របួស​៣៥​​នាក់​​ដោយសារ​​យន្ដហោះ​​ដឹក​អ្នកដំណើរ​​កាណាដា​​រញ្ជួយពេល​​កំពុង​​ហោះហើរ​

12-07-2019 9:15 am 937
រូបភាព​យន្ដហោះ​​​ដែលជួប​បញ្ហា

​មនុស្ស​យ៉ាងតិចណាស់​៣៥​នាក់​រងរបួស​ស្រាល បន្ទាប់ពី​យន្ដហោះ​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​អាកាសចរណ៍​កាណាដា ជួប​បញ្ហា​រញ្ជួយ​ខ្លាំង​ពេល​កំពុង​ហោះហើរ​។ យន្ដហោះ​ប្រភេទ​Boeing 777-200​ផ្ទុក​មនុស្ស​២៨៤​នាក់ ធ្វើដំណើរ​ចេញពី​ទីក្រុង​វ៉ាន់​ខូវ័រ​(Vancouver)​ប្រទេស​កាណាដា ឆ្ពោះទៅ​ទីក្រុង​ស៊ីដនី​(Sydney)​ប្រទេស​អូស្ដ្រាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្ដែ​បាន​បង្វែរ​ទិសដៅ​ទៅ​ចុះចត​នៅ​អាកាសយានដ្ឋាន​លើ​កោះ​ហា​វ៉ៃ​ជាបន្ទាន់​។ ការ​បង្វែរ​ទិសដៅ​ចុះចត​ក្រោយ​យន្ដហោះ​ញ័រ​និង​រញ្ជួយ​យ៉ាងខ្លាំង ធ្វើឲ្យ​អ្នកដំណើរ​មួយចំនួនប៉ើង​ទៅ​បុកក្បាល​នឹង​ពិដានយន្ដហោះ​។ 

​បាតុភូត​នេះ​គេ​ហៅថា​Clear Air Turbulence កើតឡើង​នៅពេល​យន្ដហោះ​បើកបរ​ឆ្លងកាត់​បរិយាកាស​ដែលមាន​សម្ពាធ​ខ្យល់​ខុស​ប្រក្រតី​។ បរិយាកាស​ដែល​បង្កឲ្យមាន​បាតុភូត​នេះ មិនអាច​មើល​ឃើញនឹងភ្នែក​ឬ​ប្រព័ន្ធ​រ៉ា​ដា​បានឡើយ ហើយក៏​មិនអាច​ដឹង​មុន​បានដែរ ប៉ុន្ដែ​យន្ដហោះ​កម្រ​នឹង​ជួប​បាតុភូត​ដូច្នេះ​ណាស់​។ យ៉ាងណាមិញ​ចំពោះ​អ្នកដំណើរ​នៅលើ​យន្ដហោះ​គ្មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ ហើយ​ពួកគេ​តម្រូវឲ្យ​ស្នាក់នៅ​ក្នុង​សណ្ឋាគារលើ​ហោះហា​វ៉ៃ រហូតដល់​ជើងហោះហើរ​ថ្មី​រៀបចំ​រួចរាល់​៕

ព័ត៌មានផ្សេងទៀត