ក្រសួង​សម្រេច​ផ្តល់​សិទ្ធិ​គ្រប់គ្រង​បទ​ចំនួន​៣០​ជូន​លោក​ឯល ប៊ុន​ណា​

11-07-2019 7:03 pm 562

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តាមរយៈ​សេចក្តីសម្រេច​លេខ​៦៩ ចុះ​ថ្ងៃ​ទី​១១ កក្កដា បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​ជូន​លោក ឯល ប៊ុន​ណា ចំនួន​៣០​បទ​ចម្រៀង ដែល​២៨​បទ គឺជា​ការ​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក​ផ្ទាល់ ចំណែក​២​ទៀត គឺជា​ប្រភេទ​បទ​សហកម្មសិទ្ធិ​អ្នកនិពន្ធ ។​

​បទ​ចម្រៀង​ចំនួន​ទាំង​២​បទ ដែល​ជា​សហកម្មសិទ្ធិ​អ្នកនិពន្ធ ឬ​សហ​អ្នកនិពន្ធ​នោះ រួមមាន បទ ម្លប់​ពោធិ៍​បាក់​ខែង និពន្ធ​បទ​ភ្លេង​ដោយ​លោក ឯល ប៊ុន​ណា និង​ទំនុកច្រៀង​ដោយ លោក ថាច់ ប៊ុន​រឿន និង​បទ ចម្រៀង​ស្នេហា និពន្ធ​បទ​ភ្លេង​ដោយ​លោក ឯល ប៊ុន​ណា និង​ទំនុកច្រៀង​ដោយ​លោក អ៊ុំ ដ​រ៉ា ។​

​ចំណែក​បទ​ចម្រៀង​ចំនួន​២៨​ដែល​លោក ឯល ប៊ុន​ណា និពន្ធ​ទាំង​ទំនុកច្រៀង​និង​បទ​ភ្លេង រួមមាន បទ ដំបៅ​ដួងចិត្ត​, បង​ស្រែកច្រៀង​ម្តេច​នាង​យំ​, អូន​កូន​លោក​ណា​, កុលាប​ព្រែកលាប​, ពេល​ភ្លៀង​នាង​ទៅ​ណា​, ណា​រី​នឹម​នួន​, ផ្កា​អើយ​ផ្កា​, ប៉ុន្មាន​ខែ​ទៀត​ទើប​បង​រៀបការ​, កុំ​នឹក​អូន​អី​, អស់​ផ្លូវ​ហើយ​បង​, ដឹងចិត្ត​អូន​ទេ​, ច្រឡំ​ហើយ​បង​, ស្រឡាញ់​បង​ទៅ​, ផ្សង​ជួប​គ្រប់​ជាតិ​, ទ្វី​ស​!​ទ្វី​ស​!​ខ្ញុំ​, គ្រូ​បង្កាត់​លេខ​១, ស្រណោះ​ភ្លៀង​, តារា​ខ្ញុំ​អើយ​, ស្រឯម​ស្រស់​ស្រី​, សំណាង​ខ្ញុំ​, កំលោះ​អាចារ្យ​, វេច​អន្សម​ភ្ជុំ​, ល្អ​ណាស់​ប្តី​ខ្ញុំ​, ស្តាយ​ខ្លួន​, ពុក​ខ្ញុំ​កាច​ណាស់​, រាត្រី​រាំវង់​, ម៉ែ​អូន​នៅផ្ទះ និង​បទ ឆ្នោត​មួយ​សន្លឹក ។​

​គូសបញ្ជាក់ថា គិត​មក​ទល់​ពេល​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានប្រគល់​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​គ្មាន​មរតកសាសន៍​ជូន​ដល់​ទាយាទ​អ្នកនិពន្ធ និង​អ្នកនិពន្ធ​ជំនាន់​ដើម​ដែល​រស់រាន បាន​ចំនួន​២០៣​បទ​ចម្រៀង ។​

​ក្រសួង​ក៏​បាន​អំពាវនាវ និង​សំណូមពរ​ដល់​បណ្តា​ទាយាទ​ដទៃទៀត ដែល​មាន​បំណង​ស្នើសុំ​គ្រប់គ្រង​សិទ្ធិ​នូវ​បទ​ចម្រៀង​គ្មាន​អ្នក​ទទួល​មរតក ឬ​គ្មាន​មរតក​សាសន៍ បន្ត​ខិតខំ​ស្វែងរក​ភស្តុតាង និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ នូវ​ស្នាដៃ​ជា​បទ​ចម្រៀង​ទាំងនោះ ដើម្បី​ដាក់​ស្នើសុំ​ក្រសួង​គ្រប់គ្រង ៕

ព័ត៌មានផ្សេងទៀត