ការ​​រា​ដា​ល​​«​ជំងឺ​ប៉េស្ត​ជ្រូក​»​​អាច​មក​ពី​ធូររលុង​​ច្រក​ព្រំដែន​​ឬ​?​

12-07-2019 8:32 am 168
ពលរដ្ឋដឹកជ្រូក។រូបភាពចាស់

​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ឆ្លង​រាលដាល​ដល់​ខេត្ត​ចំនួន​២​ទៀត​នៅ​កម្ពុជា គឺ​ខេត្តស្វាយរៀង និង ខេត្ត តាកែវ ជា​ខេត្ត​នៅជាប់​ព្រំដែន​ប្រទេស​វៀតណាម​។ ពលរដ្ឋ​អ្នករកស៊ី​ចិញ្ចឹម​ជ្រូក​មួយចំនួន កំពុង​បារម្ភ​ពី​ផលប៉ះពាល់​ដល់​មុខ​របប​របស់​ពួកគេ ខណៈដែល​ជ្រូក​ប្រមាណ ២២០០ ក្បាល ត្រូវបាន​គេ​រាយការណ៍​ថា បាន​សម្លាប់ចោល និង ងាប់ ដោយសារ​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​។ ការរីក​រា​ដាល មតិ​ខ្លះ​យល់ថា អាច   បណ្តាលមកពី​ភាព​ធូររលុង​របស់​អាជ្ញាធ​រ​នៅតាម​ច្រកព្រំដែន ច្រករបៀង និង កង្វះ​ភាព​សហការគ្នា​ក្នុង​ការទប់ស្កាត់ ទើប​បង្ក​ឱ្យ​ជំងឺ​នេះ​វាយលុក​ចូល​កម្ពុជា​យ៉ាង​ដូច្នេះ​។​

​មកទល់នឹង​ពេលនេះ ជំងឺប៉េស្ត​ជ្រូក បាន​ឆ្លង​រីក​រាលដាល​ដល់​ខេត្ត​ចំនួន ៤ នៅ​កម្ពុជា ហើយ​សុទ្ធសឹងតែ​ជា​ខេត្ត​នៅជាប់​ព្រំដែន​នៃ​ប្រទេស​វៀតណាម​។​ខេត្ត​ទាំងនោះ​រួមមាន ខេត្ត​រតនគិរី ខេត្ត​ត្បូងឃ្មុំ ខេត្តតាកែវ និង ខេត្ត​ស្វាយរៀង​។​គិត​ត្រឹម​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៩​នេះ យ៉ាងហោចណាស់​មាន​ជ្រូក​ប្រមាណ ២២០០ ក្បាល បាន​សម្លាប់ចោល និង ងាប់ ដោយសារ​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក បន្ទាប់ពី​ជំងឺ​នេះ បាន​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស កាលពី​ថ្ងៃទី​២២ មីនា នៅក្នុង​ខេត្ត​រន​ត​គី​រី​។​

​ជា​ការពិត វត្តមាន ជំងឺប៉េស្ត​ជ្រូក ចង់​មិន​ចង់ វា​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គម និង បង្ក​ឱ្យ​ខាតបង់​ថវិកា​យ៉ាងធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ដែល​មានមុខ​របប​ចិញ្ចឹមសត្វ​ជ្រូក​ជា​លក្ខណៈ​គ្រួសារ និង កសិដ្ឋាន​។ តម្លៃ​សាច់ជ្រូក ត្រូវបាន​គេ​បារម្ភ​ថា អាច​នឹង​ឡើងថ្លៃ​នៅ​ពេលខាងមុខ និង បង្ក​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ជាដើម​។​ជាក់ស្តែង ដូច​នៅក្នុង​ប្រទេស​វៀតណាម​បច្ចុប្បន្ន ជំងឺប៉េស្ត​ជ្រូក បាន​រាលដាល​ដល់​២៩​ខេត្ត​នៃ​ប្រទេស ធ្វើឱ្យ​ប្រទេសក្បែ​ខាង​កម្ពុជា​មួយនេះ បាត់បង់​ចំណូល​សេដ្ឋកិច្ច​ជិត​២​រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​សម្រាប់​នៅ​កម្ពុជា វត្តមាន​ជំងឺប៉េស្ត​ជ្រូក បាន​ផ្ទុះឡើង​នៅតាម​បណ្តាល​ខេត្ត​ដែល​ជាប់​ព្រំដែន​កម្ពុជា វៀតណាម​។ មូលហេតុ​នៃ​ការផ្ទុះ​ហើយ​ឆ្លង​រាលដាល​ពី​ប្រទេស​វៀតណាម ត្រូវបាន​គេ​សង្ស័យថា អាចមាន​ជន​ឆ្លៀតឱកាស​មួយចំនួន​ដែល​គិតពី​ផលចំណេញ​ផ្ទាល់ខ្លួន បូកផ្សុំ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​តាម​ព្រំដែន​ខ្លះ លួ​យ​ប្រព្រឹត្ត​អំពើពុករលួយ ជា​ថ្នូរ​បណ្ដោយឱ្យ​ពាណិជ្ជករ​នាំ​ជ្រួក​ចូល​កម្ពុជា តាម​ច្រករបៀង​មួយចំនួន ជាពិសេស​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

​ម្លោះ​ហើយ​បានជា​ពេល​ថ្មីៗ​នេះ មន្ត្រី​ការិយាល័យ​សុខភាព​សត្វ និង ផលិតកម្ម​សត្វ​មួយរូប នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ដក​ចេញពី​តំណែង ដោយសារ​មិនបាន​សហការ​ពេញលេញ ក្នុង​ការទប់ស្កាត់​ការឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏បាន​ព្រមាន​ចាត់វិធានការ​ទៅលើ​មន្ត្រី​ពេទ្យសត្វ​ណា​ដែល​អសកម្ម​ក្នុង​ការទប់ស្កាត់​ជំងឺ​នេះ​។​

​ក្រសួង​បានចេញ​វិធានការ​បញ្ជា​ឱ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង ផលិតកម្ម​សត្វ​ន ត្រូវ​ចាត់វិធានការ​បន្ទាន់​នៅ​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដោយ​អនុវត្តតាម​វិធាន​ដូចជា បំផ្លាញចោល​ចំពោះ​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅតាម​វិធានការ​បសុព្យាបាល​។​ត្រូវ​សិក្សា ស្រាវជ្រាវ​ពី​ប្រភព​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិក និង​ត្រួតពិនិត្យ​ឃ្លាំមើល​ចលនា​សត្វ​ជ្រូក និង ផលិតផល មានកំណើត​សត្វ​ជ្រូក​ជាប្រចាំ​។​

​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក ជា​ជំងឺ​កាច​សាហាវ​មួយ​អាច​បណ្ដាលឱ្យ​សត្វ​ជ្រូក​ឈឺ​ងាប់​យ៉ាង​ឆាប់រហ័ស ដោយមាន​អត្រា​ខ្ពស់​រហូតដល់​១០០​ភាគរយ​។​ប៉ុន្តែ​ជំងឺ​នេះ មិន​បង្កឱ្យមាន​ផលប៉ះពាល់​ដល់ សុខភាព ឬ​ហានិភ័យ​ដល់​មនុស្ស​ទេ​។​

​ដូច្នេះ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ឆ្លង ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក កាន់តែខ្លាំង​នៅ​កម្ពុជា និង ជៀសវាង​ការខាតបង់​នៅ​ពេលខាងមុខ សមត្ថកិច្ច​ដែល​ពាក់​ពន្ធ ជាពិសេស អភិបាលខេត្ត​នីមួយៗ គួរតែ​ប្រឹង​ប្រែ​បន្ថែម​ក្នុង​ការយកចិត្តទុកដាក់​លើ​ការការពារ ការ​រាលដាល​ជំងឺប៉េស្ដ​ជ្រូក​នៅតាម​តំបន់​របស់ខ្លួន​ជា​ចាំបាច់​។​ប្រសិនបើ​មិន​ខិតខំ​ប្រឹងប្រែង​បន្ថែម​នោះទេ  ជំងឺ​នេះ​នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​ប្រជាជន​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឯង​តែម្តង​។​

​ម្ប៉ាង​វិញ​ទៀត អាជ្ញាធរ​ពាក់ព័ន្ធ គួរ​បង្កើន​កិច្ចសហការ​គ្នា​បន្ថែមទៀត ដើម្បី​រឹង​បន្តឹង​ចំពោះ​ការនាំ​ចូល​ជ្រូក​មកពី​ប្រទេសជិតខាង​កម្ពុជា មិនថាតែ​ការនាំ​នោះ ជា​លក្ខណៈ​ទ្រុងទ្រាយ​តូចតាច ឬ​ធំក្តី ជាពិសេស​នៅតាម​ច្រកព្រំដែន ឬ​ច្រករបៀង​នានា​របស់​កម្ពុជា​។​គួរ​បោសសំអាត​ឱ្យ​ស្អាត​ល្អ ចំពោះ​មន្ត្រី​ណា​ដែល​ខិលខូច​លួច​យក​តួនាទី និង​អំណាច ដើម្បី​មក​សម្រួល​ឱ្យមាន​ការនាំ​ចូល​ជ្រូក​ដោយ​ខុសច្បាប់ ក្រោមរូបភាព​ពុករលួយ​។​ព្រោះថា អំពើ​នេះ​វា​ជា​កំហុស​ខុសច្បាប់​ដ៏​ធ្ងន់ធ្ងរ ចំពោះ​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង និង សង្គមជាតិ​ទាំងមូល​៕

 

ព័ត៌មានផ្សេងទៀត