រដ្ឋមន្ត្រី​កសិកម្ម​នឹង​ដក​មន្ត្រី​ដែល​មិន​ចូលរួម​ទប់ស្កាត់​ការនាំ​ចូល​ជ្រូក​ឈឺ​ពី​ប្រទេស​ជិតខាង​

11-07-2019 5:12 pm 367

​បច្ចុប្បន្ន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុងតែ​ផ្ទុះឡើង​នៅក្នុង​ខេត្ត​ចំនួន ៤​របស់​ប្រទេស​កម្ពុជា ដែល​រួមមាន​ខេត្ត​រតនគិរី ត្បូងឃ្មុំ ស្វាយរៀង និង​ខេត្ត​តាកែវ ។​

​ក្រោយពី​មាន​ការ​ផ្ទុះឡើង​នូវ​ជំងឺ​នេះ រហូត​បណ្តាល​ឲ្យ​ជ្រូក​ជាច្រើន​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​ចេញ​សារាចរ​ណែនាំ ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏ដូចជា​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស និង​បណ្តា​ខេត្ត​ជាប់​ព្រំដែន ត្រូវតែ​មាន​ការទទួល​ខុសត្រូវ​ខ្ពស់ ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ និង​អនុវត្ត​វិធានការ​ឲ្យបាន​ជា​ក់​លាក់ និង​ម៉ត់ចត់​។​

​ទាក់ទង​ទៅនឹង​ការដាក់ចេញ​នូវ​សារាចរ​ណែនាំ​ដល់​មន្ត្រី​អោយ​ចូលរួម​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះដែរ លោក​តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​«​បញ្ហា​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​»​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ថា​កន្លងមក​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​លើកឡើង​ថា ប្រសិនបើ​មាន​ការណែនាំ​ហើយ តែ​មន្ត្រី​ទាំងនោះ​នៅ​តែ​បើក​ឲ្យមាន​ការនាំចូល​ជ្រូ​កពីប្រទេស​ជិតខាង​ដោយ​មិន​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​នោះ​លោក​រដ្ឋមន្ត្រី​នឹង​ដក​ចេញពី​តំណែង​...

​សំឡេង​លោក​តាន់ ផាន់​ណា​រ៉ា​៖

​គួរ​កត់សម្គាល់​ដែរ​ថា បច្ចុប្បន្ននេះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កំពុង​បន្ត​ឆ្លង​រាលដាល​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​និង​ពិភពលោក​។​ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​ចាប់តាំងពី​តំបន់​ភាគ​ខាងជើង បន្ទាប់​មក​ដល់​ភាគ​កណ្តាល និង​ថ្មីៗ​នេះ​បាន​រាលដាល​ខ្លាំង​មកដល់​ខេត្ត​ជាច្រើន​នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម និង​ជា​ពិសេស​នៅតាម​បណ្តា​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​កម្ពុជា​ក្នុងនោះ​រួមមាន​៖​ខេត្ត​ដាក់​ណុង ជាប់​ខេត្តមណ្ឌលគិរី ខេត្ត​យ៉ា​ឡាយ  ជាប់​ខេត្តរតនគិរី ខេត្ត​ដុង​ថា​ប់ ជាប់​ខេត្តព្រៃវែង ខេត្ត​កៀន​យ៉ាង ជាប់​ខេត្តកំពត និង​ខេត្ត​អាន​យ៉ាង ជាប់​ខេត្តកំពត និង​កណ្តាល ដែល​នេះ​ជា​សញ្ញា​ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ធ្ងន់ធ្ងរ ដល់​កម្ពុជា​។​

​ដោយឡែក​បើ​តាម​ការបញ្ជាក់​ពី​លោក​នូ វ​និកា ប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​បសុព្យាបាល បាន​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដែរ​ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ គឺ​គ្មាន​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ការពារ​ទេ ចាប់តាំងពី​មាន​ការផ្ទុះ​ជា​លើកដំបូង​នៅ​ប្រទេសកេន​យ៉ា ទ្វីបអាហ្វ្រិក​តាំងពី​ឆ្នាំ​១៩០៧​មកម្ល៉េះ តែ​ជំងឺ​នេះ វា​មិន​បង្ក​ជា​បញ្ហា​ដល់​សុខភាព​មនុស្ស​នោះ​ទេ​។​
​សូម​បញ្ជាក់​ដែរ​ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ បាន​បន្ត​ឆ្លង​រាលដាល​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ដំបូង​កាលពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ខេត្ត​រតនគិរី ហើយ​មកដល់ពេលនេះ ក្រសួង​បាន​បំផ្លាញចោល ចំនួន ៧៩៨​ក្បាល និង​ជាង​២,០០០​ក្បាល​ទៀត បាន​ឈឺ​ងាប់​ដោយ​ខ្លួនឯង​៕ 

ព័ត៌មានផ្សេងទៀត