លោក​សខេង​​៖ ឆ្នាំនេះ​​ជា​ឆ្នាំ​ដែល​ត្រូវ​លុបបំបាត់​គ្រឿងញៀន​ឲ្យអស់​​នៅតាម​ក្លឹប​កម្សាន្ដ​​

13-07-2019 2:53 pm 149

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៣ កក្កដា បាន​រំលឹក​ជាថ្មី​ម្ដង​ទៀតថា ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​ដែល​ត្រូវ​លុបបំបាត់​គ្រឿងញៀន​ឲ្យអស់​នៅតាម​ក្លឹប​កម្សាន្ដ និង​ទីតាំង​សប្បាយដ្ឋាន​ផ្សេងៗ នៅ​ទូទាំងប្រទេស​កម្ពុជា ព្រោះ​គ្រឿងញៀន​នេះ មាន​ឥទ្ធិពល​អាក្រក់​ខ្លាំងណាស់ ។​

​ថ្លែង​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ នៅ​វត្ត​បុញ្ញ​ខេត្តា​រាម ខេត្ត​ព្រៃវែង លោក​ស ខេង បាន​បញ្ជាក់ថា ដើម្បី​លុបបំបាត់​ករណី​គ្រឿងញៀន​ឲ្យអស់​ពី​កម្ពុជា គឺ​តម្រូវឱ្យមាន​ការចូលរួម​ទាំងអស់គ្នា ទាំង​គ្រប់ភាគី​ពាក់ព័ន្ធ និង​ទាំង​ប្រជាពលរដ្ឋ ។ 

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា «​ខ្ញុំ​បានចេញ​បទបញ្ជា​មួយ​ថា ឆ្នាំ​២០១៩​នេះ នៅតាម​រង្គសាល នៅតាម​កន្លែង​សប្បាយ​នានា នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ដាច់ខាត​ត្រូវ​លុបបំបាត់​នូវ​ការ​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន ព្រោះ​យើង​មិនអាច​ទុក​បញ្ហា​នេះ​បានទេ តែ​កាលណា​បញ្ហា​នេះ​រីកសាយ​ដល់​ជនបទ រឿង​កាន់តែ​ធំ​ទៀត​» ។​

​លោក​បាន​សង្កត់ធ្ងន់ថា ជន​ដែល​ងាយ​រងគ្រោះ​ដោយសារ​គ្រឿងញៀន​នេះ ភាគច្រើន​មាន​អាយុ​ពី​១៥​ឆ្នាំ ទៅ​៤០​ឆ្នាំ ដូច្នេះហើយ​ដើម្បី​លុបបំបាត់​បញ្ហា​នេះ សមត្ថកិច្ច​អនុវត្ត​ម្នាក់ឯង​មិន​គ្រប់គ្រាន់​ឡើយ ពោល​ត្រូវតែមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​អាណាព្យាបាល ៕

 

ព័ត៌មានផ្សេងទៀត