មនុស្ស​ជាច្រើន​នាក់​ស្លាប់​និង​បាត់​ខ្លួន ដោយសារតែ​គ្រោះទឹកជំនន់នៅ​ឥណ្ឌា​និង​នេ​ប៉ាល់​

14-07-2019 6:01 pm 278
  ស្តាប់
ស្តាប់ជាសំឡេង

​មនុស្ស​ជាច្រើន​នាក់ បាន​ស្លាប់បាត់​បង់ជីវិត​និង​បាត់​ខ្លួន ដោយសារតែ​ជំនន់​ទឹកភ្លៀង​នា​រដូវ​មូសុង បាន​វាយប្រហារ​ផ្នែក​ខ្លះ​នៃ​ប្រទេស​នេ​ប៉ាល់​និង​ឥណ្ឌា​។ នៅក្នុង​ប្រទេស​នេ​ប៉ាល់ មាន​មនុស្ស​យ៉ាងហោចណាស់​៤៣​នាក់ បាន​ស្លាប់បាត់​បង់ជីវិត ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​ជា​គ្រោះទឹកជំនន់​និង​ការបា​ក់ដី​។ ដំណឹង​គួរឲ្យ​តក់ស្លុត គឺ​មនុស្ស​ក្នុង​គ្រួសារ​មួយ​មាន​សមាជិក​៣​នាក់ បាន​ស្លាប់​ទាំងអស់ នៅពេលដែល​ផ្ទះ​របស់​ពួកគេ​ដួលរលំ នៅក្នុង​ក្រុង Kathmandu ប្រទេស​នេ​ប៉ាល់​។ ក្រៅពីនោះ នៅមាន​មនុស្ស​២៤​នាក់​ផ្សេងទៀត​បាត់​ខ្លួន ដោយ​មិនដឹងថា ស្លាប់​ឬ​រស់នៅ​ឡើយ​ទេ​។ គ្រោះទឹកជំនន់​បាន​បង្ក​ផលប៉ះពាល់ ដល់​មនុស្ស​ប្រមាណ​ជាង​១​លាន​នាក់​ផងដែរ​។ ជាមួយគ្នានេះ ប៉ូលិស​សង្គ្រោះ​មនុស្ស​បាន​ចំនួន​១ ១០០​នាក់​។ យ៉ាងណា ភ្លៀង​ធ្លាក់​ខ្លាំង​នឹង​បន្ត​កើតមាន​ទៀត ដ្បិត​រដូវ​មូសុង​បន្ត​អូស បន្លាយ ដល់​ខែកញ្ញា​ខាងមុខ​។​

​ទឹកទន្លេ Brahmaputra ដែល​ហូរ​កាត់​ប្រទេស​ឥណ្ឌា បង់​ក្លា​ដែស និង​ចិន បាន​ពេញប្រៀប​ហៀរ​ច្រាំង ហូរ​ចាក់​ទៅក្នុង​ភូមិ​ចំនួន​ជាង ១ ៨០០​ស្ថិតនៅ​ភាគ​ខាងជើង​រដ្ឋ Assam នៃ​ប្រទេស​ឥណ្ឌា​។ មនុស្ស ១០ នាក់​បាន​ស្លាប់ អំឡុងពេល​២​ទៅ​៣​ថ្ងៃមុន ហើយ​មាន​មនុស្ស​ជាង​មួយ​លាន​នាក់ រង​ការប៉ះពាល់​ដោយសារតែ​ស្ថានភាព​ទឹកជំនន់​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។ 

​ជា​ការកត់សំគាល់ ឲ្យតែ​រដូវ​ខ្យល់មូសុង​មកដល់​ម្តងៗ បាន​នាំមក​នូវ​ភ្លៀង​ធ្លាក់​យ៉ាង​ជោគជាំ បង្ក​ជា​ទឹកជំនន់​និង​ការបា​ក់ដី វាយប្រហារ​នៅ​ទូទាំង​អាស៊ី​ខាងត្បូង​ជា​រៀងរាល់ឆ្នាំ​។ កាលពី​ឆ្នាំមុន​មាន​មនុស្ស​ជាង ១ ២០០ នាក់​បាន​ស្លាប់​នៅក្នុង​តំបន់ ដោយសារ​ខ្យល់ព្យុះ​និង​ការបា​ក់ដី ខណៈពេលដែល​រដ្ឋ Kerala ប្រទេស​ឥណ្ឌា​ប្រឈមមុខ​នឹង​ទឹកជំនន់​ដ៏​អាក្រក់​បំផុត មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជិត​មួយ​សតវត្សរ៍​៕

 ពាក្យគន្លឹះ  នេប៉ាល់ទឹកជំនន់

ព័ត៌មានផ្សេងទៀត