ស្ថាប័ន​ទេសចរណ៍​អាស៊ាន​​ដាក់​ផែនការ​ អភិវឌ្ឍន៍​តំបន់​អាស៊ាន​​ជា​គោលដៅ​ទេសចរណ៍​​តែមួយ​​

12-07-2019 11:09 am 236

​នៅក្នុង​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​អាស៊ាន​លើក​ទី​៥០ នៅ​ខេត្តសៀមរាប ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​០៨-១២ កក្កដា ថ្នាក់ដឹកនាំ​ស្ថាប័ន​ទេសចរណ៍​អាស៊ាន​ទាំង​១០ និង​លេខាធិការដ្ឋាន​អាស៊ាន បានដាក់ចុះ នូវ​ផែនការ សកម្មភាព​ឆ្នាំ​២០២០-២០២១ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១៦-២០២៥  ដែល​ផែនការ​នេះ​រួមមាន ទី​១ ពង្រឹង​ការផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន​តាម​ប្រព័ន្ធ​ឌីជីថល អន​ឡាញ និង​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេងទៀត​។​

​ទី​២.​ជំរុញ​ការបង្កើត​ផលិតផល​ថ្មីៗ ដោយ​ផ្តោត​សំខាន់​លើ​ទេសចរណ៍​ម្ហូបអាហារ តាមរយៈ​ការរៀប ចំ​ផែនការ អភិវឌ្ឍ​ទេសចរណ៍​ចំណីអាហារ​អាស៊ាន ការបង្កើត​បណ្តាញ​អ្នកជំនាញ​អាស៊ាន ផ្នែក​ចំណីអាហារ ការជំរុញ ទេស ចរណ៍​បើកបរ​ដោយ​ខ្លួនឯង​ក៏​ត្រូវបាន​ជំរុញ​បន្ថែម​តាមរយៈ​ការបង្កើត​ខ្សែ​ទស្សនកិច្ច​រវាង​ប្រទេស​ជាប់​ព្រំដែន​គ្នា​។ ទន្ទឹមនឹងនោះ ទេសចរណ៍​សាសនា ពិធីបុណ្យ ក៏​ត្រូវបាន​ជំរុញ​ជា​អាទិភាព​ផងដែរ​។​
​ទី​៣.​ការអភិវឌ្ឍ​ធនធានមនុស្ស​ដោយ​បន្ត​ពង្រឹង​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍ (MRA) រួមមាន​៖ ការធ្វើ​បច្ចុប្បន្នភាព​លើ​ស្តង់ដា​កម្មវិធីសិក្សា ការបន្ថែម​ជំនាញ​

ផ្សេងៗ​ទៀត នៅ ពេលខាងមុខ មានដូចជា​ជំនាញ​រៀបចំ​ព្រឹត្តិការណ៍ (MICE) ជំនាញ​ស្ប៉ា​ទៅក្នុង​កិច្ចព្រមព្រៀង MRA ដោយ បច្ចុប្បន្ន​មាន​ជំនាញ​ចំនួន ៣២ ផ្នែក​សណ្ឋាគារ និង​សេវាកម្ម​ធ្វើដំណើរ​និង​ទី​៤.​ការជំរុញ​ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​អាស៊ាន តាមរយៈ​ការធ្វើ​ការផ្សព្វផ្សាយ​នៅ​ក្រៅប្រទេស​រួមគ្នា ការជំរុញ​ការហោះហើរ​ផ្ទៃក្នុង និង​ការសម្រួល​ការធ្វើដំណើរ​។​

​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ក៏​ត្រូវបាន​អញ្ជើញ​ឲ្យចូល​រួម​ការតាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​កម្ពុជា (CTM) ឆ្នាំ​២០១៩ និង​វេទិកា​វិនិយោគ​ទេសចរណ៍​លើក​ទី​២ ដោយ​ព្រឹត្តិការណ៍​ទាំងពីរ​នឹង​រៀបចំ ពេល​ជាមួយគ្នា​នៅ​រាជធានី​ភ្នំពេញ នា​ខែតុលា​ខាងមុខនេះ​៕


 

ព័ត៌មានផ្សេងទៀត