លោក​ថោង ខុន​៖​អ្នក​ប្រកប​អាជីវកម្ម Zero Package Tour​ជា​ការបំផ្លាញ​គោលដៅ​ទេសចរណ៍​

15-07-2019 11:00 am 559

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​លើកឡើង​ថា ការី​ទេសចរណ៍​ដែល​ប្រកប​អាជីវកម្ម Zero Package Tour​ជា​មេរោគ​បំផ្លាញ​គោលដៅ​ទេសចរណ៍​នៅ​តំបន់​សៀមរាប​អង្គរ ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា​ទាំងមូល​។​លោក​រដ្ឋមន្ត្រី​បានលើកឡើង​ដូចនេះ នៅក្នុង​ពិធី​បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​១ ស្តីពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប កាលពី​ចុង​សប្ដាហ៍​នេះ​។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​បន្ត​ថា នេះ​ជាប​ញ្ហ​មួយដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិនាម និង​នយោបាយ​ទេសចរណ៍​ជាតិ ដែល​ត្រូវ​រួម​គ្នា​ទប់ស្កាត់​ឱ្យបាន​។​លោក​បន្ថែមថា ក្រុមហ៊ុន​អ្នករកស៊ី Zero Package Tour​នេះ គឺជា​អ្នក​បំផ្លាញ​គោលដៅ​ទេសចរណ៍​តែម្ដង​មានន័យថា ពួកគេ​រកស៊ី​ដោយ​មិន​គិត​ចំណេញ​ក្នុង​កញ្ចប់ តែ​ពួកគេ​យក​ភ្ញៀវ​មក​ដើម្បី​កាប់​ស៊ី​តាមរយៈ​ការលក់​វត្ថុ​អនុស្សាវរីយ៍ គ្រឿងអលង្ការ​ក្លែងក្លាយ ទំនិញ និង​សេវាកម្ម​អន់​គុណភាព ដោយ​ទទួលបាន​លុយ​ក្រៅ (Comission)​ដែល​ទាំងនេះហើយ​ជា​មូលហេតុ​ដែលនាំឱ្យ​សណ្ឋាគារ ភោជនីយដ្ឋាន​ខ្លះ​ត្រូវ​បិទទ្វារ ពីព្រោះ​ក្រុមហ៊ុន​អ្នករកស៊ី Zero Package Tour មិន​ទាន់​សង ឬ​មិន​សង​លុយ ហើយ​រត់​ចោល​បាត់ស្រមោល​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា មាន​ក្រុមហ៊ុន​ខ្លះ​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត ៦២​ដុល្លារ សម្រាប់​រយៈពេល ៣​ថ្ងៃ តែ​ភូតភរ​ភ្ញៀវ​នាំ​ភ្ញៀវ​ចូល​ទស្សនា​អង្គរវត្ត​តែ​១​ថ្ងៃ​ទេ ហើយ​ថ្ងៃ​ទី​២ បន្ត​ទៅ​ទស្សនា​នៅ​ប្រាសាទបេង​មា​លា ១​ថ្ងៃ (​តម្លៃពិត ៥​ដុល្លារ​) និង​ប្រាសាទ​កោះ​កេរ ១​ថ្ងៃ​ទៀត (​តម្លៃពិត ១០​ដុល្លារ​)​។​តែ​ពួកគេ​បាន​ភូតភរ​ភ្ញៀវទេសច​រថា ប្រាសាទបេង​មាលា និង​ប្រាសាទ​កោះ​កេរ ក៏​ជា​អង្គរវត្ត​ដែរ ដោយ​គាត់​បាន​ចំណេញ​ប្រាក់​ពី​ភ្ញៀវ​ដល់​ទៅ ១៥​ដុល្លារ​។​

​គួរ​កត់សម្គាល់​ដែរ​ថា បញ្ហា​នេះ​ហើយ ដែល​បាន​ជំរុញ​ឱ្យ​លោក​រដ្ឋមន្ត្រី​ប្រកាសថា ក្រសួង​ទេសចរណ៍ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ​អប្សរា បាន​ឯកភាពគ្នា​ថា​នៅ​ថ្ងៃ​ខាង​មុខ នឹង​បញ្ចូល​ប្រាសាទបេង​មាលា និង​ប្រាសាទ​កោះ​កេរ ទៅក្នុង​កញ្ចប់​ទស្សនា​ជាមួយ​ប្រាសាទអង្គរវត្ត​តែម្តង ដើម្បី​កុំឱ្យ​ក្រុមហ៊ុន​រកស៊ី​បោកប្រាស់​ទាំងនោះ​កុហក​ភ្ញៀវ​បាន​ត​ទៀត​។​

​លោក​ថោង ខុន​បាន​បង្ហាញ​នូវ​ក្តីបារម្ភ​ថា នៅពេល​ភ្ញៀវ​បានដឹង​ពី​ការបោកប្រាស់​នេះ ភ្ញៀវ​ខ្លះ ទោះបីជា​ដឹងថា​ប្រាសាទ​អង្គរ​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​ដ៏​អស្ចារ្យ​និង​ល្បីល្បាញ​ក៏ដោយ ក៏​ពួកគេ​បាន​រិះគន់​និយាយ​មិន​ល្អ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា ខ្លះ​មិន​ចង់​មក​ទស្សនា​សៀមរាប​-​អង្គរ ភ្ញៀវ​ខ្លះ​ក៏​លែង​ទុកចិត្ត​ក្រុមហ៊ុន​ការី​ទេសចរណ៍​នៅ​កម្ពុជា ជាហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ជាតិ ខាតបង់​ប្រយោជន៍​ជាតិ ហើយ​ក៏​ខាតបង់​ដល់​ការប្រកប​អាជីវកម្ម​របស់​សណ្ឋាគា​រ និង​ភោជនីយដ្ឋាន​មួយ​ផង​ដែរ​៕

 

ព័ត៌មានផ្សេងទៀត