អាមេរិក​​អំពាវ​នាវ​​ឱ្យ​កម្ពុជា​​ស៊ើប​អង្កេត​​ដោយ​​តម្លាភាព​​លើការធ្វើ​ឃាត​​លោក​​កែម ឡី​​

11-07-2019 3:28 pm 898
លោក​បណ្ឌិត ​កែម ឡី​។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​១១ ខែកក្កដា​នេះ បាន​អំពាវនាវ​សារជាថ្មី ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការស៊ើបអង្កេត​ពេញលេញ ប្រកបដោយ​តម្លាភាព និង​គួរអោយ​ទុកចិត្ត ទៅលើ​ការធ្វើឃាត​លើ​លោក​បណ្ឌិត​កែម ឡី​។​ការអំពាវនាវ​នេះ ធ្វើឡើង​ក្រោយ​មួយថ្ងៃ​នៃ​ខួប​៣​ឆ្នាំ​នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​ល្បីឈ្មោះ​ផ្នែក​សង្គម និង នយោបាយ​នៅ​កម្ពុជា​។​

«​នៅ​ខួប​លើក​ទី ៣ នៃ​ការស្លាប់​របស់លោក រដ្ឋាភិបាល​សហរដ្ឋអាមេរិក សូម​អំពាវនាវ​សារជាថ្មី អោយ   រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការស៊ើបអង្កេត​ពេញលេញ ប្រកបដោយ​តម្លាភាព និង គួរអោយ​ទុកចិត្តបាន ទៅលើ​ការធ្វើឃាត​លើ​លោក កែម ឡី​»​។​នេះ​ជា​ការអំពាវនាវ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។​

​ស្ថានទូត​សហរដ្ឋអាមេរិក​ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា « យើង​ក៏​សូម​សម្តែង​ផងដែរ​នូវ​ស​មានទុក្ខ​សារជាថ្មី ដល់​គ្រួសារ​របស់លោក កែម ឡី ដែល​នៅ​កំពុង​រង់ចាំ ហើយ​នៅ​សង្ឃឹម​នៅឡើយ លើ​ការទទួលខុសត្រូវ​ពេញលេញ ចំពោះ​ការសម្លាប់​ដ៏​កំសាក និង​ដោយ​មិន​សម​ហេតុផល លើ​រូបលោក​»​។​

​ការអំពាវនាវ​ស្ថានទូត​សហរដ្ឋអាមេរិក  គឺធ្វើឡើង​ក្រោយ​មួយថ្ងៃ​នៃ​ខួប​៣​ឆ្នាំ​នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​ល្បីឈ្មោះ​ផ្នែក​សង្គម និង នយោបាយ​នៅ​កម្ពុជា​។​នៅ​ថ្ងៃទី​១០ កក្កដា ពលរដ្ឋ និង គណបក្សនយោបាយ​ដែល​ស្រឡាញ់ គោរព​លោក​បណ្ឌិត កែម ឡី បានធ្វើ​ពិធី​រម្លឹក​ខួប​នៃ​ការបាញ់សម្លាប់​នេះ​នៅ​ទីតាំង​ផ្សេងៗ​គ្នា​។ ប៉ុន្តែ​ការប្រមូលផ្តុំ​ពួកគេ ត្រូវបាន​រារាំង​ដោយ​កំលាំង​សន្តិសុខ​សណ្តាប់ធ្នាប់​របស់​សាលា​រាជធានី​ភ្នំពេញ​។​

​សូម​រំ​ឮ​ក​ថា លោក​បណ្ឌិត កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០​កក្កដា​ឆ្នាំ​២០១៦ នៅក្នុង​ហាង​ទំនិញ​មួយកន្លែង​ជិតស្តុប​បូកគោ​។ ក្រោយ​ឃាតកម្ម​កណ្តាល​ក្រុង​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ឈ្មោះ អឿ​ត អាង ហៅ​ខ្លួនឯង​ថា «​ជួប សម្លាប់​» ដោយ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​មួយជីវិត​។ តែ​កាលពី​ចុង​ខែមីនា ឆ្នាំ​២០១៧ តុលាការ​បានប្រកាស​បំបែកសំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​យកមក​កាត់ទោស​។​

​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា បច្ចុប្បន្ន​សំណុំរឿង​លោក​បណ្ឌិត កែម ឡី កំពុងស្ថិត​ក្នុងការ​ស៊ើបសួរ មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។ លោក​ស្នើ​សុំឱ្យ​ពលរដ្ឋ និង គណបក្សនយោបាយ​ដែល​ស្រឡាញ់ និង គោរព​លោក​បណ្ឌិត កែម ឡី មេត្តា​កុំ​ប្រើ​អារម្មណ៍​នៃ​ក្តីស្រឡាញ់ ទៅ​បំពាន​ច្បាប់ បង្ក​ជា​អសន្តិសុខ​ក្នុងសង្គម​ធ្វើឱ្យ​ជាប់​ទោសទណ្ឌ​ដល់​ខ្លួន​៕

 ពាក្យគន្លឹះ  បណ្ឌិតកែមឡី

ព័ត៌មានផ្សេងទៀត