វែង និង​កំណត់​ព្រំដី ក្នុង​ផ្ទៃ​បឹង​ជើងឯក​។ 

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ក៏​បាន​បញ្ជាក់បន្ថែម​ថា ចាប់តាំងពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩​មក ក្រុម​ការងារ​បច្ចេកទេស​ចុះ​វាស់វែង និង​កំណត់​ព្រំ​ដី​ក្នុង​ផ្ទៃ​បឹង​ជើងឯក នៃ​គណៈកម្មការ​ដឹកនាំ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​បា​ន​និង​កំពុង​ចុះ​វាស់វែង ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖

១.​ចុះ​ស្វែងរក​ចំណុច​ព្រំដី​ទំហំ ១៩០​ហិកតា ដែល​ត្រូវ​បម្រុង​ទុក​សម្រាប់​អភិវឌ្ឍ និង​ស្វែងរក​ចំណុច​ព្រំដី អ្នកកាន់កាប់​នៅលើ​ផ្ទៃដី​ទំហំ ១៩០​ហិកតា ដែល​ត្រូវ​បម្រុង​ទុក​សម្រាប់​អភិវឌ្ឍ​

២.​ចុះ​ស្វែងរក​ចំណុច​ព្រំដី​បឹង​ជើងឯក​ទំហំ ១៨១​ហិកតា ដែល​ត្រូវ​រក្សា​ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​

៣.​ចុះ​សិក្សា និង​វាស់វែង​កំណត់​និយាម​កា​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅកាន់​ទីតាំង​បឹង​ជើងឯក​៕

ព័ត៌មានផ្សេងទៀត