ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​៖​ក្រសួង​កសិកម្ម​ប្រកាស​ឲ្យ​ពលរដ្ឋ​អត់ធ្មត់​មួយរយៈ​

14-07-2019 11:16 am 347
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រោយ​ពី​ក្រសួង​បាន​ចេញ​ប្រកាស​ស្តីពី​ការកំណត់​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក តាម​បណ្ដា​ខេត្ត​មួយចំនួន ធ្វើ​ឲ្យ​កសិករ​ចិញ្ចឹម​ជ្រូក​មួយ ព្រួយបារម្ភ​អំពី​វិធានការ​ទប់ស្កាត់​ចរាចរ ទិញ លក់​សត្វ​ជ្រូក​នៅ​ក្នុង​តំបន់​នោះ ដែល​ធ្វើឱ្យ​ជ្រូក​របស់​កសិករ​មិនអាច​ទិញ ឬ​លក់​បាន នាំឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​។​ឆ្លើយតប​នឹង​បញ្ហា​នេះ​ក្រសួង​កសិកម្ម​នឹង​បញ្ជូន​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ដល់​ទីកន្លែង និង​បើក​ឲ្យ​ដំណើរការចរាច​រ​ជ្រូក​នៅ​ក្នុង​តំបន់​នោះ​វិញ និង​អំពាវនាវ​ឲ្យ​កសិក​រអ្នក​ចិញ្ចឹម​ជ្រូក អត់ធ្មត់​មួយរយៈ​។ 

​ថ្មីៗ​កន្លងមកនេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​ប្រកាស​ស្តីពី​ការកំណត់​តំបន់​ផ្ទុះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក តាម​បណ្ដា​ខេត្ត​មួយចំនួន ក្នុង​គោលបំណង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​នេះ​ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត​។ 

​ការចិញ្ចឹម ទិញ លក់ និង​ដឹកជញ្ជូន​សត្វ​ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ ពី​ក្នុង តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​។ ក្រោយពី​បាន​អនុវត្ត​នូវ​ប្រកាស​នេះ កសិករ​អ្នក​ចិញ្ចឹម​ជ្រូក​មួយ​ចំនួន មាន​ការព្រួយបារម្ភ​អំពី​វិធានការ​ទប់ស្កាត់​ចរាចរ ទិញ លក់​សត្វ​ជ្រូក​នៅ​ក្នុង​តំបន់​នោះ ដែល​ធ្វើឱ្យ​ជ្រូក​មិនអាច ទិញ លក់បាន និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​កសិករ​ផងដែរ​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ ក្រសួង​កសិកម្ម​អះអាងថា នឹង​ចាត់​បញ្ជូន​មន្ត្រី​ជំនាញ​បសុព្យាបាល រួម​ទាំង​ឧបករណ៍​សម្រាប់​វិភាគ ជាបន្ទាន់​ចុះ​ពិនិត្យ​ដល់​ទីកន្លែង និង​យក​សំណាក​ឈាម​សត្វ​ជ្រូក​ធ្វើការ​វិភាគ​នៅនឹងកន្លែង​តំបន់​ផ្ទុក​ជំងឺ​តែម្តង ដើម្បី​រក​មេរោគ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ ក្នុងករណី លទ្ធផល​នៃ​ការវិភាគ​សំណាក​ឈាម មិន​មាន​វត្តមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ ក្រសួង​នឹង​អនុញ្ញាត​ឱ្យ​ធ្វើការ​លក់​សត្វជ្រូក​ចេញពី​តំបន់​នោះ ដើម្បី​ផ្តល់​លទ្ធភាព​ជូន​កសិករ​អាច​ទទួល​បាន​ប្រាក់​ចំណូល ក្នុង​ការទូទាត់​ចំណាយ​ដែល​បាន​ខិតខំ​ចិញ្ចឹម​ជ្រូក​កន្លងមក ។ 

​សូមបញ្ជាក់​ថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ចិញ្ចឹម​ជ្រូក​មេ​ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់ អត់ធ្មត់ យោគយល់ និង​ផ្តល់​ការសហការ​ឲ្យបាន​ល្អ​ប្រសើរ​ដល់​មន្ត្រី​ជំនាញ​បសុព្យាបាល​នៃ​ក្រសួង ក្នុង​ការចុះ​បំពេញ​ភារកិច្ច​នេះ​ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​៕


ព័ត៌មានផ្សេងទៀត