​អយ្យការ​សាលាដំបូង​ភ្នំពេញ​​សម្រេច​ចោទប្រកាន់​​គង់ រ៉ៃ​យ៉ាជា​ផ្លូវការ​​

11-07-2019 12:11 pm 3603

​លោក គង់ រ៉ៃ​យ៉ា ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្រោយពី​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទ​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ ហើយ​លោក គង់ រ៉ៃ​យ៉ា នឹង​ត្រូវបញ្ជូន​ទៅកាន់​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិវិធី​តុលាការ​។​

​លោក គង់ រ៉ៃ​យ៉ា និង​បក្ខពួក​៣​នាក់​ផ្សេងទៀត ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់​ពួកគេ​បាន​បោះពុម្ព​ទ្រឹស្ដី​របស់លោក កែម ឡី នៅលើ​អាវយឺត ដែល​សមត្ថកិច្ច​សង្ស័យ​ថា មាន​ខ្លឹមសារ​ញុះញង់​ដោយ​ភ្ជាប់​នឹង​ថ្ងៃ​មរណភាព លោក កែម ឡី ដើម្បី​វាយប្រហា​រលើ​រាជរដ្ឋាភិបាល​។ ក្រោយ​ឃាត់ខ្លួន​យកទៅ​សាកសួរ សមត្ថកិច្ច​បានសម្រេច​ឲ្យ​មនុស្ស ០៣​នាក់​ទៅផ្ទះ វិញ​ដោយ​ទុក​តែ​ជនសង្ស័យ​ឈ្មោះ គង់ រ៉ៃ​យ៉ា ម្នាក់​ប៉ុណ្ណោះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​។​

ក្រៅពី​យុវជន គង់ រ៉ៃ​យ៉ា នេះ សមត្ថកិច្ច​ក៏បាន​បញ្ជូន​យុវជនម្នាក់ទៀត​ឈ្មោះ សួង នាគព័ន្ធ ឡើង​តុលាការ បន្ទាប់ពី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១០ ខែកក្កដា ក្នុងពេលដែល​លោក​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ គម្រប់ខួប៣ឆ្នាំ នៃឃាតកម្មលើលោក កែម ឡី នៅ​ស្ថានីយប្រេងឥន្ធនៈ កាល់​តិច (Caltex) ជិតស្តុប​បូកគោ។​

​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស (CHRAC) បានចេញ​សេចក្តីថ្លែងការណ៍​ថា ការចាប់ខ្លួន​យុវជន គង់ រ៉ៃ​យ៉ា និង​យុវជន សួង នាគព័ន្ធ គឺជា​ការ​រំលោភសិទ្ធិ​បញ្ចេញមតិ​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ផ្អែក​តាម​គោលការណ៍​សកល​ស្តីពី​សិទ្ធិមនុស្ស គឺ​សកម្មភាព​របស់​ពួកគាត់​មិន​ខុសច្បាប់​អ្វី​ទេ ដូច្នេះ​ការចោទប្រកាន់​របស់​អាជ្ញាធរ គឺ​មិន​សម​ទំនង​ទាល់តែសោះ និង​ជាការ​រំលោភសិទ្ធិ​បញ្ចេញមតិ​ធ្ងន់ធ្ងរ​។ អង្គការ សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស ស្នើសុំ​ដោះលែង​យុវជន គង់ រ៉ៃ​យ៉ា និង​លោក សួង នាគព័ន្ធ ជា​បន្ទាន់ដោយ​ឥត​លក្ខខណ្ឌ និង​ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​គោរព​សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ជួបជុំ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ សម្រាប់​យុវជន គង់ រ៉ៃ​យ៉ា កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ លោក​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​១៨​ខែ ម្តង​រួចមកហើយ ដោយ​ចោទ​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយសារតែ​លោក បានប្រកាសឲ្យ​មហាជន​ចូលរួម​ធ្វើ​បដិវត្តន៍​ពណ៌​តាម​បណ្ដាញ​សង្គម Facebook ៕

 ពាក្យគន្លឹះ  លោកគង់រ៉ៃយ៉ា

ព័ត៌មានផ្សេងទៀត