រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ​ស្នើឲ្យ​បញ្ជ្រាប​​ការអនុវត្ត​គម្រោ​ង​​ជំរុញ​ទីផ្សារ​​សម្រាប់​​កសិកម្ម​​ខ្នាតតូច​​

12-07-2019 10:44 am 221
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ បាន​លើកទឹកចិត្ត​អង្គភាព​គ្រប់គ្រង​គម្រោង និង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត សហការ​ពង្រឹង​ការងារ​អនុវត្តន៍ គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS) ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ដើម្បី​ទាក់ទាញ​ទំនុកចិត្ត​ពី​ដៃគូ​អភិវឌ្ឍន៍ និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាកសិករ​ក្រីក្រ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩ ដើម្បី​តាមដាន​វឌ្ឍនភាព​ន​គម្រោង AIMS ថ្ងៃទី​១១ កក្កដា លោក ប៉ាន សូរ​ស័ក្តិ បាន​បញ្ជាក់ថា ការអនុវត្ត​គម្រោង​នេះ គឺ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​សង្វាក់​តម្លៃ​ផលិតផល មានដូចជា ស្រូវ​, ដំឡូង​មី​, មាន់​ស្រែ​, បន្លែ និង​សូត្រ​ឆៅ ជាដើម ដោយ​ត​ភ្ជាប់​ផលិតកម្ម ជាមួយ​ទីផ្សារ​ទាំងអស់ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម សំដៅ​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។ 

​លោក​ប៉ាន សូរ​ស័ក្តិ បានស្នើ​មន្ទីរ​ពាណិជ្ជកម្ម​ទាំងអស់ បញ្ជ្រាប​ការងារ​គម្រោង AIMS ទៅក្នុង​ការងារ​ស្នូល​ប្រចាំថ្ងៃ សម្រាប់ឲ្យ​មន្ត្រី​រៀនសូត្រ និង​ដកស្រង់​បទពិសោធន៍​ថ្មីៗ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ជាតិ ជាមួយ​រដ្ឋាភិបាល ហើយ​ត្រូវ​បង្កើន​កិច្ចសហការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គម្រោង​ផ្សេងទៀត ដែល​គាំទ្រ​ដោយ​អង្គការ IFAD មានដូចជា​គម្រោង ASPIRE, គម្រោង SAAMBAT និង​គម្រោង​ដទៃទៀត​របស់​រដ្ឋាភិបាល ដែល​អាច​ផ្តល់​គុណប្រយោជន៍ និង​សក្តានុពល​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។​

​សូមជម្រាបថា AIMS គឺជា​គម្រោង​ដ៏​ធំ​មួយ របស់​ក្រសួងពាណិជ្ជកម្ម ក្រោម​ហិរញ្ញប្បទាន​កម្ចី​របស់​អង្គការ IFAD ប្រមាណ​៣៦.៣ លាន​ដុល្លារ​អាមេរិក រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​។ គម្រោង​នេះ មាន​វិសាលភាព​គ្របដណ្ដប់​លើ​ខេត្ត​សក្តានុពល​ចំនួន ១៨​ទូទាំងប្រទេស ដែលមាន​ប្រជាកសិករ​ប្រមាណ​៦​ម៉ឺន​គ្រួសារ ហើយ​ត្រូវបាន​អនុវត្តន៍​ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំ​២០១៧ រហូតមកដល់​បច្ចុប្បន្ន​៕

 ពាក្យគន្លឹះ  ក្រសួងពាណិជ្ជកម្ម

ព័ត៌មានផ្សេងទៀត