ចិន​ប្រកាស​នឹង​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​​អាមេរិក​​ដែល​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​

13-07-2019 10:45 am 678

​ក្រសួងការបរទេស​ចិន​បាន​និយាយថា ទណ្ឌកម្ម​នឹង​ត្រូវដាក់​លើ​ក្រុមហ៊ុន​អាមេរិក​ដែល​លក់​អាវុធ​ទៅឲ្យ​តៃវ៉ាន់​។ សេចក្ដីប្រកាស​នេះ​បាន​ឆ្លើយតប​ទៅនឹង​សេចក្ដីជូនដំណឹង​របស់​ក្រសួងការបរទេស​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ ស្ដីពី​ផែនការ​លក់​រថក្រោះ​ចំនួន​១០៨​គ្រឿង មី​ស៊ី​ល​២៥០​គ្រាប់ និង​សព្វាវុធ​ជាច្រើន​ទៀត​មានតម្លៃ​រហូតដល់​២.២​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅឲ្យ​តៃវ៉ាន់​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយថា អាមេរិក​លក់​អាវុធ​ទៅឲ្យ​តៃ​វ៉ាន់គឺ​រំលោភ​លើ​គោលការណ៍​ចិន​តែមួយ ព្រមទាំង​ធ្វើឲ្យប៉ះពាល់​ដល់​អធិបតេយ្យភាព​និង​សន្ដិសុខ​ជាតិ​របស់​ចិន​។ 

​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​វ៉ាស៊ីនតោន​បាន​ធ្លាក់​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​នឹង​គ្នា ហើយក៏​ទាស់ទែង​គ្នា​ពី​បញ្ហា​តៃវ៉ាន់​ផងដែរ​។ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន​បានធ្វើ​ដំណើរទៅ​សហរ​ដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មុនពេល​បន្ដដំណើ​រទ​ស្សន​កិច្ច​ទៅកាន់​ប្រទេស​ផ្សេង​។ ឆ្លើយតប​នឹង​ទស្សនកិច្ច​នេះ ចិន​បានទាមទារ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន បញ្ឈប់​ការផ្លាស់ប្ដូរ​ជា​ផ្លូវការ​ជាមួយ​តៃវ៉ាន់​តែម្ដង​។ 

​សូមបញ្ជាក់ថា មិនមែនជា​លើកទីមួយ​ទេ​ដែល​ចិន​ចេញ​ប្រតិកម្ម​នឹង​សហរដ្ឋអាមេរិក​រឿង​លក់​សព្វាវុធ​ឲ្យ​តៃវ៉ាន់​។ កន្លងមកឲ្យ​តែ​អាមេរិកនិង​តៃវ៉ាន់​ប្រកាស​ពី​កិច្ចព្រមព្រៀង​ទិញ​លក់​សព្វាវុធ​នេះ ចិន​តែងតែ​ជំទាស់​ជានិច្ច​។ ចិន​ចាត់ទុក​តៃវ៉ាន់​គ្រាន់​ជា​ខេត្ដ​មួយ​របស់ខ្លួន ដូច្នេះ​មិនគួ​រទិញ​សព្វាវុធ​ពី​អាមេរិក​ឡើយ ។ បន្ថែម​លើ​នេះ​ក៏ត្រូវ​រឹតចំណង​មិត្ដ​ភាពជា​មួយ​អាមេរិកឬ​បណ្ដា​ប្រទេស​ផ្សេង​ដែរ​។ បើ​ប្រទេស​ទាំងនោះ​ចង់​ពង្រឹង​សម្ព័ន្ធភាព ត្រូវធ្វើឡើង​ជាមួយ​ក្រុង​ប៉េកាំង​ដោយផ្ទាល់​។  

​ប៉ុន្ដែ​អាមេរិក​ក៏​ធ្លាប់​ប្រកាសថា ការលក់​សព្វាវុធ​ឲ្យ​តៃវ៉ាន់​អនុលោម​តាមច្បាប់​ដែល​បានកំណត់ ស្ដីពី​ការធានា​ឲ្យបាន​នូវ​សិទ្ធិកា​រពារខ្លួន​របស់​តៃវ៉ា​ន់​។ តៃវ៉ាន់​វិញ​ក៏​ធ្លាប់​និយាយថា​ការទិញ​សព្វាវុធ​ពី​អាមេរិក​ក្នុង​ចេតកា​រពារ​ដែន​អធិបតេយ្យ​ប៉ុណ្ណោះ​។ តៃវ៉ាន់​មិន​ចង់​បង្កជម្លោះ​ជាមួយ​ចិន​ទេ ប៉ុន្ដែ​ក៏​មិនឲ្យ​នរណាមក​រំលោភបំពា​ន់លើ​ដែន​អធិបតេយ្យ​របស់ខ្លួន​ដែរ​៕

ព័ត៌មានផ្សេងទៀត