កូរ៉េខាងជើង​៖​​កូរ៉េខាងត្បូង​​ទិញ​យន្ដហោះ​​ចម្បាំង​​ពី​អាមេរិក​​ជា​រឿង​គ្រោះថ្នាក់​​ខ្លាំង​

11-07-2019 3:14 pm 442

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​១១​កក្កដា​នេះ​ថា ការទិញ​យក​យន្ដហោះ​ចម្បាំង F-35​ពី​អាមេរិក​របស់​កូរ៉េខាងត្បូង នឹង​បង្ខំ​ឲ្យ​កូរ៉េខាងជើង​អភិវឌ្ឍ​និង​ធ្វើតេស្ដ​អាវុធ​ឡើងវិញ ដើម្បី​បំផ្លាញ​អាវុធ​ថ្មី​របស់​កូរ៉េខាងត្បូង​។ ទីភ្នាក់ងារ​សារព័ត៌មាន​KCNA​កូរ៉េខាងជើង​បាន​ចុះផ្សាយ​ថា ពិតជា​គួរឲ្យ​អាណិតអាសូ​រនិង​ជារឿង​អៀនខ្មាស់​ខ្លាំងណាស់ ដែល​អាជ្ញាធរ​កូរ៉េខាងត្បូង​និយាយ​ក្ដែងៗ​ពី​ការបង្រួបបង្រួម ការពង្រឹង​កិច្ចសហប្រតិបត្ដិកា​ររ​វាង​កូរ៉េខាងជើង​និង​ខាងត្បូង​ឡើងវិញ ប៉ុន្ដែ​ស្របពេល​ជាមួយគ្នា​កូរ៉េខាងត្បូង​បាន​ទៅ​ទិញ​សព្វាវុធ​ពី​អាមេរិក​ដូច្នេះ​។ 

​កូរ៉េខាងជើង​បន្ថែមថា គ្មានអ្វី​គួរឲ្យ​សង្ស័យ​ទៀត​ទេ​ការទិញ​យន្ដហោះ​ចម្បាំង​បំបាំង​កាយ​F-35A ដែល​គេ​ហៅថា​ជា​អាវុធ​ដ៏​សាហាវ​មិនអាច​មើលឃើញ​នោះ ក្នុង​គោលបំណង​ពង្រឹង​អំណាច​យោធា​ឲ្យ​លើ​ប្រទេស​ក្បែរ​ខាង​នៅក្នុង​តំបន់ ពិសេស​ជាការ​បើករបង​ចូលលុកលុយ​កូរ៉េខាងជើង ខណៈ​ឧបទ្វីប​កូរ៉េ​កំពុង​ស្ថិតក្នុង​ភាពអាសន្ន​។ កូរ៉េខាងជើង​សង្កត់ធ្ងន់ថា​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទេ មានតែ​ការអភិវឌ្ឍ​និង​ធ្វើតេស្ដ​អាវុធ​ទំនើបៗ ដើម្បី​អាច​បំផ្លាញ​អាវុធ​ដ៏​សាហាវ​របស់​កូរ៉េខាងត្បូង​បាន​។ ទីក្រុង​ព្យុងយ៉ាងផ្ដាំ​ទៅ​ទីក្រុង​សេអ៊ួល​គួរតែ​ភ្ញាក់រលឹក​មុន​យឺត​ពេល ហើយ​បំភ្លេចចោល​រូបភាព​បំភាន់​ភ្នែក​ដែលជា​ឱកាស​មួយ​សម្រាប់​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​អន្ដរ​កូរ៉េ បើ​មិន​ចង់​ដើរ​តាម​គន្លង​អាមេរិក​។​

​សូមបញ្ជាក់ថា កូរ៉េខាងត្បូង​ទទួលបាន​យន្ដហោះ​ចម្បាំង​F-35​ពីរ​គ្រឿង​ពី​អាមេរិក​ជា​លើកដំបូង​កាលពី​ខែ​មីនា ដោយមាន​ច្រើន​គ្រឿង​ទៀត​នឹង​មកដល់​ក្នុង​ឆ្នាំនេះ​។ កូរ៉េខាងត្បូង​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្ដហោះ​ចម្បាំង​F-35​ពី​អាមេរិក​រហូតដល់​៤០​គ្រឿង ដែល​សន្យា​នឹង​ប្រគល់ឲ្យអ​ស់​ត្រឹម​ឆ្នាំ​២០២១​។ 

​ចំពោះ​ការរិះគន់​របស់​កូរ៉េខាងជើង​ដែលថា កូរ៉េខាងត្បូង​ទិញ​យន្ដហោះ​ចម្បាំង​ពី​អាមេរិក​ជា​សកម្មភាព​បង្ក​គ្រោះថ្នាក់ ធ្វើឡើង​ស្របពេល​ទំនាក់ទំនង​អន្ដរ​កូរ៉េ​កំពុង​ជាប់គាំង​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន ទើបតែ​បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ នៅ​តំបន់​ព្រំដែន​កូរ៉េ​កាលពី​ខែមិថុនា ប៉ុន្ដែ​គ្មាន​សញ្ញា​ណាមួយ​បង្ហាញថា​ទំនាក់ទំនង​បាន​ល្អប្រសើរ​ឡើយ​៕

ព័ត៌មានផ្សេងទៀត