លោក​គួច ចំរើន​៖ សំរាម​មិន​គួរឲ្យ​ស្អប់ខ្ពើម ដូច​អ្នក​ដែល​ចោល​សំរាម​ផ្តេសផ្តាស​ទេ​

13-07-2019 11:26 am 415
  ស្តាប់
ស្តាប់ជាសំឡេង

​មុន​ចាប់ផ្តើម​យុទ្ធនា​ការប្រមូល​សំរាម​ចេញពី​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ទី​១៣ ខែកក្កដា​នេះ លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​លើកឡើង​ថា សំរាម​មិនមែន​ជា​ករណី​ដែល​យើង​ត្រូវ​ស្អប់ខ្ពើម​នោះទេ ប៉ុន្តែ​អ្នក​ដែល​ចោល​សំរាម​ផ្តេសផ្តាស គ្មាន​សណ្តាប់​គឺជា​មនុស្ស​ដែល​គួរឲ្យ​ស្អប់ខ្ពើម​។ ដោយៈសៅ វិសាល

​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា​នេះ បើក​ចាប់ផ្តើម​បើក​យុទ្ធនាការ​បោសសំអាត និង​ប្រមូល​កាក​សំណល់ ចេញពី​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ​បរិស្ថាន លោក​អភិបាលក្រុង​ព្រះសីហនុ និង​ក្រុមការងារ សរុប​ប្រមាណ​៥០០០​នាក់ រួម​នឹង​គ្រឿងចក្រ​ប្រមាណ​២០០​គ្រឿង​ផង​ដែរ​។ ​យុទ្ធនាការ​សម្អាត​សំរាម​ក្រុង​ព្រះសីហនុ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​សោភ័ណ្ឌភាព​ទីក្រុង រក្សាបាន​នូវ​បរិស្ថាន អនាម័យ​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេចរ​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​ខេត្ត​ជាប់​សមុទ្រ​នេះ​ឡើង​វិញ​។​

​មុន​ចាប់ផ្តើម​យុទ្ធនាការណ៍​នេះ លោក​អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា សំរាម​មិនមែនជា​រឿង​ដែល​យើង​គួរ​ស្អប់ខ្ពើម​នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​ចោល​សំរាម​ផ្តេសផ្តាស​គឺជា​រឿង​ដែល​មិនល្អ​។ លោក​បន្ថែមថា បច្ចុប្បន្ន​បញ្ហា​សំរាម​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​មាន​បរិមាណ​ហួស​ពី​សមត្ថភាព​របស់​ក្រុមហ៊ុន​សម្រាប់​ការដឹកជញ្ជូន​ចេញ ប៉ុន្តែ​ចាប់ពី​ពេលនេះ​យើង​នឹង​មាន​វិធានការ​គ្រប់គ្រង​លើ​បញ្ហា​សំរាម​នេះ​ឲ្យបាន​ល្អ​។​

សំឡេង​

​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​ទើប​ចូលកាន់​តំណែង ក្រៅតែពី​ចុះ​ពិនិត្យ​មើល​ពី​បញ្ហា​សំណង់​ដែល​គ្មាន​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ លោក​ក៏​បាន​នាំ​ណែ​ដល់​មន្ត្រី​ក្រោម​ឱវាទ ដោះស្រាយ​ពី​បញ្ហា​កាកសំណល់ នៅតាម​តំបន់​ឆ្នេរសមុទ្រ និង​បញ្ហា​លូទឹកស្អុយ​ផងដែរ​។ ជាមួយគ្នានេះ លោក​អភិបាលខេត្ត​រូបនេះ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ក្រុងព្រះសីហនុ​ទាំងអស់ ត្រូវ​ចូលរួម​ក្នុង​យុទ្ធនាការ នេះ​ឲ្យបាន​គ្រប់ៗ​គ្នា​។​

​ជា​ការកត់សម្គាល់ លោក គួច ចំរើន បន្ទាប់ពី​បាន​ឡើងកាន់តំណែង លោក​កំពុង​បំពេញការងារ​យ៉ាង​សកម្ម​នៅក្នុង​មូលដ្ឋាន ពិសេស​ពាក់ព័ន្ធ​វិស័យ​សំណង់ ទេសចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ជា​ដើម​។ ការបំពេញ​ការងា​រយ៉ា​ង​សស្រាក់សស្រាំ​នេះ របស់លោក គួច ចំរើន កំពុង​ទទួល​បាន​គាំទ្រ​យ៉ាងខ្លាំង ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​៕
 

ព័ត៌មានផ្សេងទៀត