អាស៊ាន​ដាក់​ផែនការ​សកម្មភាព​រួម​ចំនួន​៤ ដើម្បី​គោលដៅ​ទេសចរណ៍​តែមួយ​

12-07-2019 7:37 pm 88

​ប្រទេស​អាស៊ាន​ទាំង​១០ បាន​សម្រេច​ដាក់​ចេញ​ផែនការ​សកម្មភាព​សំខាន់ៗ​ចំនួន​៤ ដើម្បី​អភិវឌ្ឍ​គោលដៅ​ទេសចរណ៍​តែមួយ ក្នុង​កិច្ចប្រជុំ​ទេសចរណ៍​អាស៊ាន​លើក​ទី​៥០ កាលពី​ថ្ងៃ​ទី​១០ កក្កដា ... 

​ក្នុងអំឡុង​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​អាស៊ាន​លើក​ទី​៥០ នៅ​ខេត្ត​សៀមរាប ចាប់ពី​ថ្ងៃ​ទី​៨ - ១២ កក្កដា ថ្នាក់ដឹកនាំ​ស្ថាប័ន​ទេសចរណ៍​អាស៊ាន​ទាំង​១០ និង​លេខាធិការដ្ឋាន​អាស៊ាន បាន​ជួបប្រជុំ និង​ដាក់ចុះ​នូវ​ផែនការ​សកម្មភាព​ឆ្នាំ ២០២០ - ២០២១ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៦-២០២៥ ។​

​ផែនការ ដែល​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃទី​១០ កក្កដា នោះ រួមមាន ៖

១. ពង្រឹង​ការផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន​តាម​ប្រព័ន្ធ​ឌីជីថល អន​ឡាញ និង​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេងៗ ។​

២. ជំរុញ​ការបង្កើត​ផលិតផល​ថ្មីៗ ដោយ​ផ្តោត​សំខាន់​លើ​ទេសចរណ៍​ម្ហូបអាហារ តាមរយៈ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​ចំណីអាហារ​អាស៊ាន​, ការបង្កើត​បណ្តាញ​អ្នកជំនាញ​អាស៊ាន​ផ្នែក​ចំណីអាហារ​, ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង ក៏​ត្រូវបាន​ជំរុញ​បន្ថែម​តាម​រយៈ​ការបង្កើត​ខ្សែ​ទស្សនកិច្ច​រវាង​ប្រទេស​ជាប់​ព្រំដែន ។ ទន្ទឹម​នោះ ទេសចរណ៍​សាសនា ពិធីបុណ្យ ក៏​ត្រូវបាន​ជំរុញ​ជា​អាទិភាព​ដែរ ។​

៣. អភិវឌ្ឍ​ធនធានមនុស្ស ដោយ​បន្ត​ពង្រឹង​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញទៅមក លើ​អ្នកជំនាញ​ទេសចរណ៍ ដែល​ក្នុងនោះ​រួមមាន ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​ស្តង់ដារ​កម្មវិធីសិក្សា​, ការបន្ថែម​ជំនាញ​ផ្សេងៗ​ទៀត ដូចជា ជំនាញ​រៀបចំ​ព្រឹត្តិការណ៍ ជំនាញ​ស្ប៉ា ទៅ​ក្នុង​កិច្ចព្រមព្រៀង MRA ខណៈ​បច្ចុប្បន្ន មាន​ជំនាញ​ចំនួន​៣២ ផ្នែក​សណ្ឋាគារ និង​សេវាកម្ម​ធ្វើដំណើរ ។​

៤. ជំរុញ​ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​អាស៊ាន តាមរយៈ​ការផ្សព្វផ្សាយ​នៅ​ក្រៅ​ប្រទេស​រួមគ្នា ការជំរុញ​ជើងហោះហើរ​ផ្ទៃក្នុង និង​ការសម្រួល​ការធ្វើដំណើរ ៕

ព័ត៌មានផ្សេងទៀត