លោក​ហ៊ុន សែន បញ្ជា​ឲ្យ​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ផ្ទុះ​ជំងឺបេស្ត​ជ្រូក​អាហ្វ្រិក​

12-07-2019 9:53 am 425

​ក្រោយ​ការផ្ទុះ​រីក​រាលដាល ជំងឺបេស្ត​ជ្រូក​អាហ្វ្រិក ចូលមក​ដល់​ប្រទេស​កម្ពុជា បង្ក​ឲ្យ​សត្វ​ជ្រូក​រាប់ពាន់​ក្បាល បានងាប់ជា​បន្តបន្ទាប់​នោះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានដាក់​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចុះ​ពិនិត្យ​ផ្ទាល់ ដល់​ទីតាំង​ដែល​កំពុង​កើត​មាន​ជំងឺបេស្ត​ជ្រូក​នេះ ដើម្បី​ចាត់វិធានការ ឲ្យទាន់​ពេលវេលា​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ ត្រូវ​ចុះ​ពិនិត្យ​ដល់​ទីតាំង​ដែល​កំពុង​កើតមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដើម្បី​ចាត់វិធានការ​ឱ្យបាន​ទាន់ពេលវេលា​។​
​ការណែនាំ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា​នេះ​។​

​លោក ផៃ ស៊ីផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បញ្ជាក់​ឲ្យដឹង​យ៉ាង​ដូច្នេះ​ថា «​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍​ណែនាំ​ដល់​បណ្ដា​ខេត្ត ដែល​មាន​ការ​ផ្ទុះឡើង​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក សូម​ចុះ​ពិនិត្យ​តាមដាន​ដល់​ទីតាំង​ផ្ទាល់ ដើម្បី​ចាត់វិធានការ​បាន​ទាន់ពេលវេលា​»​។​ ​មកដល់ពេលនេះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​កើតមាន​នៅ​ខេត្ត​ចំនួន​៥​ហើយ​របស់​កម្ពុជា រួមមាន​៖ រតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​កណ្តាល​។ ជ្រូក​ជាង​២​ពាន់​ក្បាល​ហើយ​ត្រូវបាន​សម្លាប់ និង​ងាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។​

​ក្រោយពី​មាន​ការ​ផ្ទុះឡើង​នូវ​ជំងឺ​នេះ ក្រសួង​កសិកម្ម​បាន​ចេញ​សារាចរ​ណែនាំ ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏ដូចជា​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស និង​បណ្តា​ខេត្ត​ជាប់​ព្រំដែន ត្រូវតែ​មាន​ការទទួល​ខុសត្រូវ​ខ្ពស់ ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ និង​អនុវត្ត​វិធានការ​ឲ្យបាន​ជា​ក់​លាក់ និង​ម៉ត់ចត់​។​

​លោក​តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានលើកឡើង នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​«​បញ្ហា​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​» កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា​ថា កន្លងមក​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បានបញ្ជាក់​ថា ប្រសិនបើ​មាន​ការណែនាំ​ហើយ តែ​មន្ត្រី​ទាំងនោះ​នៅ​តែ​បើក​ឲ្យមាន​ការនាំចូល​ជ្រូ​កពីប្រទេស​ជិតខាង ដោយ​មិន​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ នឹង​ត្រូវ​ដកចេញ​ពី​តំណែង​៕


ព័ត៌មានផ្សេងទៀត