រដ្ឋាភិបាល​​អាមេរិក​​កំពុង​អស់​​ថវិកា​​ប្រើប្រាស់​​លឿន​ជាង​​ការរំពឹងទុក​

13-07-2019 10:04 am 637

​រដ្ឋមន្ដ្រី​រតនាគា​រអា​មេរិក​លោក​Steven Mnuchin បានចេញ​ការព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​អាមេរិក​កំពុង​ប្រឈម​ហា​នី​ភ័យ​នៃ​ការ​អស់សាច់​ប្រាក់សុទ្ធ​ឆាប់​ជាង​ការរំពឹងទុក​។ នៅក្នុង​លិខិត​ដាក់​ទៅកាន់​ប្រធានសភា​អ្នកស្រី​Nancy Pelosi លោក​Mnuchin​បានសរសេរថា អាមេរិក​អាច​នឹង​ខកខាន​កាតព្វកិច្ច​របស់ខ្លួន​នៅ​ដើម​ខែកញ្ញា មុន​សភា​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​ក្រោយ​វិស្សមកាល​រដូវក្ដៅ​។​

​នៅក្នុង​លិខិត​មិន​បានបញ្ជាក់​លម្អិត​ពី​មូលហេតុ​ទាក់ទង​នឹង​ការ​អស់​ថវិកា​នេះ​ទេ គ្រាន់តែ​ថា​ផ្អែកលើ​គម្រោង​ទើបបាន​ធ្វើកំណែទម្រង់​ថ្មី បង្ហាញ​ឲ្យដឹង​ពីការ​អស់សាច់​ប្រាក់​សម្រាប់​រដ្ឋាភិបាល​ប្រើប្រាស់​នៅ​ដើម​ខែកញ្ញា​ខាងមុខ​នេះហើយ មុនពេល​សភា​ចាប់ផ្ដើម​កិច្ចប្រជុំ​ឡើងវិញ​។ រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​មិនអាច​ខ្ចីប្រាក់​ប្រើប្រាស់​បន្ថែម​បានទេ​តាំងពី​ខែមីនា​មកម្ល៉េះ គឺ​នៅពេល​ដែន​កំណត់​ខ្ចីប្រាក់​ពី​សភា​បាន​ចូល​ជា​ធរមាន​វិញ​។ 
​រតនាគារ​អាមេរិក​បាន​ថ្លែងអំណរគុណ​យ៉ាងខ្លាំង ចំពោះ​ការកាត់បន្ថយ​ពន្ធ​រប​ស់លោក​ប្រធានាធិបតី​Donald Trump​ក្នុង​ឆ្នាំ​២០១៧ ព្រោះ​ដោយសារតែ​ការ​កាត់​ពន្ធ​នេះហើយ ទើប​ធ្វើឲ្យ​រដ្ឋាភិបាល​អាមេរិក​មានប្រាក់​

គ្រប់គ្រាន់​សម្រាប់​បន្ដ​ប្រើប្រាស់ រហូតដល់​ដំណាក់កាល​ចុងក្រោយ​។ ប្រធានសភា​និង​រដ្ឋមន្ដ្រី​រតនាគា​រអា​មេរិក បាន​និយាយ​បី​ដង​រួចមកហើយ​ក្នុង​សប្ដាហ៍​នេះ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ចរចា​ពី​ការបង្កើន​ថវិកា និង​ចរចា​ពី​បញ្ហា​បំណុល​។ តាម​ប្រភព​ជាច្រើន​បាន​លើកឡើងថា គម្រោង​ថ្មី​បាន​ជួយ​ពន្លឿន​ដល់​កិច្ចខិតខំ​ប្រឹងប្រែ​ង​នេះ​។​

​សូមបញ្ជាក់ថា​នៅក្នុង​លិខិត​លោក​Mnuchin​ក៏បាន​អំពាវនាវ​ដល់​សភា ស្ដារឡើងវិញ​នូវ​អំណាច​នៃ​ការខ្ចីប្រាក់ តាមរយៈ​ការបង្កើន​កម្រិត​បំណុល នៅ​មុនពេល​សភា​សម្រាក​ប្រចាំខែ​នៅក្នុង​ខែសីហា​៕

 ពាក្យគន្លឹះ  អាមេរិកវិបត្ដិថវិកា

ព័ត៌មានផ្សេងទៀត