បញ្ជូន​ឧកញ៉ា​ស៊ឹង សំអុល និង​បក្ខពួក​៣​នាក់​ទៅ​តុលាការ​ក្នុង​ករណី​បទល្មើស​ព្រៃឈើ​

11-07-2019 8:00 pm 983

​នៅ​ទីបំផុត លោក​ឧកញ៉ា ស៊ឹង សំអុល ជា​ប្រធាន​ក្រុមហ៊ុន និង​បក្ខពួក​៣​នាក់​ផ្សេង​ទៀត ដែល​ត្រូវបាន​ចាប់ខ្លួន កាលពី​ពេល​ថ្មីៗ​នេះ ក្នុងករណី​បទល្មើស​ព្រៃឈើ នៅ​ខេត្ត​មណ្ឌលគិរី ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១១ កក្កដា...

​ឧកញ៉ា ស៊ឹង សំអុល និង​បក្សពួក​៣​នាក់​ទៀត ដែល​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ត្រូវបាន​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី ដើម្បី​បន្ត​នីតិវិធី នា​រសៀល​ថ្ងៃ​ទី​១១ កក្កដា ។ នេះ​បើ​តាម​ទំព័រ​ហ្វេ​សប៊ុ​កកងរាជអាវុធហ​ត្ថ នៅ​ល្ងាច​ថ្ងៃ​ដដែល ។​

​កាលពី​ថ្ងៃ​ទី​៩ កក្កដា កម្លាំង​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ខេត្ត​មណ្ឌលគិរី ដោយ​ចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំអុល ជា​ប្រធាន​ក្រុមហ៊ុន មេកា​២​នាក់ និង​អ្នកបើករថយន្ត​ម្នាក់ ព្រមទាំង​រឹបអូស​រថយន្ត​ជាង​៤០​គ្រឿង ។​

​ឧត្តមសេនីយ៍ត្រី អេង ហ៊ី ត្រូវបាន​ស្រង់​សម្តី​ដោយ​ទំព័រ​ហ្វេ​សប៊ុ​កកងរាជអាវុធហ​ត្ថ នៅ​ថ្ងៃ​ទី​១០ កក្កដា​ថា រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​៤​គ្រឿង ដែល​រកឃើញ​នៅក្នុង​ព្រៃ ស្ថិត​នៅក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ត្រូវបាន​បំផ្លាញ​ចោល​នៅនឹងកន្លែង ដោយ​ប្រើ​ម្សៅ TNT ។ 

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ រូបនេះ បញ្ជាក់​បន្តថា សម្រាប់​រថយន្ត​ល្មើស​ជាង​៤០​គ្រឿង ដែល​ត្រូវ​បាន​បង្ក្រាប​និង​រឹបអូស គឺ​ត្រូវ​រង់ចាំ​ការ​កាត់ចោល និង​បំផ្លាញចោល​នៅពេល​ក្រោយ ។​

​គូសបញ្ជាក់ថា ប្រតិបត្តិការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ឈាន​ដល់​ការចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំអុល ជា​ប្រធាន​ក្រុមហ៊ុន​នេះ ធ្វើឡើង​ក្រោយ​គណៈកម្មការ​ធិ​ការជា​តិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​រកឃើញថា កន្លងមក ទោះបីជា​មាន​ការផ្សព្វផ្សាយ​អប់រំ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​ក៏​ដោយ ក៏​នៅតែ​មាន​ករណី​លួច​បន្លំ​កាប់​ឈើ ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ដោយ​ខុសច្បាប់ តាម​គ្រប់​មធ្យោបាយ និង​គ្រប់​រូបភាព ។​

​សេចក្តីប្រកាស​ចុះ​ថ្ងៃទី​៨ កក្កដា របស់​គណៈកម្មការ​ធិ​ការជា​តិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ព្រមាន​ចាត់វិធានការ​តឹងរឹង ប្រឆាំង​ក្រុម​ជន​លួច​បន្លំ​កាប់ និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់ តាមរយៈ​ការដុត​បំផ្លាញ​ចោល​នូវ​មធ្យោបាយ​ជា​វត្ថុតាង នៃ​បទល្មើស​នៅនឹងកន្លែង ៕

ព័ត៌មានផ្សេងទៀត