UN​​បោះឆ្នោត​​សម្រេច​​ឲ្យ​ស៊ើបអង្កេត​​សង្គ្រាម​​គ្រឿងញៀន​​នៅ​ហ្វីលីពីន​

12-07-2019 11:37 am 126

​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បោះឆ្នោត​សម្រេច​ឲ្យ​បើ​កការស៊ើបអង្កេត​លើ​ការចោទប្រកាន់​បទឧក្រិដ្ឋ​កម្ម នៃ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​រដ្ឋាភិបាល​ហ្វីលីពីន​។ សេចក្ដីសម្រេច​ដែល​អនុម័ត​យ៉ាង​តឹងតែង តម្រូវឲ្យមាន​របាយកា​រណ៍​ដែលមាន​លក្ខណៈ​ទូលំទូលាយ​មួយ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុងប្រទេស​ហ្វីលីពីន​។ ការស៊ើបអង្កេត​នឹង​ផ្ដោត​សំខាន់​លើ​របាយការណ៍​ស្ដីពី​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ ការចាប់ខ្លួន​មនុស្ស​ដោយ​សេរី និង​ពាក់ព័ន្ធ​ករណី​បាត់​ខ្លួន​ផងដែរ​។​

​ប្រធានាធិបតី​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​ចាប់តាំងពី​ចូល​កាន់តំណែង​ក្នុង​ឆ្នាំ​២០១៦ លោក​បាន​ដឹកនាំ​ធ្វើសង្គ្រាម​ប្រឆាំង​គ្រឿងញៀន ដើម្បី​បង្ក្រាប​បញ្ហា​គ្រឿងញៀន​ដែល​កំពុង​កើនឡើង​ខ្លាំង​ក្នុងប្រទេស​ហ្វីលីពីន​។ ចាប់តាំងពី​ពេលនោះ​មាន​មនុស្ស​យ៉ាងតិចណាស់​៦,៦០០​នាក់​ត្រូវ​បានសម្លាប់ ដែលជា​អ្នកប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន នេះ​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​។ ប៉ុន្ដែ​ក្រុម​សកម្មជន​បាន​និយាយថា តួលេខ​មិនមែន​ប៉ុណ្ណឹង​ទេ គឺ​យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ជាង​២៧,០០០​នាក់​ដែរ​ត្រូវ​បានសម្លាប់​។​

​ជុំវិញ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ទទួលបាន​ការបោះឆ្នោត​គាំទ្រ​១៨​ប្រទេស ប្រឆាំង​១៤​ប្រទេស និង​អនុប្បវាទ​១៥​ប្រទេស ក្នុងចំណោម​សមាជិក​សរុប​៤៧​ប្រទេស​។ អគ្គរដ្ឋទូត​ហ្វីលីពីន​បាន​ប្រឆាំង​ដាច់ខាត ដោយ​លើកឡើងថា​ហ្វីលីពីន​នឹងមិន​ទទួលយក​សេចក្ដីសម្រេច​មាន​ចេតនា​នយោបាយ​និង​សម្រេច​តែ​ពី​ភាគី​ម្ខាង​ដូច្នេះ​ឡើយ​។ សេចក្ដីសម្រេច​មិនបាន​តំណាងឲ្យ​ជ័យជម្នះ​នៃ​បញ្ហាសិទ្ធិ​មនុស្សទេ ប៉ុន្ដែ​វា​ជាការ​ភូតកុហក​ប៉ុណ្ណោះ​ហើយ​នឹងមាន​ផលវិបាក​កើតឡើង​។​

​សម្រាប់​អង្គការ​លើកទោស​អន្ដរជាតិ​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ការបោះឆ្នោត​គាំទ្រ​សេចក្ដីសម្រេច​នេះ ផ្ដល់​ក្ដីសង្ឃឹម​ដល់​ក្រុមគ្រួសារ​អ្នក​ដែល​ស្លាប់បាត់​បង់ជីវិត​រាប់ពាន់នាក់​នៅ​ហ្វីលីពីន​។ វា​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅរក​យុត្ដិធម៌​និង​ការទទួលខុសត្រូវ​។ អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្រុង​ហ្សឺ​ណែវ​វិញ​បាន​និយាយ​ដែរថា ដ្បិត​វា​ជា​ជំហាន​មួយ​តិចតួច​តែ​ពិតជា​មាន​សារសំខាន់​ណាស់​៕

ព័ត៌មានផ្សេងទៀត