លោក​ស ខេង​៖ មកទល់​ពេល​នេះ​កម្ពុជា​រឹបអូស​លុយ​ខុស​ច្បាប់​បាន​ប្រមាណ​$៧,៤​លាន​

11-07-2019 9:59 pm 557

​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​ពិធី​ទិវា​ប្រជាជន​ពិភពលោក  លើក​ទី​៣០ នៅ​រសៀល​ថ្ងៃ​ទី​១១ កក្កដា ថា មកទល់ពេលនេះ កម្ពុជា​បាន​រឹបអូស​លុយ​ខុស​ច្បាប់​បាន​ប្រមាណ ៧​លាន​៤​សែន​ដុល្លារ​អាមេរិក ...

​គិត​មក​ទល់​ពេល​នេះ លុយ​ខុស​ច្បាប់​ដែល​នាំ​ចូល​មក​កម្ពុជា ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​នៅ​តាម​ច្រក​អន្តរជាតិ មាន​ចំនួន ៧,៤ លាន​ដុល្លារ​អាមេរិក​ហើយ ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​ពិធី​ទិវា​ប្រជាជន​ពិភពលោក លើក​ទី​៣០ នា​រសៀល​ថ្ងៃ​ទី​១១ កក្កដា ។​

​លោក​រដ្ឋមន្ត្រី ស ខេង បញ្ជាក់ថា លុយ​ខុស​ច្បាប់​ទាំងនោះ ត្រូវបាន​តម្កល់​នៅ​ធនាគារ​បណ្តោះអាសន្ន ដើម្បី​ស្រាវជ្រាវ​រក​ប្រភពដើម​ថា​លុយ​នោះ មាន​ប្រភព​ត្រឹមត្រូវ​ឬ​មិន​ត្រឹមត្រូវ ចំណែកឯ​ជន​ដែល​នាំ​លុយ​ខុស​ច្បាប់​ទាំងនោះ​ចូលមក​កម្ពុជា ក៏​ត្រូវបាន​ឃុំខ្លួន​ដែរ ។​

​កាលពី​ល្ងាច​ថ្ងៃទី​៩ កក្កដា ជនជាតិ​ចិន​៣​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​រឹបអូស​លុយ​គ្មាន​ប្រភព​ច្បាស់លាស់ ចំនួន​៩០​ម៉ឺន​ដុល្លារ ខណៈ នៅ​ថ្ងៃ​ទី​៧ កក្កដា ជនជាតិ​កូរ៉េ​២​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដោយ​រឹបអូស​លុយ​បាន​ជាង​២​លាន​ដុល្លារ ។​

​ចំណែកឯ​នៅ​ដើមខែ​មិថុនា តុលាការ​កម្ពុជា​បាន​ឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ដឹក​លុយ​ជាង​៨៥​ម៉ឺន​ដុល្លារ ពី​ទីក្រុង​ហុងកុង​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់ ។ ម្យ៉ាងទៀត កាលពី​ថ្ងៃ​ទី​២៣ មេសា សមត្ថកិច្ច​ក៏​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​៣​នាក់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​រឹបអូស​លុយ​ខុសច្បាប់​ជាង​៣,៥​ដុល្លារ​អាមេរិក ។​

​លុយ​ខុស​ច្បាប់ ឬ​លុយ​គ្មាន​ប្រភព​ច្បាស់លាស់ ដែល​សមត្ថកិច្ច​កម្ពុជា​រឹបអូស​បាន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ភាគច្រើន ត្រូវបាន​នាំ​ចូល​ដោយ​ជនជាតិ​ចិន ពី​ទីក្រុង​ហុងកុង មក​កម្ពុជា ។ លោក​រដ្ឋមន្ត្រី ស ខេង បាន​អះអាង​ថា រយៈពេល​ចុងក្រោយ​នេះ ការនាំ​ចូល​លុយ​ខុស​ច្បាប់​មក​កម្ពុជា មាន​ច្រើន​ជាង​៥​ករណី ខណៈ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​ការស៊ើបអង្កេត និង​សុំ​កិច្ច​សហការ​ពី​ប្រទេស​ពាក់ព័ន្ធ ៕

 ពាក្យគន្លឹះ  លោកសខេងលុយខុសច្បាប់

ព័ត៌មានផ្សេងទៀត