កម្ពុជា​-​អាមេរិក​បន្ត​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កាន់តែ​កើនឡើង​

11-07-2019 1:27 pm 238
  ស្តាប់
លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជាជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន
ស្តាប់ជាសំឡេង

​លោក​ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ដ្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន (US-ABC) ដឹកនាំ​ដោយ​លោក Alexander Feldman និង​លោក Michael Newbill ភារធារី នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។ ​លោក Alexander Feldman រួមជាមួយ​តំណាង​សាជីវកម្ម​ធំៗ​របស់​អាមេរិក មានដូចជា ConocoPhillips, Ford, General Electric (GE), Chevron, Coca-Cola, Facebook, Amazon Web Service, Oracle, Google, Master Card និង Visa Card សុទ្ធតែ​បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​កម្ពុជា និង​មានបំណង​បណ្តាក់ទុន​បន្ថែម ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។ ភាគី​អាមេរិក ក៏​បានលើកឡើង​ផងដែរ អំពី​ការអនុវត្ត​ស្តង់ដារ​រថយន្ត​អាស៊ាន​, នីតិវិធី​នាំចូល​សម្ភារ​បរិក្ខារ​ពេទ្យ និង​គ្រឿង​ម៉ាស៊ីន​សម្រាប់​បម្រើ​វិស័យ​អាកាសចរណ៍​, ការទប់ស្កាត់​សកម្មភាព​រត់ពន្ធ​ផលិតផល​កូកា​-​កូឡា​ឆ្លងដែន​, ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​។ 

​លោក​ប៉ាន សូរ​ស័ក្តិ​បាន​ស្វាគមន៍ ចំពោះ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន និង​បាន​គូសបញ្ជាក់​ពី​ប្តេជ្ញាចិត្ត​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការបន្ត​លើកស្ទួយ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ព្រមទាំង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដើម្បី​ទាក់ទាញ​ការវិនិយោគ​បន្ថែម​ពី​បរទេស​។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បាន​ប្រាប់​គណៈប្រតិភូ ពី​ភាព​ដឹកនាំ​របស់​ក្រសួង​ពាណិជ្ជកម្ម នៅក្នុង​ការចរចា​បង្កើត​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​អាស៊ាន និង​ដៃគូ រួមមាន អាស៊ាន +១, អាស៊ាន +៣ និង​អាស៊ាន +៦ ព្រមទាំង​កិច្ចប្រឹងប្រែង​លុបបំបាត់ របាំង​ពន្ធគយ និង​គោលនយោបាយ​គាំពារ​និយម​ជាដើម​។ 

​គួរ​កត់សំគាល់ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​អាមេរិក នៅតែមាន​លក្ខណៈ​វិជ្ជមាន មិនមាន​សញ្ញាណ​ថមថយ​ឡើយ ខណៈ​ភាគី​ទាំងពីរ​បានបង្ហាញ​ឆន្ទៈ ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ធុរកិច្ច និង​វិនិយោគ រាប់​ចាប់តាំងពី​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ រហូតដល់​សេវាកម្ម​បច្ចេកវិទ្យា និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។ យោងតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ឲ្យដឹងថា កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក សម្រេចបាន​៤.២៦៤​លាន​ដុល្លារ កើនឡើង​ប្រមាណ ២៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧​កន្លងទៅ​។ ទន្ទឹមនេះ គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​សរុប​នៃ​ប្រទេស​ទាំងពីរ សម្រេចបាន​ទឹកប្រាក់​១.៦៥៦​លាន​ដុល្លារ កើនឡើង ២៣.៧១​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៨៕


ព័ត៌មានផ្សេងទៀត