លោក​ទៀ បាញ់​ផ្តល់​អនុសាសន៍​៩​ចំណុច​ជា​ទស្សនទាន​និង​ទប់ស្កាត់​បញ្ហា​ប្រឈម​ដល់​កងរាជអាវុធហត្ថ​

14-07-2019 2:22 pm 437
  ស្តាប់
ប្រភពរូបភាពពីសារព័ត៌មានFresh News
ស្តាប់ជាសំឡេង

​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ផ្តល់​នូវ​អនុសាសន៍​ចំនួន ៩​ចំណុច​សំខាន់ៗ ដើម្បី​ជា​ទស្សនទាន​ចក្ខុវិស័យ និង​ទប់ស្កាត់​បញ្ហា​ប្រឈម របស់​កងរាជអាវុធហត្ថ​។​នេះ​ជា​អ្វី​ដែល​លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​នៅក្នុង​ពិធី​រំលឹក​ខួប​២៦​ឆ្នាំ នៃ​ការបង្កើត​ស្ថាប័ន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា នា​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​។​

​អនុសាសន៍​ចំនួន ៩​ចំណុច​សំខាន់ៗ ដែល​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ដាក់​ចេញ​នោះ​រួមមាន​៖

១.​ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ បន្ដ​ចូលរួម​ថែរក្សា​នូវ​សន្ដិភាព ស្ថិរភាព​នយោបាយ និង​សន្ដិសុខ​ជាតិ ដែល​យើង​ប្រឹងប្រែង​រកបាន ដោយ​លំបាក​បំផុត​នេះ មិន​ឲ្យ​ក្រុមប្រឆាំង​ជ្រុលនិយម​ដែល​ក្បត់​នឹង​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ឬ​មជ្ឈដ្ឋាន​អ​គិត​នៅ​ខាងក្រៅ មក​បំផ្លាញ​ទៅវិញ​បានឡើយ ទោះ​បី​ត្រូវ​បង់​ក្នុង​តម្លៃ​ណាក៏ដោយ​។ ព្រមទាំង​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ សេរីភាព សិទ្ធិមនុស្ស និង​នីតិរដ្ឋ ដើម្បី​សម្រេចបាន​នូវ​ស្ថិរភាព​មីក្រូ​សេដ្ឋកិច្ច ការអភិវឌ្ឍ និង​ការកាត់បន្ថយ​ភាពក្រីក្រ​ដែល​ជា​បុរេ​លក្ខខណ្ឌ និង​ធាតុ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ប្រកបដោយ​ចីរភាព​

២.​ត្រូវ​យកចិត្ដទុកដាក់ប​ន្ដ​ធ្វើការ​កំណែទម្រង់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ទាំង​រចនាសម្ព័ន្ធ តួនាទី ភារកិច្ច ការអភិវឌ្ឍ​ធនធានមនុស្ស ការពង្រឹង​សមត្ថភាព លើកកម្ពស់​គុណភាព​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ ដែល​ជា​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​កងរាជអាវុធហត្ថ​ឲ្យមាន​ប្រសិទ្ធភាព​

៣.​ត្រូវ​បន្ដ​ខិតខំ​បង្កើន​ប្រសិទ្ធភាព និង​គុណភាព​នៃ​សេវាសាធារណៈ ព្រោះ​វា​ជា​បេសកកម្ម​ដ៏​ធំចម្បង​ក្នុង​ការលើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាជន​។ ត្រូវ​ប្រែក្លាយ​កងរាជអាវុធហត្ថ​ឲ្យទៅ​ជា​កម្លាំង​ដែល​ផ្ដល់​សេវា​ដ៏​មាន​ប្រសិទ្ធភាព សំដៅ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដោយ​មាន​ទឹកចិត្ត បម្រើ​ការងារ​មោះមុត មាន​ភក្ដីភាព ធ្វើជា​អ្នក​ផ្ដល់​សេវា​គួរឲ្យ​គោរព និង​មាន​សីលធម៌​វិជ្ជាជីវៈ​

៤.​ត្រូវ​ពង្រឹង​ការងារ​កសាង​កម្លាំង​ឲ្យមាន​ប្រសិទ្ធភាព ដោយ​បន្សុទ្ធ​សមាសភាព​ដែល​រើស​ចូល​ថ្មី និង​បំបាត់​ចោល​អ្នក​ដែល​មិន​គោរព​បទបញ្ជា ជំនាញ​វិជ្ជាជីវៈ និង​ត្រូវ​គ្រប់គ្រង​កម្លាំង​ដែល​កំពុង​មាន​បច្ចុប្បន្ន ដើម្បី​ធានា​បម្រើ​ការងារ​តាម​ការប្រគល់​ភារកិច្ច ទោះ​បី​ចំនួន​មិនទាន់​មាន​បរិមាណ​គ្រប់គ្រាន់ ទៅតាម​តម្រូវការ​ក៏ដោយ​

៥.​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ស​ភាព​ការណ៍​ថ្មីៗ និង​អប់រំ​នយោបាយ​សតិអារម្មណ៍​ដល់​នាយទាហាន ពលទាហាន នៃ​កងរាជអាវុធហត្ថ​នៅ​ទូទាំង​ប្រទេស​។ ត្រូវ​ធ្វើការ​ហ្វឹកហ្វឺន​តា​ម​អង្គភាព ដើម្បី​រំលឹក​មេរៀន ពង្រឹង​បរិមាណ​កម្លាំង​។ ធ្វើការ​បណ្ដុះបណ្ដាល​ជំនាញ ដល់​នាយ និង​ពល​អាវុធហត្ថ​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​ពង្រឹង​សមត្ថភាព សម្រាប់​ចូលរួម​បំពេញការងារ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ចូលរួម​បំពេញ​បេសកកម្ម​ជា​លក្ខណៈ​អន្ដរជាតិ​ប្រកបដោយ​វិជ្ជាជីវៈ​។ បើក​ថ្នាក់​ឧត្តមសិក្សា​នៅ​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំ​បូ​ល ដើម្បី​ផ្ដល់​ឱកាស​ជូន​នាយទាហាន ពលទាហាន នៃ​កងរាជអាវុធហត្ថ​បន្ដ​សិក្សា​បង្កើន​ចំណេះដឹង​ទូទៅ និង​ជំនាញ​បច្ចេកទេស​ទៅ​តាម​មុខសញ្ញា ដែល​ត្រូវ​បំពេញ​កន្លែង​កំពុង​ខ្វះខាត នាពេល​បច្ចុប្បន្ន​

៦.​ត្រូវ​ខិតខំ​ថែរក្សា​សំណង់​ដែល​មាន​ស្រាប់ និង​យកចិត្តទុកដាក់​សាងសង់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​នៅតាម​ខេត្ត​ផ្សេងៗ​ទៀត ឲ្យបាន​តាម​លក្ខណៈ​បច្ចេកទេស​ធានា​ការប្រើប្រាស់​ប្រកបដោយ​គុណភាព និង​យូរអង្វែង​។ បន្ដ​សាងសង់​អគារ​សេនាធិការដ្ឋាន ដែល​កំពុង​សាងសង់​តាម​ខេត្ត និង​មិន​ទាន់​បាន​សាងសង់ និង​ជំរុញ​ការសាងសង់​ទីលាន​បាញ់​គ្រាប់​ពិត​របស់​កង​យោធពល​ខេមរភូមិន្ទ ឲ្យបាន​រួចរាល់​ទាន់ពេលវេលា សម្រាប់​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ការប្រកួត​កីឡា​អាស៊ាន នាពេលខាងមុខ​

៧.​បន្ដ​ពង្រឹងកម្លាំង​ធ្វើ​ជា​ស្នួល​ក្នុង​ការប្រតិបត្តិ​ការថែរក្សា​សុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ បន្ដ​ចូលរួម​បង្ក្រាប​រាល់​បទល្មើស ចូលរួម​ការងារ​មនុស្សធម៌ កិច្ចការ​សង្គម និង​សង្គ្រោះ​គ្រោះមហន្ដរាយ​

៨.​ត្រូវ​ពង្រឹង​យន្ដការ​ត្រួតពិនិត្យ​ឲ្យមាន​ប្រសិ​ទ្ធភាព តាម​តួនាទី​ភារកិច្ច ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​ឲ្យ​សម​ជាកម្លាំង​ផ្ដល់​សមត្ថកិច្ច​ស្របច្បាប់ ដែល​មាន​គុណសម្បត្តិ​ច្រើន និង​ត្រូវ​គ្រប់គ្រង​ការងាររដ្ឋបាល​សាធារណៈ និង​ចាត់វិធានការ​ច្បាប់​ឲ្យបាន​ម៉ត់ចង់ ការពារ​មិនឲ្យ​មាន​អំពើ​ពុករលួ​យ ឬ​ការរំលោភ​អំណាច​ពី​សំណាក់​អាជ្ញាធរ​សាធារណៈ​ទៅ​លើ​ប្រជាពលរដ្ឋ​

៩.​ចូលរួម​ចងក្រង​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា ព្រោះ​អាវុធហត្ថ​ជា​អ្នកបម្រើ​ផ្ទាល់​ជាមួយ​ប្រជាជន​ទទួលបាន​ភាពជាក់ស្ដែង នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន និង​បំណង់​ប្រាថ្នា​របស់​ប្រជាជន​៕

ព័ត៌មានផ្សេងទៀត