មន្ដ្រីជាន់ខ្ពស់​​អាមេរិក​ថា​​ទោះ​១០០​ឆ្នាំ​ទៀត​​ក៏​ចិន​​នៅតែ​​គំរាម​កំហែង​​សន្ដិសុខ​

12-07-2019 2:32 pm 747

​មន្ដ្រី​យោធា​ជាន់ខ្ពស់​អាមេរិក​មួយរូប​បាន​និយាយថា ចិន​នៅតែ​ជា​បញ្ហា​ប្រឈម​ដល់​សន្ដិសុខ​ជាតិ​អាមេរិក ក្នុង​ចន្លោះ​ពី​៥០-១០០​ឆ្នាំ​ខាងមុខ​។ លោក​ឧត្ដមសេនីយ៍​Mark Milley​បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុងពេល​លោក​ចូល​ទទួល​តំណែង​ផ្លូវការ​ជា​អគ្គសេនាធិការ​ចម្រុះ​ពី​ព្រឹទ្ធសភា​។ លោក​Milley​កត់សម្គាល់ថា ប្រទេស​ចិន​កំពុង​ចំណាយ​ប្រាក់​ច្រើនជាង​អាមេរិក លើ​ការស្រាវជ្រាវ​និង​អភិវឌ្ឍ​អាវុធ​ថ្មីៗ​។ ចិន​កំពុង​ព្យាយាម​បង្កើន​សមត្ថភាព​យោធា ទាំង​នៅក្នុង​លំហ នៅលើ​អាកាស លើទឹក លើដី និង​តាម​ប្រពន្ធ​អ៊ី​ន​ធឺ​ណេត​។​

​អគ្គសេនាធិការ​ចម្រុះ​ទើប​ទទួល​តំណែង​រូបនេះ​បន្ថែមថា ចិន​បាន​ឃ្លាំមើល​នៅពេល​អាមេរិក​ធ្វើសង្គ្រាម​នៅ​តំបន់​មជ្ឈិម​បូព៌ា ធ្វើជា​មេរៀន​ដើម្បី​អភិវឌ្ឍ​យោធា​របស់គេ​។ ដូច្នេះ​ចិន​បាន​យក​អាមេរិក​ធ្វើជា​សាលាបង្រៀន តាមរយៈ​ការសង្កេតមើល​យ៉ាង​ជិតដិត​បំផុត​សង្គ្រាម​នៅក្នុង​តំបន់​ឈូង​សមុទ្រ​លើកទីមួយ​និង​លើក​ទី​ពីរ​។ លើសពីនេះទៅទៀត​ចិន​បាន​ឃ្លាំមើល​មិន​ដាក់​ភ្នែក​លើ​សមត្ថភាព​របស់​អា​មេរិក ហើយ​តាមរយៈ​វិធីសាស្ដ្រ​ជាច្រើន​ចិន​បាន​យក​គោលការណ៍​ទាំងនោះ​ទៅ​អភិវឌ្ឍ​ខ្លួន​។ 

​ចំពោះ​គន្លឹះ​ក្នុង​ការទប់ស្កាត់​ឥទ្ធិពល​របស់​ចិន លោក​ឧត្ដមសេនីយ៍​Milley​គូស​បង្ហាញថា ត្រូវ​អនុវត្ដ​សមយុទ្ធ​យោធា​នៅ​គ្រប់ផ្នែក​ទាំងអស់ ទាំង​ជើងគោក ជើង​ទឹក និង​ជើង​អាកាស​ជាដើម​។ លោក​សង្កត់ធ្ងន់​លើ​គោលបំណង​របស់លោក​មួ​យ​ទៀត គឺ​ចង់​បង្កើន​ការសម្របសម្រួល​ស្ថានភាព​សន្ដិសុខ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ដ​។ លោក​ថា​នៅពេលនេះ​ចិន​ជា​គូប្រជែង​របស់​អាមេរិក តែ​មិនមែនជា​សត្រូវ​របស់​អា​មេ​រិកទេ​។ 

​ដោយឡែក​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ជាមួយ​អ៊ីរ៉ង់ លោក​Milley​និយាយថា​លោក​ពិតជា​គាំទ្រ​ពេញទំហឹង ក្នុង​ការដោះស្រាយ​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​តាមរយៈ​មធ្យោបាយ​ការទូត​។ ជម្លោះ​រវាង​អាមេរិក​ជាមួយ​អ៊ីរ៉ង់​កំពុង​បង្ក​ក្ដីបារម្ភ​ជា​អន្ដរជាតិ ខ្លាច​ឈានដល់​ការផ្ទុះអាវុធ​ដែល​នឹងមាន​ផលវិបាក​ធ្ងន់ធ្ងរ​។ បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​នៅ​មិនទាន់​រកឃើញ​ដំណោះស្រាយ​នៅឡើយ មានតែ​បោះ​ពាក្យសម្ដី​ឌឺដង​គ្នា​ទៅវិញទៅមក​៕

ព័ត៌មានផ្សេងទៀត