រដ្ឋាភិបាល​​អនុម័ត​​គម្រោង​​វិនិយោគ​​អគ្គិសនី​​ដើរ​​ដោយ​​ពន្លឺព្រះអាទិត្យ​​៤​​បន្ថែម​ទៀត​​

12-07-2019 12:08 pm 1075
ប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​រូបថតពី FN

​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចំនួន ៤ គម្រោង ត្រូវបាន​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​កម្ពុជា​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​អនុម័ត​ទាំងស្រុង​ហើយ​នៅ​ថ្ងៃទី ១២ កក្កដា ឆ្នាំ​២០១៩​នេះ​។​គម្រោង​ទាំង​៤​នេះ មាន​អានុភាព​សរុប ១៤០ មេហ្គា​វ៉ាត់ ដើម្បី​ផលិត​អគ្គិសនី​លក់​ឱ្យ​អគ្គិសនី​កម្ពុជា សម្រាប់​ជួយ​ដល់​ស្ថានភាព​ផ្គត់ផ្គង់​អគ្គិសនី​នៅក្នុង​ឆ្នាំ ២០២០ និង ២០២១ ។

គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចំនួន ៤ គម្រោង គឺ​គម្រោង​ទី​១ នៅ​ខេត្តពោធិ៍សាត់ ៣០ មេហ្កា​វ៉ាត់ គម្រោង​ទី​២ នៅ​ខេត្តបាត់ដំបង ៦០ មេហ្កា​វ៉ាត់ គម្រោង​ទី​៣ នៅ​ខេត្តបន្ទាយមានជ័យ ៣០ មេហ្កា​វ៉ាត់ និង​គម្រោង​ទី​៤ នៅ​បាវិត ខេត្ត​ស្វាយរៀង ២០ មេហ្កា​វ៉ាត់​។​

​បើតាម​រដ្ឋាភិបាល បាន​ពន្យល់ថា បើទោះបីជា​គម្រោង​ទាំង​៤​នេះ អាច​ផ្តល់​ថាមពល​អគ្គិសនី បាន​តិចតួច​ក្នុង​រង្វង់ ១៨.៥ ភាគរយ​ក្តី ប៉ុន្តែ​ការអភិវឌ្ឍ​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នេះ ជា​ការអភិវឌ្ឍ​មួយ​ដែល​កម្ពុជា​អាច​ធ្វើបាន​រហ័ស និង មាន​ការគាំទ្រ​ផ្គល់​ហិរញ្ញប្បទាន​ច្រើន ហើយ​វា​អាច អាចជួយ​ឱ្យ​កម្ពុជា​អាច​ចៀស​ផុតពី​ការខ្វះ​អគ្គិសនី​នៅ​ឆ្នាំ​២០២០ និង ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា ការអភិវឌ្ឍ​ប្រភព​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​បន្ថែម គឺ​ពិតជា​មាន​សារៈសំខាន់ និង​មាន​ប្រយោជន៍ ដោយ​វា​អាច​ជួយផ្តល់​បន្ថែម​ប្រភព​អគ្គិសនី ដើម្បី​ដោះស្រាយ​បង្គ្រប់​កង្វះខាត​សេចក្តីត្រូវការ​អគ្គិសនី​ផង និង ជួយផ្តល់​លទ្ធភាព​ឱ្យ​វា​រី​អគ្គិសនី​អាច​រក្សាទុក​ទឹក​ក្នុង​អាង​បាន​ច្រើនជាង​មុន សម្រាប់​ដំណើរការ​នៅពេល​ត្រូវ​ការចាំបាច់​។​

​ទាក់ទង​នឹង​ផលប្រយោជន៍​វិញ លោក​បាន​ពន្យល់ថា តាម​ការពិនិត្យ និង វិភាគ​លើ​លក្ខណៈ​បច្ចេកទេស សេដ្ឋកិច្ច និង សង្គម ការវិនិយោគ​គម្រោង​ចំនួន​៤​នេះ មាន​ផលប្រយោជន៍​ចំពោះ​កម្ពុជា តាមរយៈ​ទទួលបាន​អគ្គិសនី​ពី​ប្រភព​ថាមពល​ស្អាត កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ​ដែលមាន​ថ្លៃ​ខ្ពស់​។ ផ្តល់​បន្ថែម​ប្រភព​អគ្គិសនី​ដោះស្រាយ​កង្វះខាត​។ នាំមក​នូវ​បច្ចេកវិទ្យា​ថ្មី ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​។ រដ្ឋាភិបាល​នឹង​ទទួលបាន​ចំណូល​ពន្ធ​ប្រមាណ​ជិត​២​លាន​ដុល្លារ​អាមេរិក​ក្នុង ១​ឆ្នាំ ជា​មធ្យម​ក្នុង​រយៈពេល ២១ ឆ្នាំ ដោយ​មិនទាន់​គិតដល់​ពន្ធ​ដ៏ទៃទៀត​ដែល​អគ្គិសនី​កម្ពុជា និង​អ្នក​ចែកចាយ​អគ្គិសនី​ដែល​ត្រូវ​បង់​។​

​ជា​ការកត់សម្គាល់ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​មាន​ការកើនឡើង​នូវ​ការវិនិយោគ​ផ្នែក​សេដ្ឋកិច្ច  និង វិស័យ​ផ្សេងៗ​ទៀត ធ្វើឱ្យ​កម្ពុជា​ខ្វះ​នូវ​ថា​ពល​អគ្គិសនី​ប្រើប្រាស់​។​តាម​ការព្យាករណ៍​នៅ​ឆ្នាំ​២០២០ កម្ពុជា​ត្រូវ​បន្ថែម​ប្រភព​អគ្គិសនី​ថ្មី​ចំនួន ៧៧០ មេហ្កា​វ៉ាត់​ទៀត ហើយ​នៅ​ឆ្នាំ​២០២១ កម្ពុជា​ត្រូវ​បន្ថែម​ប្រភព​អគ្គិសនី​ថ្មី​ទៀត​ដល់ ១៣២១ មេហ្កា​វ៉ាត់ ទើប​គ្រប់គ្រាន់​ក្នុង​ការប្រើប្រាស់​៕

 ពាក្យគន្លឹះ  អគ្គិសនី​

ព័ត៌មានផ្សេងទៀត