សមត្ថកិច្ចចម្រុះបានចុះឆែកឆេរ ដកហូត និងបិទទីតាំងសហគ្រាសផលិត ចែកចាយ និងស្តុកទុកផលិតផលទឹកបរិសុទ្ធ ទឹកក្រូចក្លែងក្លាយ គ្មានគុណភាព នៅខេត្តកំពង់ធំមួយកន្លែង កាលពីថ្ងៃទី១០ កក្កដា ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមចាប់ខ្លួនម្ចាស់សហគ្រាសដែលកំពុងរត់គេចខ្លួន...
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅល្ងាចថ្ងៃទី១១ កក្កដាថា សហគ្រាសផលិតទឹកបរិសុទ្ធ និងទឹកក្រូច មានយីហោឈ្មោះ លឹម ភ័ណ្ឌ និងមានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រៃពន្លិច ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។
ក្រោយត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានរកឃើញផលិតផលភេសជ្ជទាំងនោះ ជាផលិតផលក្លែងក្លាយ និងគ្មានគុណភាពជាច្រើនមុខ, ការផលិតខុសបច្ចេកទេស និងគ្មានអនាម័យ ហើយផលិតផលទាំងនោះ មានលាយសារធាតុគីមី ជាច្រើនមុខ សម្រាប់លាយផ្សំក្នុងទឹកបរិសុទ្ធ និងទឹកក្រូច ។
ម្យ៉ាងទៀត សមត្ថកិច្ចក៏បានរកឃើញនូវចំណុចមិនប្រក្រតីចំនួន៦បន្ថែមទៀត ក្នុងនោះ រួមមាន មិនបានសុំច្បាប់ចុះបញ្ជីផលិតផល, នៅលើសម្បកវេចខ្ចប់ ដាក់អាសយដ្ឋានមិនពិតប្រាកដ, មិនមានវិញ្ញាបនបត្របញ្ជាក់គុណភាព, ប្រើប្រាស់សារធាតុគីមីលើសកម្រិតសម្រាប់ផលិតទឹកក្រូច, ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់, រក្សាទុកទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទ និងនៅលើសម្បកវេចខ្ចប់ទឹកសុទ្ធ មិនមានចុះបញ្ជី ។
ក្រោយពិនិត្យ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឱ្យសមត្ថកិច្ចចម្រុះ ដកហូតវត្ថុតាងមួយចំនួនទុកពិសោធន៍ ហើយសម្រេចបិទទីតាំងនោះជាបណ្តោះអាសន្ន ផ្អាកការចែកចាយ ព្រមទាំងចេញដីកាតាមចាប់ខ្លួនម្ចាស់សហគ្រាសដែលរត់គេច ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ៕