លោកសខេង៖ អ្នកជិះម៉ូតូអត់ពាក់មួកនឹងត្រូវឃាត់ខ្លួន

13-07-2019 10:06 am 1120
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​រដ្ឋមន្ត្រី ស ខេង នៅ​ព្រឹក​នេះ បានប្រកាស​ចាត់វិធានកា​រ​ថ្មី ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដោយ​តម្រូវឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ឈប់​ការធ្វើ​ចរាចរ​លើ​ដងផ្លូវ ចំពោះ​អ្នកបើកបរ​ម៉ូតូ​ណា​ដែល​គ្មាន​ពាក់មួក​សុវត្ថិភាព...

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៣ កក្កដា បានប្រកាសថា នឹង​ដាក់​ចេញ​នូវ​វិធានការ​ថ្មី​សម្រាប់​អ្នកបើកបរ​ម៉ូតូ ដែល​អត់​ពាក់​មួកសុវត្ថិភាព​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ។​

​ថ្លែង​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ នៅ​វត្ត​បុញ្ញ​ខេត្តា​រាម ខេត្ត​ព្រៃវែង លោក​ស ខេង បញ្ជាក់​ថា​វិធានការ​ថ្មី​ដែល​គ្រោង​នឹង​ដាក់​ចេញ​នោះ គឺ​សមត្ថកិច្ច​នឹង​ឃាត់ខ្លួន​អ្នកបើកប​រណា​ដែល​ពុំ​មាន​ពាក់មួក​សុវត្ថិភាព​ក្នុង​ពេល​បើកបរ ហើយ​រង់ចាំ​រហូត​ទាល់តែ​មាន ឬ​យក​មួកសុវត្ថិភាព​មក​ពាក់ ទើប​អនុញ្ញាតឱ្យ​ធ្វើ​ដំណើរ​ទៅមុខ​បន្ត ។​

សំឡេងលោក ស ខេង ៖

​លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា អត្រា​គ្រោះថ្នាក់​ចរាចរ​នៅ​កម្ពុជា នៅតែ​បន្ត​កើនឡើង ខណៈ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើន​ជាង​១០០​ករណី បើ​ធៀប​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៨ ។ 

​លោក​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរ​នេះ គឺ​បណ្តាលមកពី​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​ពី​សំណាក់​អ្នកបើកបរ ហើយ​អត្រា​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន គឺ​ច្រើន​គ្រោះថ្នាក់​ទៅ​លើ​អ្នកបើកបរ​ម៉ូតូ​ដែល​គ្មាន​ពាក់មួក​សុវត្ថិភាព ៕

ព័ត៌មានផ្សេងទៀត